ម៉ាឡេស៊ី​នឹង​ចេញ​ដី​កា​ចាប់​ខ្លួន​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​ម្នាក់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក គីម ជុងណាម

ការតាមចាប់ខ្លួនលេខាទីពីរប្រចាំស្ថានទូតកូរ៉េខាងជើង (រូបភាពពី​សារព័ត៌មាន Reuters)

ប្រទេស​​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ចេញ​ដីកា​ចាប់​ខ្លួន​អ្នក​កាទូត​កូរ៉េ​ខាង​ជើង​ម្នាក់ យក​មក​សួរ​ចម្លើយ ជុំ​វិញ​ករណី​ឃាតកម្ម​លើ​លោក គីម ជុងណាម ប្រសិន​បើ​អ្នក​កាទូត​រូប​នេះ មិន​សហការ​ជាមួយ​ប៉ូលិស​ដោយ​ស្ម័គ្រ​ចិត្ត​ទេ​នោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ដើម​សប្ដាហ៍​នេះ ប្រទេស​ម៉ាឡេស៊ី​និយាយ​ថា លោក យ៉ុន ក្វាងសុង អាយុ ៤៤​ឆ្នាំ ជា​លេខាទីពីរ​ប្រចាំ​ស្ថានទូត​កូរ៉េ​ខាង​ជើង​នៅ​ទីក្រុង​គួឡាឡំពួរ ស្ថិត​នៅ​ក្រោម​​ការ​តាម​ចាប់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ ជុំ​វិញ​ឃាតកម្ម​ទៅ​លើ​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន។

មេ​ប៉ូលិស​រដ្ឋ​​សេឡាំងហ្គ័រ លោក អាប់ឌុល សាម៉ាហ៍ម៉ាត់ បាន​និយាយ​ថា ពេល​វេលា​សម​គួរ​មួយ ត្រូវ​បាន​គេ​ផ្ដល់​ទៅ​អ្នក​កាទូត​រូប​នោះ​ ឲ្យចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​មុខ​ប៉ូលិស មុន​នឹង​គេ​ចាត់​វិធានការ​បន្ថែម​ទៀត។

លោក សាម៉ាហ៍ បាន​និយាយ​ថា ប្រសិន​បើ​បុគ្គល​ជាប់​ពាក់​ព័ន្ធ មិន​សហការ​ជាមួយ​ទេ ប៉ូលិស​នឹង​ចេញ​សេចក្ដី​ជូន​ដំណឹង​ទៅ​តាម​ច្បាប់​របស់​ម៉ាឡេស៊ី បង្ខំ​ឲ្យ​ពួកគេ​បង្ហាញ​ខ្លួន​នៅ​មុខ​ក្រុម​មន្ត្រី​ស៊ើប​អង្កេត។

មេ​ប៉ូលិស​រូប​នេះ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ប្រសិន​បើ​អ្នក​កាទូត​រូប​នេះមិន​បង្ហាញ​ខ្លួន​តាម​សេចក្ដី​ជូន​ដំណឹង​ទេ ប៉ូលិស​នឹង​អនុវត្ត​តាម​ជំហ៊ាន​បន្ទាប់ តាម​រយៈ​ការស្នើ​សុំ​​ដីកា​ចាប់​ខ្លួន​ពី​តុលាការ។

ទោះជាយ៉ាងណា គេ​មិន​ច្បាស់​ថា តើ​មន្ត្រី​កាទូត​រូប​នេះ អាច​ត្រូវ​ឃុំ​ខ្លួន​ឬ​យ៉ាង​ណា បន្ទាប់​ពី​ប៉ូលិស​និយាយ​ថា មន្ត្រី​កូរ៉េ​ខាង​ជើង​រូប​នោះ មាន​បុព្វសិទ្ធិ​កាទូត។

ជន​ជាតិ​កូរ៉េ​ខាង​ជើង ៨​នាក់ កំពុង​ស្ថិត​ក្រោម​ការ​តាម​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​ករណី​នេះ ក្នុង​នោះ​មាន​ទាំង​អ្នក​កាទូត​ម្នាក់។ ជន​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ឃុំ​ខ្លួន​ហើយ ចំណែក ៤​នាក់​ទៀត ត្រូវ​បាន​គេ​ជឿ​ថា បាន​រត់​គេច​ខ្លួន​ទៅ​កូរ៉េ​ខាង​ជើង​វិញ ខណៈ ២​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ