ក្រុមអ្នកគាំទ្រលោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពី ២ឆ្នាំមុននោះ បានចាប់ផ្តើមសកម្មភាពនានាជាការចងចាំ និងរំឭកដល់អ្នកវិភាគរូបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនខួប ២ឆ្នាំនៃឃាតកម្មលើរូបលោក និងចំពេលយុទ្ធនាការឃោសនាបោះឆ្នោត។
ក្រុមអ្នកគាំទ្រអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ បានបង្ហោះសារ រូបថត វីដេអូខ្លីៗ និងសម្រង់សម្ដីសំខាន់ៗមួយចំនួនរបស់លោក កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុកចាប់តាំងពីបីថ្ងៃមុនមកម៉្លេះ ខណៈខួប ២ឆ្នាំនៃឃាតកម្មលោក កែម ឡី នឹងកើតឡើងចំថ្ងៃទី១០ ខែកក្កដាខាងមុខនេះ។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីកាលពីថ្ងៃទី១ កក្កដាថា លោកបានយល់សប្តិឃើញ លោក កែម ឡី និងផុសរូបថតគាត់មួយថ្ងៃម្តងរហូតដល់ថ្ងៃទី១០ កក្កដា។ លោក សាម អ៊ីន បានប្រាប់វីអូឌីតាមទូរស័ព្ទថា៖
«គណបក្សប្រជាធិបតេយ្យមូលដ្ឋានយើង អាចពិចារណាក្នុងការរៀបចំពិធីអីបន្តិចបន្តួចជាការរំឭកគុណ ព្រោះយើងចាត់ទុកគាត់ជាបិតាស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប៉ុន្តែ យើងមិនរៀបចំ ឬអញ្ជើញប្រជាពលរដ្ឋមកចូលរួមទេ ព្រោះយើងគិតថា ទុកកិច្ចការនេះឲ្យក្រុមគ្រួសារគាត់ទៅណា»។
ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ដែលជាប្រធានគណបក្សខ្មែរតែមួយផងនោះ បានប្រាប់ឲ្យដឹងថា លោកគ្រោងរៀបចំបុណ្យគម្រប់ខួប ២ឆ្នាំនៃឃាតកម្មលើបងប្រុសរបស់លោក នៅថ្ងៃទី១០ ខែកក្កដា នៅឯខេត្តតាកែវ ដោយលោកអញ្ចើញមហាជនទូទៅឲ្យចូលរួម ខណៈដែលក៏នៅតែរក្សាជំហរជំរុញទៅសមត្ថកិច្ច ឲ្យបន្តស៊ើបអង្កេតបន្ថែមទៀតទៅលើឃាតកម្មបងប្រុសរបស់លោក។
ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ
ចំណែកឯភរិយាសពលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅជាមួយកូនៗ ៥នាក់នៅក្នុងប្រទេសអូស្ត្រាលីនោះ បានឲ្យដឹងថា អ្នកស្រី និងសមាគមខ្មែរអូស្ត្រាលី ក៏នឹងបានរៀបចំបុណ្យគម្រប់ ២ឆ្នាំផងដែរ នៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ។
នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា ដែលលើកលែងការចោទប្រកាន់មិនផ្លូវការពីរដ្ឋាភិបាល ពាក់ព័ន្ធនឹងសំណុំរឿងបច្ច័យបុណ្យសពលោក កែម ឡី នោះ បានប្រាប់ថា លោកនឹងប្តូររូបថតនៅលើហ្វេសប៊ុករបស់លោក និងធ្វើពិធីបែបសាសនានៅផ្ទះ ឬការិយាល័យធ្វើការ ដើម្បីរំឭកដល់លោក កែម ឡី។
លោក មឿន តុលា បានប្រាប់ថា៖
«ដោយសារឥឡូវនេះ ស្ថានភាពយើងពិបាកក្នុងការជួបជុំគ្នា ឬក៏ធ្វើបុណ្យកន្លែងដែលជាសាធារណៈ អញ្ចឹងខ្ញុំគិតថា តាមស្ថាប័ននីមួយៗដែលយល់ឃើញថា លោកបណ្ឌិត កែម ឡី ធ្លាប់បានរួមចំណែក ឬផ្តល់ព័ត៌មាន ការជួយដល់យើងអីហ្នឹង ខ្ញុំគិតថា តាមស្ថាប័ន ឬក៏តាមគេហដ្ឋានអីហ្នឹង លោកអាចធ្វើជារបៀបថ្វាយនំចំណី ឬក៏អុជធូបអុជទៀនតាមរបៀបជាសាសនាទៅតាមកន្លែងយើងរៀងៗខ្លួនអញ្ចឹងទៅ។ សម្រាប់ខ្ញុំ ខ្ញុំនឹងធ្វើ»
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ និងជាអតីតកូនសិស្ស លោក កែម ឡី គឺ លោក មួង សូនី ដែលសកម្មក្នុងការផុសរូបថត វីដេអូ និងសារផ្សេងៗអំពីលោក កែម ឡី បាននិយាយថា នឹងបន្តធ្វើរហូតដល់ថ្ងៃទី១០ កក្កដា។
លោក មួង សូនី និយាយថា៖
«ដោយសារតែឃើញវីរៈភាពលោកគ្រូ កែម ឡី គាត់បានលះបង់ដើម្បីប្រទេសជាតិ ព្រមទាំងចំណេះដឹង ហើយនិងសេចក្តីក្លាហានរបស់គាត់។ គាត់សមជាវីរៈបុរស! អញ្ចឹងដល់ខួបគាត់ស្លាប់ យើងត្រូវតែរំឭកដើម្បីឲ្យកូនខ្មែរចងចាំ នាំគ្នាចងចាំ នាំគ្នាយកគំរូតាម។ សកម្មភាពហ្នឹងយើងអាចធ្វើបាន ដោយហតុថា ប្រទេសយើងនៅមានសិទ្ធិសេរីភាពតិចតួច គេហៅថា ចូលដល់របៀបផ្តាច់ការ មិនផ្តល់សិទ្ធិសេរីភាពឲ្យបងប្អូនខ្មែរ ឬក៏ព្រមតាមរដ្ឋធម្មនុញ្ញពេលលេញទេ។ អញ្ចឹងចំណុចនេះយើងអាចធ្វើបាន»។
ខណៈស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចម្ដុំស្តុបបូកគោ និងបូជនីយដ្ឋានលោក កែម ឡី នៅឯខេត្តតាកែវ ជាកន្លែងដែលក្រុមអ្នកគាំទ្ររូបលោកអាចនឹងប្រមូលផ្ដុំគ្នាជួបជុំ ដើម្បីរំឭកដល់អ្នកវិភាគរូបនេះនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ពុំបានលើកទឹកចិត្តដល់ការជួបជុំរបស់ពួកគេឡើយ។ ផ្ទុយទៅវិញ លោកជំរុញទៅអ្នកគាំទ្រលោក កែម ឡី នាំគ្នាទៅបោះឆ្នោតឲ្យគណបក្សខ្មែរតែមួយ ដែលបង្កើតឡើងដោយលោក កែម រិទ្ធិសិត ប្អូនប្រុសបង្កើតរបស់លោក កែម ឡី ឬគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
លោក ខៀវ សុភ័គ បានប្រាប់ VOD នៅព្រឹកនេះថា៖
«គាត់មានគណបក្សពីរ! មួយគណបក្សរបស់ យ៉ង សាំងកុមារ ដែលគេថា ជាគណបក្សយកគំនិតតាម កែម ឡី។ ទីពីរគណបក្សរបស់ប្អូន កែម ឡី អញ្ចឹងអ្នកណាគាំទ្រ កែម ឡី អាចទៅបោះឆ្នោតទៅ យកបក្សមួយណាក៏បាន។ ពូឆ្លើយតែប៉ុណ្ណឹង!»។
ទោះជាយ៉ាងណា នៅពេលសួរថា តើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រលោក កែម ឡី ប្រមូលផ្ដុំគ្នារំឭកដល់អ្នកវិភាគនយោបាយរូបនេះ ឬយ៉ាងណានោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបានបដិសេធធ្វើអត្ថាធិប្បាយ និងរុញឲ្យសាកសួរទៅខាងសាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ម៉េតភក្ដី បានប្រាប់វីអូឌីតាមទូរស័ព្ទនៅថ្ងៃនេះថា លោកពុំអាចអត្ថាធិប្បាយជុំវិញអំពីគម្រោងជួបជុំណាមួយនាពេលខាងមុខនោះឡើយ ដោយលោកថា រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញពុំទាន់ទទួលបានលិខិតជូនដំណឹងណាមួយអំពីផែនការជួបជុំរំឭកខួបឃាតកម្មលោក កែម ឡី នៅឡើយទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ម៉េតភក្ដី
ការរម្លឹកខួប ២ឆ្នាំនៃឃាតកម្មលើលោក កែម ឡី ក៏នឹងកើតឡើងចំពេលដែលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកើតឡើងនៅទូទាំងប្រទេសផងដែរ។
លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងម៉ាតក្នុងស្ថានីយ៍ប្រេងកាល់តិច ម្ដុំស្តុបបូកគោ ហើយរហូតមកដល់បច្ចុប្បន្ននេះ មានតែខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ហៅខ្លួនឯងថា ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិតនៅក្នុងសំណុំរឿងឃាតកម្មមួយនេះ៕