ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនជនសង្ស័យជាឧទ្ទាមបះបោរ ៩នាក់ នៅលើកោះស៊ូឡាវ៉េស៊ី នៅក្នុងប្រតិបត្តិការមួយដែលបានតាមប្រមាញ់ក្រុមបះបោរមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីរបស់អ្នកនាំពាក្យប៉ូលិសឥណ្ឌូនេស៊ី។
ខណៈដែលការស៊ើបអង្កេតកំពុងបន្ត អ្នកនាំពាក្យប៉ូលិស លោក Martinus Sitompul បានបដិសេធផ្ដល់ព័ត៌មានលម្អិត ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប៉ូលិសក៏រឹបអូសបានសម្ភារៈសម្រាប់ផលិតគ្រាប់បែកផងដែរ ដែលត្រូវបានគេប្រើសម្រាប់វាយប្រហារលើប៉ូលិស និងអគាររដ្ឋ។
ជនសង្ស័យទាំងនោះ គឺជាសមាជិកនៃចលនាមូចាហ៊ីឌីនឥណ្ឌូនេស៊ីទីម័រ ជាក្រុមមួយដែលគ្រប់គ្រងដោយជនឧទ្ទាម Santoso រហូតដល់ឆ្នាំមុន។ Santoso គឺជាឧទ្ទាមជនឥណ្ឌូនេស៊ីដំបូងគេ ដែលបានប្រកាសពីភក្តីភាពចំពោះក្រុមរដ្ឋឥស្លាម។
Santoso គឺជាមនុស្សម្នាក់ដែលអាជ្ញាធរឥណ្ឌូនេស៊ីតាមស្វែងរកចាប់ខ្លួនបំផុត មុនស្លាប់នៅក្នុងពេលប្រយុទ្ធតដៃជាមួយប៉ូលិស និងកម្លាំងយោធា កាលពីខែកក្កដាឆ្នាំមុន ហើយមន្ត្រីសន្តិសុខ ត្រូវគេប៉ាន់ប្រមាណថា នឹងទទួលរងការសងសឹកមកវិញ៕