ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ ព្រមានថា នឹងធ្វើសង្គ្រាមជាមួយចិន បើសិនជាសកម្មភាពរបស់ទីក្រុងប៉េកាំងបន្តសាងសង់ ឬទាញយកផលធនធានធម្មជាតិលើព្រំដែន សមុទ្រឬ លោកហៅថា ជាបន្ទាត់ក្រហមនោះ។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Alan Peter Cayetano ថ្លែងថា ក្នុងចំណោមតំបន់ដែលចិនកំពុងតែសាងសង់នោះជាកន្លែងមានជម្លោះ រួមមានទាំងថ្មសមុទ្រ និង តំបន់ប្រេង ឧស្ម័ននៅក្នុងសមុទ្រចិនខាងត្បូង។នេះ បើតាមសារព័ត៌មានSouth China Morning Post។
រដ្ឋមន្ត្រីការបរទេសរូបនោះថ្លែងថា ធនធានធម្មជាតិទាំងនេះ ជារបស់ហ្វីលីពីន។ លោក បន្តថា ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ប្រកាសរួចហើយថា អ្នកណាដែលឈ្លានពានយកធនធានរបស់ហ្វីលីពីននៅភាគខាងលិចហ្វីលីពីននោះនិងប្រឈមការផ្ទុះសង្គ្រាម។
មួយរយៈកាលចុងក្រោយនេះ ចិនបានពន្លឿនការធ្វើសកម្មភាពសាងសង់សំណង់នានា នៅតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំង មូលដ្ឋានទ័ពដែលមានលទ្ធភាពប្រើប្រាស់អាវុធមីស៊ីលផងដែរ។
ទោះយ៉ាងណាជុំវិញប្រតិកម្មរបស់ហ្វីលីពីននេះ មិនទាន់មានការឆ្លើយតបណាមួយ ពីរដ្ឋអំណាចទីក្រុងប៉េកាំងនៅឡើយទេ។