ក្រសួងទេសចរណ៍ប្រកាសជំរុញឲ្យម្ចាស់ឬ អ្នកគ្រប់គ្រងរមណីយដ្ឋានទាំងរដ្ឋនិងឯកជនប្រឡងប្រណាំងគ្នាក្នុងការទាក់ទាញភ្ញៀវ ដោយផ្អែកលើស្តង់ដាវាស់វែងជាក់លាក់ ហើយនិងមានផ្តល់រង្វាន់ចំពោះអ្នកដែលទទួលបានជ័យលាភី។
ការប្រឡងប្រណាំងនេះ បែងចែកចេញជា២ប្រភេទគឺទី១ ចលនាប្រឡងប្រណាំងរមណីយដ្ឋានគំរូ និងទី២ ការប្រឡងប្រណាំងសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍គំរូ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយចលនាប្រឡងប្រណាំងទាំងពីរនេះ នៅទីក្រុងភ្នំពេញព្រឹកមិញ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក ជុក ជំនោរ ឲ្យដឹងថា គោលបំណងរួមនៃការប្រឡងប្រណាំងនេះ គឺចង់ជំរុញឲ្យសហគមន៍ និងរមណីដ្ឋានដែលមានការអនុវត្តល្អ វាយតម្លៃទៅតាមស្តង់ដាដែលក្រសួងបានដាក់ចេញ ដោយថា នឹងទទួលបានពានរង្វាន់ និងវិញ្ញាបនប័ត្រទទួលស្គាល់ដែលមានសុពលភាពមួយឆ្នាំ។
លោកមានប្រសាសន៍ថា «ការវាយតម្លៃយើងពឹងផ្អែកទៅលើស្តង់ដាពីរផ្សេងគ្នា ទីមួយសម្រាប់រមណីយដ្ឋានគំរូ យើងមានស្តង់ដារមណីយដ្ឋានគំរូ ដោយឡែកសម្រាប់សហគមន៍គំរូ យើងមានស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា។ ស្តង់ដាទាំងពីរនេះ ជាឯកសារគោលក្នុងការវាយតម្លៃ អញ្ចឹងមិនមែនមានន័យថា សហគមន៍ចាញ់ឈ្នះអីទេ ប៉ុន្តែជាការបង្ហាញ និងចែករំលែកការអនុវត្ត ល្អៗទៅកាន់សហគមន៍ផ្សេងឲ្យពង្រឹង ឬជួយឲ្យកាន់តែល្អថែមទៀត»។
លោក ជុក ជំនោរ បន្ថែមថា អត្ថប្រយោជន៍ដែលទទួលបានពីជ័យលាភីនេះ គឺការទទួលស្គាល់ពីថ្នាក់ជាតិ និងការជួយផ្សព្វផ្សាយដោយក្រសួងទេសចរណ៍ទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា ការប្រឡងប្រណាំងនេះជាឱកាសដែលម្ចាស់រមណីយដ្ឋាអាចផ្សព្វផ្សាយផលិតផល និងធ្វើឲ្យសេវារបស់ខ្លួនកាន់តែល្អឡើង។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា
ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត មកពីខេត្តកោះកុង លោក មាស ចំណាប់ ប្រាប់ថា លោកនឹងចូលរួមការប្រឡងប្រណាំងនេះ និងសង្ឃឹមថា សហគមន៍អេកូទេសចរណ៍របស់លោកនឹងទទួលបានជោគជ័យ។
លោក មាស ចំណាប់ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត មកពីខេត្តកោះកុង
សូមរំលឹកថា លទ្ធផលការប្រឡងប្រណាំងរមណីយដ្ឋានគំរូលើកទី១ កាលពីឆ្នាំ២០១៧ រមណីយដ្ឋានទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំ មានចំនួន ៣៣បេក្ខភាព។ រមណីយដ្ឋានទេសចរណ៍ដែលទទួលបានជ័យលាភី មានចំនួន ២២បេក្ខភាព។ សម្រាប់ការប្រឡងប្រណាំងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នេះគឺជាលើកទីមួយ ចាប់ពីឆ្នាំ២០១៨តទៅ។
តាមរបាយការណ៍ក្រសួងទេសចរណ៍ សរុបរមណីយដ្ឋានទាំង២៥រាជធានីខេត្ត មានចំនួន៣៩៤រមណីយដ្ឋាន ក្នុងនោះ រដ្ឋគ្រប់គ្រងចំនួន ២៦២កន្លែង ឯកជន ៧៤កន្លែង និងសហគមន៍ ៥៨កន្លែង។ ចំណែកសហគមន៍ទេសចរណ៍បច្ចុប្បន្នមានចំនួន៥៦ ក្នុង១៦ខេត្ត ដែលបែងចែកជា បែបធម្មជាតិ អេកូទេសចរណ៍ វប្បធម៌ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងបែបកែច្នៃ។