គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ ឃាតកម្មលើអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព លោកបណ្ឌិត កែម ឡី បានកន្លងផុតទៅអស់រយៈពេល១ឆ្នាំហើយ ខណៈដែលសាច់ញាតិ មិត្តភក្តិ និងអ្នកគាំទ្រអ្នកវិភាគនយោបាយរូបនេះ បានរៀបចំពិធីបុណ្យគម្រប់ខួប ១ឆ្នាំ នៃការបាញ់សម្លាប់រូបលោក។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែស នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត ស្ថិតក្នុងស្ថានីយ៍ប្រេងសាំងកាល់តិច នៅម្ដុំស្តុបបូកគោ។ ឃាតកម្មលើអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះ កើតឡើងតែ ២ថ្ងៃក្រោយពីរូបលោកនិយាយនៅក្នុងវិទ្យុអាស៊ីសេរី បន្ទាប់ពីអង្គការ Global Witness បានចេញរបាយការណ៍មួយ និយាយអំពីចក្រភពជំនួញនៃគ្រួសារត្រកូល “ហ៊ុន” របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ភ្លាមៗក្រោយពីឃាតកម្មនោះបានកើត ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន។ ខ្មាន់កាំភ្លើងរូបនោះ បានប្រាប់អ្នកសារព័ត៌មានថា រូបគេមានឈ្មោះ ជួប សម្លាប់ ប៉ុន្តែ សាច់ញាតិ និងអ្នកស្គាល់ខ្មាន់កាំភ្លើងរូបនោះ ឲ្យដឹងថា រូបគេមានឈ្មោះពិតប្រាកដថា អឿត អាង ដែលមានប្រភពកំណើតនៅឯភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ក្នុងខេត្តសៀមរាបឯណោះ។ ក្រៅពីការប្រាប់ឈ្មោះក្លែងក្លាយនេះ ខ្មាន់កាំភ្លើងរូបនេះ ថែមទាំងបានប្រាប់អ្នកសារព័ត៌មានថា ខ្លួនជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយផ្ទាល់ ដោយថា អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ ជំពាក់លុយគាត់ ៣០០០ដុល្លារ។
មិនថាហៅខ្លួនឯងថា ជួប សម្លាប់ ឬក៏ឈ្មោះ អឿត អាង នោះទេ ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។
ខណៈដែលឃាតកម្មលើលោកបណ្ឌិត កែម ឡី បានកន្លងផុតទៅអស់រយៈពេលមួយឆ្នាំទៅហើយនោះ វាជំរុញឲ្យមានការចោទសួរថា តើឃាតកម្មលើអ្នកវិភាគដ៏ល្បីឈ្មោះរូបនេះ អាចនឹងទទួលបានយុត្តិធម៌ឬទេ? ប្រសិនបើករណីឃាតកម្មនេះ ត្រូវបានមហាជនមើលឃើញថា នៅតែមិនទាន់ទទួលបានយុត្តិធម៌ទេនោះ តើវានឹងជះឥទ្ធិពលដូចម្ដេចទៅលើការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ?
បើទោះបីជាខ្មាន់កាំភ្លើង អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ ត្រូវបានផ្ដន្ទាទោសឲ្យជាប់គុកមួយជីវិតហើយក៏ដោយ ប៉ុន្តែ សាច់ញាតិ និងមិត្តភក្តិរបស់លោក កែម ឡី និងក្រុមអង្គការសង្គមស៊ីវិល នៅតែមិនទាន់អាចទទួលយកបានចំពោះការស៊ើបអង្កេតទៅលើករណីឃាតកម្មដ៏រស៊ើបនេះបាននៅឡើយទេ។
ជាមិត្តភក្តិរួមការងារដ៏ជិតស្និទ្ធិនៅក្នុងការងារស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត មាស នី បានបង្ហាញក្ដីនឹករំលឹកទៅដល់លោកបណ្ឌិត កែម ឡី នៅលើទំព័រហ្វេសប៊ុករបស់លោក ហើយបានបង្ហាញនូវការយល់ឃើញរបស់លោកថា យុត្តិធម៌ពិតប្រាកដសម្រាប់រូបលោក កែម ឡី ផ្ទាល់ នៅមិនទាន់កើតមាននៅឡើយទេ។ ជាការបញ្ជាក់នូវជំហររបស់លោក អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ប្ដេជ្ញាចូលរួមជាពលរដ្ឋខ្មែរដទៃទៀត ដើម្បីជំរុញទៅរដ្ឋាភិបាល ឲ្យត្រូវតែរកយុត្តិធម៌ពិតប្រាកដជូនលោក កែម ឡី នាពេលអនាគតឲ្យខាងតែបាន។
សម្រាប់ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា អាចមានមនុស្សលើសពីខ្មាន់កាំភ្លើង ដែលពាក់ព័ន្ធ ឬនៅពីក្រោយអំពើមនុស្សឃាតនេះ។
លោកបណ្ឌិត មាស នី មានប្រាប់វីអូឌីថា៖ “បើយើងសង្កេតមើលដំណើរការទាំងស្រុងទាក់ទងនឹងរបៀបដែលប្រព័ន្ធយុត្តិធម៌ ឬក៏រដ្ឋាភិបាលគ្រប់គ្រងករណីឃាតកម្មនេះ គឺយើងឃើញថា រដ្ឋាភិបាលមិនទាន់បានផ្ដល់យុត្តិធម៌ពេញលេញជូនលោក កែម ឡី នៅឡើយទេ។ ការចាប់តែមនុស្សម្នាក់យកទៅដាក់គុក កាត់ទោសហើយនេះ វាគ្រាន់តែជាផ្នែកមួយនៃវិធានការរបស់ក្រសួងយុត្តិធម៌ទាំងមូលទេ។ ប៉ុន្តែ បើយើងមើលអំពីភិនភាគមនុស្ស យើងមើលអំពីព្រឹត្តិការណ៍ដែលកើតមាន ហើយអ្វីដែលតុលាការបានបំភ្លឺ…”។
ដោយលើកឡើងពីករណីឃាតកម្មធំៗទៅលើមេដឹកនាំសហជីព សកម្មជនបរិស្ថាន អ្នកនយោបាយ អ្នកសារព័ត៌មាន ឬសិល្បការិនីនាពេលកន្លងមក លោកបណ្ឌិត មាស នី យល់ថា ករណីឃាតកម្មលើលោក កែម ឡី ក៏មិនខុសគ្នាដែរ ដោយលោកមិនមានជំនឿទៅលើរបៀបដែលសមត្ថកិច្ច និងប្រព័ន្ធយុត្តិធម៌កម្ពុជា ដំណើរការស៊ើបអង្កេត និងជម្រះក្ដីនោះឡើយ។
ក្រៅពីមិនរំពឹងថា នឹងមានយុត្តិធម៌សម្រាប់សពលោកបណ្ឌិត កែម ឡី នោះ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ជឿជាក់ថា កង្វះភាពយុត្តិធម៌ក្នុងករណីនេះ នឹងធ្វើឲ្យវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសកម្ពុជា កាន់តែរីកធំថែមទៀត ហើយស្ថានភាពសិទ្ធិមនុស្សកម្ពុជា នឹងកាន់តែអាក្រក់នៅលើឆាកអន្តរជាតិ។
ចំណែកក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ ១៦៤ស្ថាប័ន បានស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតក្រុមស៊ើបអង្កេតដោយឯករាជ្យទៅលើឃាតកម្មនេះ។ ស៊ើបអង្កេតដោយឯករាជ្យ ក្រុមអង្កការជាតិ-អន្តរជាតិទាំងនោះ បញ្ជាក់ថា ទាល់តែមានការចូលរួមពីក្រុមអ្នកជំនាញអន្តរជាតិ។
ក្នុងលិខិតចំហផ្ញើទៅរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង នាពេលថ្មីៗនេះ និងចម្លងជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅរដ្ឋមន្ត្រីយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ទៅអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន និងប្រធានស្ថាប័នតុលាការកម្ពុជាផងនោះ ក្រុមអង្គការទាំងនោះ បានលើកឡើងថា ការស៊ើបអង្កេតជុំវិញករណីឃាតកម្មនេះ មានការវិវឌ្ឍតិចតួចបំផុត។ ការវិវឌ្ឍតិចតួចនេះ ពួកគេថា នោះក៏ដោយសារតែមានតែឈ្មោះ អឿត អាង តែម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការចោទប្រកាន់ និងកាត់ទោស។ ពួកគេលើកឡើងបន្តថា ការស៊ើបអង្កេតកន្លងមករបស់សមត្ថកិច្ច នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ដោយតាមដានទៅលើអ្វីដែលខ្មាន់កាំភ្លើង អឿត អាង ឆ្លើយប្រាប់ទៅតុលាការអំឡុងពេលជំនុំជម្រះ និងប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវបានចាប់ខ្លួននោះ ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ បានលើកឡើងថា ករណីនេះបន្សល់ទុកនូវមន្ទិលសង្ស័យជាច្រើន ដែលពុំទាន់មានការបកស្រាយឲ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ។ មូលហេតុជំពាក់លុយ ៣០០០ដុល្លារ ដែលបុរសឈ្មោះ អឿត អាង ឆ្លើយប្រាប់អ្នកសារព័ត៌មាន មិនត្រូវបានគេជឿជាក់ថា ជាការពិតនោះដែរ។
ចំណែកឯវីដេអូកាមេរ៉ាសុវត្ថិភាពបានមកពីស្ថានីយ៍ប្រេងសាំងកាល់តិចនោះ ក្រុមអង្គការសង្គមស៊ីវិល អះអាងថា ក៏ពុំត្រូវបានបង្ហាញឲ្យបានពេញលេញនោះដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺជនមួយចំនួនពាក់ព័ន្ធទៅនឹងឃាតកម្មនេះ មានទាំងមន្ត្រី និងយោធាផងដែរ ដែលត្រូវបាន អឿត អាង បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន។ មនុស្សពាក់ព័ន្ធទាំងនោះ រាប់បញ្ចូលទាំងអ្នកលក់អាវុធឲ្យទៅ អឿត អាង អ្នកជូន អឿត អាង មកភ្នំពេញ និងអ្នកផ្ដល់កន្លែងស្នាក់នៅដល់ខ្មាន់កាំភ្លើងរូបនេះ។ ការស៊ើបអង្កេតទៅលើជនពាក់ព័ន្ធទាំងនេះ ត្រូវបានអង្គការសង្គមស៊ីវិល បញ្ជាក់ថា មានការវិវឌ្ឍតិចតួចប៉ុណ្ណោះ។
ប្រសិនបើដំណើរការស៊ើបអង្កេតស៊ីជម្រៅ ដោយឯករាជ្យ ដោយតម្លាភាព ពុំមានដំណើរការទៅ ឬមានដំណើរវិឌ្ឍន៍តិចតួច នោះវាច្បាស់ណាស់ថា យុត្តិធម៌សម្រាប់សពអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី នឹងមិនត្រូវបានរំពឹងថា កើតឡើងនោះឡើយ។
ប្រសិនបើយុត្តិធម៌សម្រាប់សពលោកបណ្ឌិត កែម ឡី ស្ថិតនៅឆ្ងាយពីការរំពឹងទុករបស់អង្គការសង្គមស៊ីវិលនោះ អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ជឿជាក់ថា រឿងនេះនឹងជះឥទ្ធិពលមិនល្អទៅលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចនាពេលសព្វថ្ងៃនេះ ជាពិសេសនោះ វានឹងប៉ះពាល់ទៅដល់សំឡេងឆ្នោតគាំទ្រទៅលើគណបក្សមួយនេះ នៅឆ្នាំក្រោយនេះ។
ឃាតកម្មលើលោក កែម ឡី ដែលជាបញ្ហាដ៏រសើបដែលកើតឡើងនៅឆ្នាំមុននោះ ត្រូវបានដាក់បញ្ចូលនៅក្នុងការស្ទង់មតិកាលពីឆ្នាំមុន ដោយជាលទ្ធផល ត្រូវបានរកឃើញថា អ្នកឆ្លើយតបដល់ទៅ ៦៦ភាគរយ គ្មានជំនឿសោះឡើយថា នឹងមានយុត្តិធម៌សម្រាប់សពអ្នកវិភាគដ៏ល្បីល្បាញរូបនេះនោះទេ។
ចំណុចសំខាន់បំផុតនៅក្នុងការស្ទង់មតិនេះ ប្រហែលជាការប្រមើលមើលទៅលទ្ធផលនៃការបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះ។ លទ្ធផលនៃការស្ទង់មតិលើកទី១ ដែលធ្វើឡើងនៅមុនឃាតកម្មលើលោក កែម ឡី នោះ បានបង្ហាញថា ពលរដ្ឋភាគច្រើនដល់ទៅ ៤៦ភាគរយ នឹងបោះឆ្នោតឲ្យបក្សកាន់អំណាច ខណៈដែលពលរដ្ឋ ៣៦ភាគរយទៀតថា នឹងជ្រើសរើសបក្សប្រឆាំង។
ប៉ុន្តែ ការស្ទង់មតិនៅខែកញ្ញា នៅក្រោយឃាតកម្មលើលោក កែម ឡី នោះ បានបង្ហាញថា អ្នកឆ្លើយតបដល់ទៅ ៤៤ភាគរយ បានសម្រេចចិត្តបោះឆ្នោតឲ្យបក្សប្រឆាំង ខណៈអ្នកឆ្លើយតប ៣៥ភាគរយ សម្រេចចិត្តបោះឆ្នោតឲ្យបក្សកាន់អំណាច។ អ្វីដែលគួរឲ្យកត់សម្គាល់នៅត្រង់ចំណុចនេះ គឺចំនួនភាគរយនៃអ្នកដែលមិនទាន់សម្រេចចិត្តនោះ បានហក់ឡើងពី ៩ភាគរយ នៅក្នុងខែឧសភា ដល់ ១៧ភាគរយនៅក្នុងខែកញ្ញា៕