អាជ្ញាធរ​ប៉ាណាម៉ា​ចាប់​ខ្លួន​ស្ថាបនិក​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca

​ស្ថាបនិក​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca (រូបភាពពី​សារព័ត៌មាន​ Reuters)

ស្ថាបនិក​​ពីរ​រូប​នៃ​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca នៅ​ក្នុង​ប្រទេស​ប៉ាណាម៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​អ្នក​ទាំងពីរ​នោះ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​ថា បាន​លាង​លុយ​កខ្វក់ នៅ​ក្នុង​ករណី​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​រឿង​អាស្រូវ​ពុក​រលួយ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​យុត្តិធម៌​នៃ​ប្រទេស​ប៉ាណាម៉ា។

ស្ថាបនិក​ក្រុមហ៊ុន​ច្បាប់​មួយ​នេះ មាន លោក ចួរហ្គេន មូសាក់ និង​លោក រ៉ាម៉ន ហ្វុនសេកា ត្រូវ​បាន​សមត្ថកិច្ច​ឃុំ​ខ្លួន ដោយសារ​តែ​បារម្ភ​ថា ពួកគេ​អាច​ព្យាយាម​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស។

រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លោក ខេនៀ ព័រសេល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ព័ត៌មាន​ដែល​គេ​ប្រមូល​បាន បាន​បញ្ជាក់​ថា ក្រុមហ៊ុន​ច្បាប់​ប៉ាណាម៉ា​មួយ​នេះ គឺ​ជា​អង្គការ​ឧក្រិដ្ឋ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​លួច​លាក់​ទ្រព្យ​សម្បត្តិ ឬ​ក៏​លុយ​កាក់​បាន​មក​ពី​ប្រភព​គួរ​ឲ្យ​សង្ស័យ។

លោក ព័រសេល បាន​បន្ថែម​ថា ការ​ស៊ើប​អង្កេត​រយៈ​ពេល ១​ឆ្នាំ ដែល​ឈាន​ទៅ​ដល់​ចាប់​ខ្លួន​ស្ថាបនិក​ទាំង​ពីរ​នេះ បាន​ទទួល​ជំនួយ​ពី​រដ្ឋ​អាជ្ញា​នៅ​ប្រទេស​ប្រេស៊ីល ប៉េរូ អេក្វាទ័រ កូឡុំប៊ី ស្វីស និង​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន Mossack Fonseca ក៏​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ដែល​គេ​ស្គាល់​ថា Panama Papers។ Panama Papers មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឯកសារ​រាប់​លាន​ទំព័រ​ដែល​គេ​លួច​បាន​ពី​ក្រុមហ៊ុន​ខាង​លើ និង​ទម្លាយ​ទៅ​សារព័ត៌មាន​នានា កាល​ពី​ខែ​មេសា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ