សមាជិក​សភា​ជប៉ុន​ទៅ​ទស្សនា​វិហារ​បញ្ចុះ​សព​អតីត​មេដឹកនាំ​យោធា​ជប៉ុន

ក្រុមសមាជិកសភាជប៉ុន និង​រដ្ឋមន្ត្រី​ម្នាក់កំពុង​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​វិហារ យ៉ា សា គូនី (រូបភាពពីទីភ្នាក់ងារ​Reuters)

ក្រុម​សមាជិក​សភា​រាប់​សិប​នាក់​របស់​ជប៉ុន ក្នុង​នោះមាន​ទាំង​រដ្ឋ​មន្ត្រី​ម្នាក់​ផង​ដែរ បាន​ធ្វើ​ដំណើរ​ទៅ​​ទស្សនា​វិហារ​យ៉ាសាគូនី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​តវ៉ា​ពី​សំណាក់​បណ្ដា​ប្រទេស​នានា​នៅ​អាស៊ី​ខាង​កើត។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

បើ​តាម Reuters ប្រតិកម្ម​តប​ត​ទៅ​នឹង​ដំណើរ​របស់​ក្រុម​​មេដឹកនាំ​ជប៉ុន​នេះ បាន​កើត​ឡើង​ ដោយសារ​តែ​​វិហារ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្ត​រូប​នៃ​របប​យោធា​ជប៉ុន និង​ជា​ដែល​គេ​បាន​បញ្ចុះ​សព​អតីត​មេដឹកនាំ​យោធា​ជប៉ុន ដែល​បាន​បង្ក​សង្គ្រាម​លោក​លើក​ទី​ពីរ នៅ​តំបន់​អាស៊ី។

ទូរទស្សន៍​ជប៉ុន NHK បាន​ផ្សាយ​ថា សមាជិក​សភា​ប្រហែល ៩៥​រូប បាន​ធ្វើ​ដំណើរ​ទៅ​គោរព​ជាក្រុម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​មាន​ទាំង​រដ្ឋ​មន្ត្រី​ទំនាក់​ទំនង​ផង​ដែរ។

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​បញ្ជូន​កម្រង​ផ្កា​មួយ​កម្រង​ទៅ​កាន់​វិហារ​យ៉ាសាគូនី ដែល​រឿង​នេះ​បាន​កើត​ឡើង​ចំពេល​ដែល​ជប៉ុន​កំពុង​ព្យាយាម​សាង​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ប្រសើរ​ជាមួយ​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង នៅ​ចំពោះ​មុខ​ភាព​តាន​តឹង​ឥត​ឈប់​ឈរ ជុំ​វិញ​បញ្ហា​កម្មវិធី​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

បណ្ដា​ប្រទេស​ជិត​ខាង​ជប៉ុន កាល​ពី​មុន បាន​បង្ហាញ​កំហឹង​​ចំពោះ​អ្នក​នយោបាយ​ជប៉ុន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​គោរព​វិហារ​បុរាណ​នោះ ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ ជា​ទី​ដែ​មេដឹកនាំ​ជប៉ុន ១៤​នាក់ ដែល​ពួក​សម្ព័ន្ធ​មិត្ត​កាត់​ទោស​ពី​បទ​បង្ក​ឧក្រិដ្ឋកម្ម​សង្គ្រាម​នោះ ត្រូវ​បាន​គេ​បញ្ចុះ​នៅ​ទីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ