ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាលពីថ្ងៃម្សិលមិញនេះ បានបណ្ដេញមន្ត្រីអន្តោប្រវេសន៍ ២រូប ចេញពីតំណែង ដោយសារប្រឈមមុខនឹងការចោទប្រកាន់ពីរឿងពុករលួយ ខណៈលោកបញ្ជាក់ឡើងវិញពីការប្ដេជ្ញាចិត្តរបស់លោក ចំពោះការកម្ចាត់អំពើពុករលួយក្នុងរដ្ឋាភិបាល។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
បើតាម Reuters មន្ត្រីទាំងពីររូបនោះ ត្រូវបានបណ្ដេញចេញតែប៉ុន្មានម៉ោងក្រោយពីលោក ឌូទើតេ វិលត្រឡប់ទៅដល់ទីក្រុង Davao បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរី។
មន្ត្រីទាំងពីររូបនោះ ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា បានទារលុយ ១លានដុល្លារពីជនជាតិចិន លោក ជែក ឡាំ ដែលជាប្រធានក្រុមហ៊ុន Jimei International ជាថ្នូរទៅនឹងការចុះបញ្ជីក្រុមហ៊ុនមួយនេះ។
ទោះជាយ៉ាងណា មន្ត្រីទាំងពីររូបនោះ បានបដិសេធការចោទប្រកាន់នេះ និងនិយាយថា ពួកគេគ្រាន់តែជាគោលដៅនៃការស៊ើបអង្កេតអំពើពុករលួយនៅក្នុងការិយាល័យអន្តោប្រវេសន៍តែប៉ុណ្ណោះ៕
លោក ឡាំ ដែលជាជនជាតិចិនមកពីតំបន់ល្បែងទីក្រុងម៉ាកាវ កំពុងប្រឈមមុខនឹងការចោទប្រកាន់ថាបានធ្វើឲ្យអន្តរាយដល់វិស័យសេដ្ឋកិច្ច និងសូកប៉ាន់មន្ត្រីនៅហ្វីលីពីន។ គេមិនដឹងថា លោក ឡាំ ស្ថិតនៅទីណានោះឡើយ។ មេធាវីលោក ឡាំ នៅក្នុងប្រទេសហ្វីលីពីន នាពេលកន្លងមក បានបដិសេធទៅនឹងការចោទប្រកាន់ទាំងឡាយទៅលើលោក ឡាំ៕