លោក សម រង្ស៊ី ​ថាលោក ហ៊ុន សែន ព្យាយាម​រំលាយ​បក្ស​​ប្រឆាំង​ព្រោះ​ដឹង​ថា​ចាញ់

មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​របស់​លោក ដោយសារ​តែ​បក្ស​កាន់​អំណាចដឹងថាខ្លួន ​មិន​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ក្នុងកិច្ចប្រជុំសភាពេញអង្គ​ ដែល​មាន​តែ​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​ចូល​រួម ​កាល​ពី​ថ្ងៃទី​៣១ខែ​មករា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក សម រង្ស៊ី និង​ជំរុញ​ទៅ​រដ្ឋ​សភា ឲ្យ​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​រាំង​ខ្ទប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​រៀបរាប់​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។

លោក​បន្ត​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្យាយាម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិជាច្រើនដងដោយសារ​តែ​ដឹង​ថាមិន​អាច​ឈ្នះ​បក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់​គ្រង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​បាត់​បង់​អាសន្ន​ចំនួន ២២ ទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការបោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ