សហរដ្ឋអាមេរិកបានបង្ហាញការសោកស្តាយចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជាទៅលើសមាជិកបក្សប្រឆាំងកាលពីកន្លងមក និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យបេក្ខជនតំណាងរាស្ត្របក្សប្រឆាំងមានបេក្ខភាពជាថ្មីម្តងទៀតដែលអាចចូលរួមក្នុងការបោះឆ្នោតខាងមុខបាន។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ឧសភា ម្សិលមិញរដ្ឋាភិបាលអាមេរិកលើកឡើងថា ការសម្រេចហាមឃាត់មនុស្សសំខាន់នៃគណបក្សសង្គ្រោះជាតិពីការបោះឆ្នោតខែកក្កដាខាងមុខ ជាការរារាំងដល់អ្នកបោះឆ្នោតរាប់លាននាក់មិនឲ្យប្រើសិទ្ធិប្រជាធិបតេយ្យដើម្បីជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត និងធ្វើឲ្យមានចម្ងល់ពីភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោតនាពេលខាងមុខផងដែរ។
គណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជិត ៣ លាននាក់ កាលពីឆ្នាំ២០១៣ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈដែលមេដឹកនាំអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនមកដល់ពេលនេះ ក្រោមការចោទថា «ក្បត់ជាតិ»។ លើសពីនេះទៀតសមាជិកជាន់ខ្ពស់នៃបក្សនេះចំនួន ១១៨រូបក៏ត្រូវបានតុលាការសម្រេចមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាលោកក៏សោកស្តាយចំពោះសហរដ្ឋអាមេរិកវិញផងដែរដែលមិនយល់ពីច្បាប់កម្ពុជា ហើយថាកម្ពុជាមិនដែលរារាំងអ្នកណាម្នាក់មិនឲ្យធ្វើនយោបាយនោះទេ តែអ្នកទាំង១១៨នាក់នោះទៅវិញទេដែលប្រព្រឹត្តល្មើសនិងបាត់បង់សិទ្ធិដោយខ្លួនឯង។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
សមាជិកអតីតបក្សសង្គ្រោះជាតិលោក អ៊ូ ចាន់រ័ត្ន មានប្រសាសន៍ស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់អាមេរិកទៅ លើបញ្ហាប្រជាធិបតេយ្យនៅកម្ពុជានេះ ខណៈលោកយល់ថារដ្ឋាភិបាលកម្ពុជាគួរតែពិនិត្យទៅការសំណូមពររបស់ប្រទេសដទៃខ្លះផងមិនគួរណាច្រានចោលស្ទើរគ្រប់ពេលនោះទេ។
លោក អ៊ូ ចាន់រ័ត្ន សមាជិកអតីតបក្សសង្គ្រោះជាតិ
លោកបន្ថែមថាដរាបណាការបោះឆ្នោតមិនទាន់មកដល់លោកនៅតែមានសង្ឃឹមជានិច្ចពីការដែលអាចវិលត្រលប់មកធ្វើនយោបាយឡើងវិញបាន។
អ្នកតាមដាននយោបាយកម្ពុជាលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា តាមស្មារតីនៃកិច្ចព្រមពៀងក្រុងប៉ារីស ដែលបានដាក់បញ្ជូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ការលើកឡើងពីអន្តរជាតិទៅលើបញ្ហាប្រជាធិបតេយ្យនោះមិនខុសនោះទេ។ ហើយចំពោះការបោះឆ្នោតខាងមុខដែលពុំមានបក្សប្រឆាំង ឬសមាជិកបក្សនេះចូលរួមនោះ អាចធ្វើឲ្យអន្តរជាតិចាត់ទុកថាជាការបោះឆ្នោតដែលពុំសេរី និងយុត្តិធម៌បាន
លោកថា៖ « ឃើញថាសហរដ្ឋអាមេរិកចាប់ផ្តើម រៀបចំតាក់តែច្បាប់រៀបចំប្រជាធិបតេយ្យនៅកម្ពុជា។ នៅប្រទេសមួយចំនួនតែ ចាប់ផ្តើមពីកម្ពុជាដែលគេអនុម័តច្បាប់ ស្នើដាក់រដ្ឋសភា ដែលបានដាក់ក្នុងក្របខ័ន្តគណកម្មការ ហើយពេលនេះគេដាក់ចូលទៅរដ្ឋសភា នេះក៏ជាវិធានការមួយទៅលើមន្ត្រីដែលពាក់ព័ន្ធ ឬក៏ធ្វើឲ្យខូចដល់លិទ្ធិប្រជាធិបតេយ្យ។ ហើយបើសិនវិធានការគេដាក់ទៅទៀតហើយយើងអត់ស្តាប់ ផលបះពាល់អាចធ្ងន់ជាងនេះ។ អញ្ចឹងកិច្ចការហ្នឹងយើងគ្រាន់តែឃើញទិដ្ឋភាព អន្តរជាតិគេពុំទាន់ឲ្យតម្លៃទៅលើបរិយាកាសនយោយបាយនៅកម្ពុជានៅឡើយទេ» ។
បើតាមលោក ឯម សុវណ្ណារ៉ា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងមុខនោះរដ្ឋាភិបាលគួរតែបកស្រាយទៅកាន់អន្តរជាតិឲ្យបានច្បាស់ពីចំណាត់ការរបស់ខ្លួនកន្លងមកទៅលើបក្សប្រឆាំង ដែលមានភស្ភុតាងគ្រប់គ្រាន់ រឹងមាំនិងអាចទុកចិត្តបាន រួមទាំងច្បាប់អន្តរជាតិទទួលស្គាល់ នោះទើបអាចធ្វើឲ្យស្ថានការណ៍ខាងមុខមានភាពធូរស្រាលចំពោះកម្ពុជា។
ដំណើរការចុះឈ្មោះគណបក្សនយោបាយចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំនេះ ត្រូវបាន គ.ជ.ប. បិទបញ្ចប់កាលពីថ្ងៃ១៤ ឧសភានេះ ដោយមានគណបក្សចំនួន៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាផ្លូវការ ខណៈសំណើរបស់គណបក្ស ១២ទៀតកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យពី គ.ជ.ប. ប៉ុន្តែគ្មានអតីតគណបក្សសង្គ្រោះជាតិនោះទេ៕