អាមេរិក​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើងជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ

គ្រាប់​មីស៊ីល​របស់​កូរ៉េខាង​ជើង​នា​ពេល​កន្លង​មក(រូបថតពីសារព័ត៌មាន​ Reuters)

ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃ​នេះ បាន​ដាក់​ទណ្ឌកម្ម​ទៅ​​លើ​ក្រុម​ជំនួញ ១១​ តំណាង​ឲ្យ​កូរ៉េ​ខាង​ជើង និង​ក្រុមហ៊ុន​ឧស្សាហកម្ម​មួយ ដែល​នេះ​គឺ​ជា​​ការ​ព្យាយាម​ឡោម​ព័ទ្ធ​សេដ្ឋកិច្ច​របស់​រដ្ឋ​ឯកោ​មួយ​នេះ ដែល​កំពុង​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រសួង​រតនាគារ​អាមេរិក បាន​និយាយ​ថា ក្រុម​មន្ត្រី​តំណាង​កូរ៉េ​ខាង​ជើង​ទាំង​នោះ ភាគច្រើន​ស្ថិតនៅ​ក្នុង​បណ្ដាក្រុមហ៊ុន​នានា​នៅ​ក្នុង​ប្រទេស​ចិន និង​រុស្ស៊ី ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ផ្នែ​​សម្ភារៈ បច្ចេកវិទ្យា និង​​ហិរញ្ញវត្ថុ​សម្រាប់​ឧស្សាហកម្ម​ការពារ​ជាតិ​របស់​កូរ៉េ​ខាង​ជើង។

ក្រុមហ៊ុន​មួយ​ដែល​ជាប់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នោះ គឺ​ក្រុមហ៊ុន Paeksol Trading Corporation មាន​មូលដ្ឋាន​នៅ​កូរ៉េ​ខាង​ជើង ដែល​ក្រសួង​រតនាគារ​អាមេរិក​និយាយ​ថា ក្រុមហ៊ុន​នេះរក​ស៊ី​ដូរ​ប្រាក់​សម្រាប់​ក្រុង​ព្យុងយ៉ាង តាម​រយៈ​ការ​ដោះដូរ និង​នាំ​ចេញ​រ៉ែ​ដែក និង​ធ្យូង​ថ្ម។

សហរដ្ឋ​អាមេរិក​ក៏​បាន​ស្វែង​រក​កិច្ច​សហការ​ពី​ចិន​ផង​ដែរ ដើម្បី​បង្ក្រាប​ការ​នាំ​ចូល​ធ្យូង​ថ្ម​របស់​ចិន​ពី​កូរ៉េ​ខាង​ជើង ប៉ុន្តែ ក្រសួង​រតនាគារ​អាមេរិក​និយាយ​ថា ក្រុមហ៊ុន Paeksol នៅ​តែ​បន្ត​នាំ​ចេញ​ធ្យូង​ថ្ម​តាម​រយៈ​ក្រុមហ៊ុន​នានា ស្ថិត​នៅ​ទីក្រុង​ Dalian ភាគ​ឦសាន​ប្រទេស​ចិន។

ទណ្ឌកម្ម​ថ្មី​នេះ បាន​ហាម​ឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់ មិន​ឲ្យ​ធ្វើ​ជំនួញ​ជាមួយ​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ជាប់​ក្នុង​បញ្ជី​ខ្មៅ ដើម្បី​ហ៊ុំ​ព័ទ្ធ​កូរ៉េ​ខាង​ជើង​កុំ​ឲ្យ​ចូល​ទៅ​ប្រើ​ប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ