ប្រទេសជប៉ុននឹងផ្តល់ជំនួយជាង ៣លានដុល្លារអាមេរិកបន្ថែមដល់កម្ពុជា ដើម្បីពង្រីកបន្ថែមនូវការអភិវឌ្ឍន៍សេដ្ឋកិច្ច អប់រំ ធនធានមនុស្ស និងសង្គម។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសជប៉ុននឹងចុះហត្ថលេខាផ្តល់ជំនួយឥតសំណងដែលគិតជាទឹកប្រាក់ប្រមាណ ៣,២២ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងអាហាររូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០១៨នេះ។
កាលពីខែកក្កដាឆ្នាំមុន ប្រទេសជប៉ុន ក៏បានផ្តល់ជំនួយឥតសំណងប្រមាណ ៥,៧៧លានដុល្លារ សម្រាប់គម្រោងនេះរយៈពេល៣ឆ្នាំ គិតពីឆ្នាំ២០១៨ ដល់២០២១ ផងដែរ។
គិតត្រឹមឆ្នាំ២០១៦ ជប៉ុនបានផ្តល់ជំនួយនេះសរុបចំនួន ៥ ២០៨លានយ៉េន ឬប្រហែល ៤៦លានដុល្លាអាមេរិក សម្រាប់និស្សិតកម្ពុជាចំនួន ៣៦៨នាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។ ក្នុងចំណោមនិស្សិតទាំងនេះ និស្សិតចំនួន ២៧៥នាក់ ដែលបានបញ្ចប់ការសិក្សា និងបានវិលមកកាន់ប្រទេសកំណើតវិញ៕