លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីល្ងាចថ្ងៃម្សិលមិញនេះ បន្តលើកឡើងពីសារសំខាន់នៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដោយថា លោកសប្បាយរីករាយដែលបានចូលរួមចំណែករំដោះប្រជាជនចេញពីរបប ប៉ុល ពត និងដឹកនាំប្រទេសចេញពីសង្គ្រាមទៅរកសន្តិភាព។
នៅលើទំព័រហ្វេសប៊ុករបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកឡើងវិញពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា កាលពីអតីតកាល ដោយលោកថា ប្រជាជនកម្ពុជាមិនត្រឹមតែគ្មានមធ្យោបាយធ្វើដំណើរ និងផ្លូវជួបការលំបាកប៉ុណ្ណោះទេ ប៉ុន្តែ ពលរដ្ឋកម្ពុជាក៏បានរងគ្រោះដោយសារការវាយប្រហារអំឡុងពេលធ្វើដំណើរផងដែរ។
លោកនាយករដ្ឋមន្ត្រី បានរំលឹករឿងរ៉ាវអតីតកាលឡើងវិញបែបនេះ អំឡុងពេលលោកធ្វើដំណើរទៅលម្ហែកម្សាន្តនៅខេត្តព្រះសីហនុ កាលពីថ្ងៃម្សិលមិញ ដោយបានឈប់សំចតនៅម្ដុំពេជ្រនិល។
ជារឿយៗ លោក ហ៊ុន សែន តែងតែក្រើនរំលឹកពីតម្លៃនៃសន្តិភាព និងបានព្រមានពីសង្គ្រាមផងដែរ ប្រសិនបើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតនាពេលខាងមុខ៕