ម៉ាឡេស៊ី​បណ្ដេញ​អគ្គរដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ចេញ​ពី​ប្រទេស​ជុំ​វិញ​ការ​ស្លាប់​លោក គីម ជុងណាម

លោក កាង ចុល អគ្គរដ្ឋទូតកូរ៉េខាងជើង​(រូបភាពពី​ទី​ភ្នាក់​ងារ​ AFP)

ប្រទេស​ម៉ាឡេស៊ី​បាន​សម្រេច​បណ្ដេញ​អគ្គ​រដ្ឋ​ទូត​កូរ៉េ​ខាង​ជើង​ចេញ​ពី​ប្រទេស​របស់​ខ្លួន ជុំ​វិញ​ការ​ស្លាប់​លោក គីម ជុងណាម បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុង​អ៊ុន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

រដ្ឋ​មន្ត្រី​ការបរទេស​ម៉ាឡេស៊ី លោក អានីហ្វាហ៍ អាម៉ាន់ កាល​ពី​ថ្ងៃ​ម្សិល​មិញ បាន​ប្រកាសថា គេ​រំពឹង​ថា លោក កាង ចុល នឹង​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​អំឡុង​ពេល ៤៨​ម៉ោង ចាប់​ម៉ោង ៦​ល្ងាច​ម្សិល​មិញ​នេះ។

យោង​តាម​ប្រមុខ​កាទូត​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា លោក កាង ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​កោះ​ហៅ​កាល​ពី​ម៉ោង ៦​ល្ងាច​ម្សិល​មិញ​នេះ ឲ្យ​ចូល​ទៅ​ក្រសួង​ការបរទេស​ម៉ាឡេស៊ី ប៉ុន្តែ លោក​មិន​បាន​បង្ហាញ​ខ្លួន​នោះ​ឡើយ។

លោក អានីហ្វាហ៍ ថ្លែង​ថា លោក កាង ត្រូវ​ជួប​ជាមួយមន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​នៅ​ល្ងាច​ម្សិល​មិញ​នេះ ប៉ុន្តែ ទាំង​លោក កាង និង​មន្ត្រី​ជាន់​ខ្ពស់​ស្ថានទូតកូរ៉េ​ខាង​ជើង មិន​បាន​បង្ហាញ​វត្តមាន​នោះ​ឡើយ។

លោក អានីហ្វាហ៍ បន្ថែម​ថា ក្រសួង​ក៏​បាន​សម្រេច​បញ្ជូន​កំណត់​ហេតុ​កាទូត​មួយ​ទៅ​ស្ថានទូត​កូរ៉េ​ខាង​ជើង ដោយ​បាន​ជូន​ដំណឹង​ស្ដី​ពី​ការ​បណ្ដេញ​ចេញ​នេះ។

ម៉ាឡេស៊ី​សម្រេច​បែប​នេះ បន្ទាប់​ពី​លោក កាង ចោទ​ប្រទេស​ម៉ាឡេស៊ី​ថា បាន​សម​គំនិត​គ្នា​នឹង​កូរ៉េ​ខាង​ត្បូង ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​កូរ៉េ​ខាង​ជើង ចំពោះ​ការ​ស្លាប់​របស់​លោក គីម ជុងណាម ហើយ​ថា ការ​ស៊ើប​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ទៅ​លើ​ករណី​ឃាតកម្ម​នេះ មាន​លក្ខណៈ​នយោបាយ និង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ