លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាពីក្រៅប្រទេសឲ្យបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ ក្នុងករណីបាក់សំណង់អគារ៧ជាន់ នៅខេត្តព្រះសីហនុ កាលពីម្សិលមិញ។
ខណៈកំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ លោក ហ៊ុន សែន បានសរសេរបង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះ ដោយបង្ហាញសោកស្ដាយចំពោះសោដនាដកម្មបាក់អគារចិនមួយ ក្នុងខេត្តព្រះសីហនុ ដែលបណ្ដាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។
ក្រៅពីបង្ហាញការសោកស្ដាយ លោក ហ៊ុន សែន ក៏បានប្រកាសផ្ដល់ប្រាក់ឧបត្តម្ភដល់ក្រុមគ្រួសារអ្នកស្លាប់ ដោយក្នុងមួយគ្រួសារទទួលបាន ៤០លានរៀល ឬ ១ម៉ឺនដុល្លារអាមរិក។ ចំណែកឯអ្នករងរបួស លោកហ៊ុន សែន អះអាងថា ពួកគេនឹងទទួលបានប្រាក់ចំនួន ៥លានរៀល និងការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ។
លោក ហ៊ុន សែន សរសេរលើហ្វេសប៊ុកថា៖ «ដើម្បីចូលរួមមរណៈទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារ ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល ឬ ១ម៉ឺនដុល្លារ»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ វី.អូ.ឌី ថា គិតមកដល់ព្រឹកថ្ងៃអាទិត្យនេះ ក្រុមការងារជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១៧នាក់ ក្នុងនោះមានស្រី៤នាក់ និងអ្នករងរបួសកើនដល់ ២៤នាក់ នៅក្នុងករណីបាក់សំណង់អគារ៧ជាន់ កាលពីព្រឹកថ្ងៃសៅរិ៍ម្សិលមិញនេះ។
យ៉ាងណាក៏ដោយ លោកថា ក្រុមការងារជួយសង្គ្រោះកំពុងបន្ដស្វែងរកអ្នកស្លាប់ និងរបួសផ្សេងទៀត ដែលនៅរស់រានមានជីវិត៕