លោក សម រង្ស៊ី ថារៀបចំយុទ្ធសាស្ត្រកុំឱ្យដូចលោក កឹម សុខា និងលោក កែម ឡី

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ(រូបពីហ្វេសប៊ុក លោក សម រង្ស៊ី)

 លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅក្រៅប្រទេសថ្លែងថា មុនចូលមកកម្ពុជា លោកត្រូវរៀបចំផែនការលម្អិតសិន ដើម្បីកុំឱ្យមានការចាប់ខ្លួនដូចលោក កឹម សុខា និងមានករណីបាញ់សម្លាប់ដូចលោក កែម ឡី។​

នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងបទសម្ភាសន៍មួយលោក សម រង្ស៊ី លើកឡើងថា ពេលនេះ លោកកំពុងតែរៀបចំផែនការឱ្យបានលម្អិតត្រៀមត្រឡប់ចូលប្រទេសកម្ពុជាវិញ។​

លោក សម រង្ស៊ី៖ «ការរៀបចំផែនការមាតុភូមិនិវត្តន៍របស់ខ្ញុំនេះ ខ្ញុំរៀបចំលម្អិត។ ខ្ញុំទៅនេះមិនមែនឱ្យគេចាប់ខ្ញុំងាយៗដូចគេចាប់លោក កឹម​ សុខា យកទៅឃុំឃាំងទេ មិនមែនឱ្យលោក ហ៊ុន សែន សម្លាប់ខ្ញុំងាយដូចលោក ហ៊ុន សែន និងបក្ខពួកគាត់លួចសម្លាប់លោក កែម ឡី ទេ។​ ខ្ញុំធ្វើអ្វីទាល់តែបានសម្រេច ហើយសេចក្តីសម្រេចចុងក្រោយរបស់ខ្ញុំនេះ គឺជាប្រវត្តិសាស្ត្រ ទាល់តែយើងងើបឈរយើងរួមកម្លាំងគ្នា។​»

លោក សម រង្ស៊ី មិនទាន់បានបញ្ជាក់ពេលវេលាជាក់លាក់ សម្រាប់ការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅឡើយទេ។​

លោក កឹម សុខា ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទថា ក្បត់ជាតិ មានបំណងផ្តួលរំលំរដ្ឋាភិបាល។​

ចំណែកលោក កែម ឡី អ្នកវិភាគបញ្ហាសង្គមល្បីឈ្មោះមួយរូបត្រូវឃាតករបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ២០១៦។ ករណីនេះ មន្ត្រីរដ្ឋាភិបាលអះអាងមិនជាប់ពាក់ព័ន្ធលោក ហ៊ុន សែន ឬ រដ្ឋាភិបាលនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ