មនុស្សដល់ទៅ ៥០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន អំឡុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរយៈពេល ១៧ថ្ងៃដំបូង នៃខែមីនានេះ។ នេះដោយយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលត្រូវបានផ្សាយនៅលើវេបសាយនគរបាលជាតិកម្ពុជា។
របាយការណ៍នោះ បានឲ្យដឹងថា បទល្មើសគ្រឿងញៀន ២២ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន ដោយឃាត់ខ្លួនមនុស្ស ៥០នាក់ ក្នុងនោះមនុស្ស ២២នាក់ មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧ ខែមីនានេះ។
គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃម្សិលមិញនេះ បទល្មើសគ្រឿងញៀនដល់ទៅ ២៤៦៥ករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅទូទាំងប្រទេស ដោយឃាត់ខ្លួនមនុស្សដល់ទៅ ៥៦២២នាក់ ក្នុងនោះមានស្ត្រី ៥៦៩នាក់៕