ម៉ាឡេស៊ី​ច្រាន​ចោល​ការ​ចោទ​ថា ខ្លួន​ល្មើស​នឹង​ទណ្ឌកម្ម UN ដាក់​លើ​កូរ៉េ​ខាង​ជើង

ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃ​នេះ បាន​ច្រាន​ចោល​នូវ​ការ​ចោទ​ប្រកាន់​ថា ខ្លួន​បាន​រំលោភ​លើ​ទណ្ឌកម្ម​នានា​ដែល​អង្គការ​សហ​ប្រជាជាតិ​ដាក់​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ក្រុមហ៊ុន​មាន​ទំនាក់​ទំនង​នឹង​កូរ៉េ​ខាង​ជើង កំពុង​ប្រតិបត្តិការ​បណ្ដាញ​ជួញដូរ​អាវុធ​មួយ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ក្រសួងការបរទេស​ម៉ាឡេស៊ី បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ម៉ាឡេស៊ី​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​បែប​នេះ។

ក្រសួង​ការបរទេស​ម៉ាឡេស៊ី​បន្ថែម​ថា ប្រទេស​នេះ​បាន​ឆ្លើយ​តប​តាម​លក្ខខណ្ឌ​តម្រូវ​ដែល​លើក​ឡើង​ដោយ​គណៈកម្មការ​ជំនាញ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាង​ជើង បាន​បើក​ក្រុមហ៊ុន​​ជួញ​ដូរ​អាវុធ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ហៅ​ថា Glocom និង​មាន​ក្រុមហ៊ុន ២​ទៀត មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជំនួញ​នេះ គឺ​ក្រុមហ៊ុន International Global System និង​ក្រុមហ៊ុន International Golden Services។

ទំនាក់​ទំនង​រវាង​ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ជើង បាន​ជាប់​គាំង​ក្រោយ​ពី​ការ​សម្លាប់​លោក គីម ជុងណាម បងប្រុស​ម្ដាយ​ទីទៃ​​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន នៅ​ព្រលាន​យន្តហោះ​ទីក្រុង​គួឡាឡំពួរ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​កន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ