គ្រោះមហន្តរាយ​ធម្មជាតិ​បណ្ដាល​ឱ្យ​មនុស្សស្លាប់​និង​របួស​ជិត​១០០នាក់ ក្នុង​រយៈពេល​៦ខែ​ដើម​ឆ្នាំ២០២២

ស្ថានភាពផ្ទះពលរដ្ឋអំឡុងពេលទឹកជំនន់ហក់ឡើងគួរឱ្យកត់សម្គាល់នៅតំបន់ស្ទឹងសង្កែ ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងបាត់ដំបង)

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ គ្រោះមហន្តរាយដោយធម្មជាតិទាក់ទងនឹងអាកាសធាតុបណ្ដាលឱ្យមនុស្សចំនួន៣៤​នាក់ស្លាប់ និង​៥៤នាក់​រងរបួសនៅកម្ពុជា។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានបញ្ជាក់ថា រយៈពេល៥ខែដើមឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុនៅកម្ពុជាមានការថយចុះពាក់កណ្ដាល ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពី៥ខែដើមឆ្នាំ២០២១។ ​​ដោយឡែក ក្នុងរយៈពេលមួយ​ខែមិថុនា ឆ្នាំ២០២២នេះវិញ ក៏មាន​គ្រោះមហន្តរាយដោយធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ និងការជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។

គណៈកម្មាធិការជាតិដដែលបានឱ្យដឹងថា សម្រាប់ពេល៥ខែដើមឆ្នាំនេះ ករណីខ្យល់កន្រ្តាក់កើតឡើងចំនួន៧៩លើក បណ្ដាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ចំនួន៥២៧ខ្នង មនុស្សស្លាប់២នាក់ របួស១៦នាក់ និងករណីរន្ទះបាញ់មនុស្សស្លាប់ចំនួន២២នាក់ មនុស្សរបួសចំនួន១៧នាក់ និងស្លាប់គោក្របីចំនួន៥៣ក្បាល។

តាមរបាយការណ៍របស់ គ.ជ.គ.ម បានឱ្យដឹងទៀតថា រយៈពេល១ខែមិថុនា ឆ្នាំ២០២២វិញ មានករណីគ្រោះធម្មជាតិរន្ទះបាញ់បានកើតឡើងចំនួន១៣លើក នៅមូលដ្ឋានខេត្តចំនួន៩ ដែលបណ្ដាលឱ្យមនុស្សស្លាប់១០នាក់ ក្នុងនោះមានស្រី៥ និងរបួស៩នាក់។ រីឯគោក្របី ១៦ក្បាលបានស្លាប់ផងដែរ។​ ក្នុងរយៈពេល១ខែនេះដែរ ក៏មានករណីខ្យល់កន្ត្រាក់ចំនួន៣១លើក នៅរាជធានី-ខេត្តចំនួន១៨ ដែលបណ្តាលឱ្យមានពលរដ្ឋរងរបួសចំនួន១២នាក់។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ តែងតែកើតមានរាល់ឆ្នាំ ទោះតិចឬច្រើន ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្ន ពិសេសក្នុងរដូវវស្សា។ បន្ថែមពីនេះ អ្វីដែលជាប្រការសំខាន់ គឺការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយបរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីដំណាច់ខែឧសភា មកដល់ដើមខែមិថុនា បណ្តាលឱ្យមានការជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជន ក្នុងរយៈពេលខ្លី​ និងបង្កឱ្យមានការប៉ះពាល់និងខូចខាតដំណាំស្រូវនិងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋមួយចំនួន។

ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ​បានលើកឡើងក្នុងរបាយការណ៍សង្ខេបនោះ ដោយអំពាវនាវជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យ​ត្រៀមលក្ខណៈនិងប្រុងប្រយ័ត្នក្នុងរដូវវស្សានេះ ដែលគ្រោះមហន្តរាយដោយធម្មជាតិអាចនឹងកើតមានជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ