យោធាកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលបាលីស្ទីកចូលទៅក្នុងសមុទ្រភាគខាងកើតប្រទេស នៅព្រឹកថ្ងៃអាទិត្យនេះ ដែលនេះគឺការបាញ់សាកល្បងលើកដំបូងធ្វើឡើងដោយរដ្ឋឯកោមួយនេះ គិតចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាផ្លូវការ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការិយាល័យអគ្គបញ្ជាការកងទ័ពកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា គ្រាប់មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់មួយឈ្មោះថា ប៉ាងហ្យ៉ុន ស្ថិតនៅតំបន់ភាគខាងលិចកូរ៉េខាងជើង នៅមុនម៉ោង ៨ព្រឹក ម៉ោងនៅកូរ៉េខាងត្បូង ហើយគ្រាប់មីស៊ីលនោះហោះបានចម្ងាយប្រហែល ៥០០គីឡូម៉ែត្រ។
យោធាកូរ៉េខាងត្បូងបន្ថែមថា ការវាយតម្លៃបង្ហាញថា ការបាញ់គ្រាប់មីស៊ីលនោះ គឺជាផ្នែកមួយនៃការបង្ហាញកម្លាំងតបតទៅនឹងជំហរតឹងរឹងរបស់រដ្ឋបាលថ្មីរបស់អាមេរិក ប្រឆាំងនឹងរបបក្រុងព្យុងយ៉ាង។
យោធាកូរ៉េខាងត្បូងបញ្ជាក់ថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីងតោន កំពុងតែវិភាគលម្អិតអំពីការបាញ់គ្រាប់មីស៊ីលនេះ។
ចំណែកយោធាអាមេរិក ក៏បាននិយាយផងដែរថា ខ្លួនទទួលបានសញ្ញានៃការសាកល្បងគ្រាប់មីស៊ីលដែលបាញ់ដោយកូរ៉េខាងជើង ហើយអាមេរិកកំពុងតែវាយតម្លៃគ្រាប់មីស៊ីលនោះ៕