ក្រុមគ្រួសាររបស់លោកបណ្ឌិត កែម ឡី នឹងរៀបចំពិធីបុណ្យគម្រប់ខួប១ឆ្នាំ ដើម្បីឧទិ្ទកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធលោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតមួយកន្លែង ស្ថិតនៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។
នៅក្នុងលិខិតជូនដំណឹងឲ្យដឹងថា ពិធីបុណ្យគម្រប់ខួប១ឆ្នាំ លោកបណ្ឌិត កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយ នឹងរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នៅឯភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយពីលោកធ្វើការបកស្រាយលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិមួយដែលនិយាយពីការរកស៊ីរបស់ត្រកូល«ហ៊ុន»។
បើទោះជាការបាញ់សម្លាប់នេះមានរយៈពេលជិត១ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលមិនទាន់ចាប់ខ្លួនអ្នកនៅពីក្រោយការបាញ់សម្លាប់លោក កែម ឡី មកផ្តន្ទាទោសបាននៅឡើងទេ ក្រៅពីចាប់ខ្លួនបុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ៕