ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា មនុស្ស ៤ម៉ឺន ៥ពាន់នាក់ហើយ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីមួយដែលបានផ្ដាច់ជីវិតមនុស្សជាង ១០០នាក់ និងបន្សល់ទុកគំនរបាក់បែកនៅតាមសហគមន៍នានា នៅក្នុងខេត្តអាឆេ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី បានប្រាប់ AFP ថា មនុស្ស ៤៥៣០០នាក់ហើយ ត្រូវបានជម្លៀសចេញពីទីកន្លែងជាច្រើន គិតត្រឹមព្រឹកថ្ងៃម្សិលមិញនេះ ហើយចំនួនពលរដ្ឋបាត់បង់ផ្ទះសម្បែងនេះ បានកើនឡើងទ្វេដង បើធៀបទៅនឹងថ្ងៃសុក្រកន្លងមមកនេះ។
រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រនៅដើមសប្ដាហ៍នេះ បានកម្ទេចផ្ទះសម្បែង វិហារ និងអគារពាណិជ្ជកម្មជាច្រើន នៅទូទាំងខេត្តអាឆេ ជាខេត្តដែលធ្លាប់ទទួលរងគ្រោះយ៉ាងខ្លាំងក្លាបំផុតដោយសារតែរលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤កន្លងមក។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា មនុស្សជាង ៧០០នាក់ បានរងរបួស ក្នុងនោះភាគច្រើនរងរបួសធ្ងន់។
ភាគច្រើននៃពលរដ្ឋបាត់បង់ផ្ទះសម្បែងទាំងនោះ បានដេកនៅក្នុងតង់នៅជិតគំនរបាក់បែកនៃផ្ទះសម្បែងរបស់ពួកគេ ខណៈមនុស្សរាប់រយនាក់ មិនព្រមចាកចេញទៅកាន់ជម្រកសុវត្ថិភាពនោះឡើយ៕