មេដឹកនាំបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី បានចាត់ទុកខ្លួនលោកថា នៅតែជានិមិត្តរូបនៃការប្រឆាំងនឹងរបបផ្ដាច់ការ និងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា បើទោះបីជាគណបក្សកាន់អំណាចគ្រោងកែប្រែច្បាប់បោះឆ្នោត ក្នុងបំណងរាំងខ្ទប់ផ្លូវនយោបាយលោកក៏ដោយ។
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានថ្លែងដូច្នេះ មួយថ្ងៃក្រោយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា សភានឹងប្រជុំធ្វើវិសោធនកម្មច្បាប់គណបក្សនៅដើមខែមេសាខាងមុខនេះ។
លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកលោកនៅថ្ងៃនេះថា គម្រោងកែប្រែច្បាប់នេះ នឹងធ្វើឲ្យប្រទេសកម្ពុជាមានប្រព័ន្ធឯកបក្ស ដូចសម័យកុម្មុយនីស្ត។
លោកបន្ថែមថា ការកែប្រែច្បាប់នេះ នឹងមិនមានឥទ្ធិពលលើឆាកនយោបាយកម្ពុជាទេ ហើយលោកថា រូបលោកនៅតែជានិមិត្តរូបនៃការប្រឆាំងរបបផ្ដាច់ការ និងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
គម្រោងកែប្រែច្បាប់គណបក្សនយោបាយ ត្រូវបានគ្រោងធ្វើឡើង បន្ទាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញទៅសភាឲ្យពិចារណាកែប្រែមាត្រាមួយចំនួនក្នុងច្បាប់នេះ ដែលនឹងរារាំងមេដឹកនាំបក្សនយោបាយមានទោស មិនឲ្យដឹកនាំគណបក្សនយោបាយនោះឡើយ៕