មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ ហើយ ២នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ក្រោយការផ្ទុះឡចំហុយអ៊ុតខោអាវមួយ នៅក្នុងសង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃនេះ។
វេបសាយនគរបាលជាតិ បានផ្សាយថា បុរសជាសន្តិសុខម្នាក់ បានស្លាប់ ហើយស្ត្រីម្នាក់បានរងរបួសដាច់ជើងទាំងពីរ និងបុរសម្នាក់ទៀត បានរងរបួសដាច់ជើងម្ខាង នៅក្រោយការផ្ទុះឡអ៊ុតខោអាវមួយ នៅព្រឹកនេះ។ អ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
រូបថតនៅលើវេបសាយនគរបាលជាតិ បានបង្ហាញម្នាក់ប្រឡាក់ទៅដោយឈាមដេកស្លាប់នៅលើកម្រាលបេតុង ខណៈដែលកម្ទេចកម្ទីនានា បានបាក់បែករាយប៉ាយក្នុងបរិវេណអគារមួយ។
ករណីនេះ បានកើតឡើង ២សប្ដាហ៍ក្រោយពីការផ្ទុះឡក្នុងរោងចក្រមួយនៅរោងចក្រ ស៊ិន តៃ ស្ថិតក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែមីនាកន្លងមក ដោយបានសម្លាប់មនុស្សម្នាក់ និងបណ្ដាលឲ្យមនុស្ស ៧នាក់ទៀតរងរបួស។
សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វេសប្រហែសបណ្ដាលឲ្យផ្ទុះឡចំហាយទឹកនោះ៕