ចិន​បរាជ័យ​ក្នុង​ការ​រារាំង​កិច្ច​ប្រជុំ UN លើ​រឿង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជា​ជាតិ ជួបប្រជុំ​ពិភាក្សាបញ្ហាសិទ្ធិ​មនុស្សនៅប្រទេស​កូរ៉េ​ខាងជើង (រូបភាពពីទីភ្នាក់ងារ​Channel News Asia)

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃនេះ បានជួបប្រជុំគ្នាដើម្បីពិភាក្សាបញ្ហាសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង ដោយមិនខ្វល់នឹងការជំទាស់ពីប្រទេសចិន រុស្ស៊ី និងប្រទេស ៣ទៀត ដែលបានព្យាយាមរារាំងកិច្ចប្រជុំនេះនោះឡើយ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

បើតាម AFP នេះគឺជាលើកទី ៣ហើយ ដែលក្រុងប៉េកាំងបរាជ័យក្នុងការបញ្ឈប់កិច្ចប្រជុំប្រចាំឆ្នាំ នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់តាំងពីគណៈកម្មការស៊ើបអង្កេតមួយរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៤ បានចោទទីក្រុងព្យុងយ៉ាងពីបទប្រព្រឹត្តអំពើឃោឃៅ ដែលមិនសាកសមទៅនឹងសម័យទំនើប។

ប្រទេសអង់ហ្កូឡា អេហ្ស៊ីប និងវេណេហ៊្សូអេឡា បានចូលរួមជាមួយចិន និងរុស្ស៊ី ក្នុងការបោះឆ្នោតជំទាស់នឹងកិច្ចប្រជុំបែបនេះ។ ប៉ុន្តែ ប្រទេស ៩ទៀត មានអង់គ្លេស បារាំង និងសហរដ្ឋអាមេរិក បានគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ប្រទេសមួយនេះ។ ចំណែកប្រទេសសេណេហ្កាល់ បានដកខ្លួនចេញពីការបោះឆ្នោតនោះ។

អគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក លីវ ជីយី បានលើកឡើងថា ក្រុមប្រឹក្សាមួយនេះ គួរតែផ្ដោតទៅលើការគំរាមកំហែងទៅសន្តិភាព និងសន្តិសុខពិភពលោក ដោយលោកថា ស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង មិនគួរត្រូវបានគេចាត់ទុកជាការគំរាមបែបនេះនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ