ពលរដ្ឋខ្មែរដែលរស់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នារៀបចំពិធីរម្លឹកខួប២ឆ្នាំនៃឃាតកម្មបាញ់សម្លាប់អ្នកវិភាគនយោបាយលោក កែម ឡី។
អ្នករៀបចំកម្មវិធី លោក យឹម ស៊ីណន ដែលជាប្រធានចលនាយុវជនអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅកូរ៉េខាងត្បូង បានប្រាប់វីអូឌីតាមបណ្ដាញសង្គមថា ពលរដ្ឋខ្មែរប្រហែល១០០នាក់ ដែលកំពុងធ្វើការងារនៅតំបន់អ៊ូលសាន បានរៀបចំពិធីតាមបែបពុទ្ធសាសនា ដើម្បីរម្លឹកដល់លោក កែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦។
លោក ស៊ីណន បានឲ្យដឹងថា ពីធីនេះត្រូវបានរៀបចំឡើងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដើម្បីដឹងគុណដល់ការលះបង់ជីវិតរបស់លោកបណ្ឌិត កែម ឡី ក្នុងការតស៊ូមតិដើម្បីប្រជាធិបតេយ្យសម្រាប់កម្ពុជា។
ដោយឡែកកាលពីម្សិលមិញ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី និងសហរដ្ឋអាមេរិកក៏បានធ្វើពិធីរម្លឹកខួប ២ឆ្នាំនៃការបាត់បង់លោកបណ្ឌិត កែម ឡី ផងដែរ ដោយពួកគេបានលើកយកសកម្មភាព និងស្នាដៃស្រាវជ្រាវជាច្រើនដែលអ្នកវិភាគនយោបាយរូបនេះ បានធ្វើ និងពលីដើម្បីបុព្វហេតុជាតិ។
លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៦ នៅក្នុងហាងកាហ្វេស្ដារម៉ាត់ ស្ថិតក្នុងការ៉ាស់សាំងកាល់តិច ម្ដុំស្តុបបូកគោ។
ក្រោយឃាតកម្មបាញ់សម្លាប់រហូតមកដល់ថ្ងៃនេះ មានតែខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួបសម្លាប់» តែម្នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួន និងកាត់ទោសក្នុងករណីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គមលោក បណ្ឌិត កែម ឡី។