រដ្ឋាភិបាលកម្ពុជាបានបដិសេធចំពោះការចោទប្រកាន់របស់ស្ថានទូតអាមេរិក ដែលថា ក្រុមហ៊ុនចិនមួយចំនួនបាននាំទំនិញរបស់ខ្លួនទៅអាមេរិក តាមរយៈកម្ពុជា ដើម្បីរួចផុតកាតព្វកិច្ចបង់ពន្ធ។
កាលពីថ្ងៃទី១៩ ខែមិថុនាកន្លងទៅថ្មីៗនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Arend Zwartjes បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា នាយកដ្ឋានសន្តិសុខជាតិអាមេរិកបានត្រួតពិនិត្យ និងពិន័យក្រុមហ៊ុនចិនមួយចំនួន ដែលបានបំពានបំរាមគយរបស់អាមេរិក ដោយថា ក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញពីចិនទៅសហរដ្ឋអាមេរិកតាមរយៈកម្ពុជា ដើម្បីគេចវេសការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។
លោក Arend Zwartjes ឲ្យដឹងផងដែរថា ក្រុមហ៊ុនចិនទាំងនោះមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។
ប៉ុន្ដែ យោងតាមសេចក្ដីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃម្សិលមិញ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានច្រានចោលការចោទប្រកាន់នេះ ថា គ្មានមូលដ្ឋាន និងផ្ទុយពីការអនវុត្តជាក់ស្ដែង។
ក្នុងសេចក្ដីប្រកាសព័ត៌មាននោះ ក្រសួងពាណិជ្ជកម្មអះអាងថា ក្រោយពីបានចាត់មន្ដ្រីជំនាញចុះស្រាវជ្រាវមកនោះ ក្រសួងរកមិនឃើញថា នៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ មានក្រុមហ៊ុនផលិតម្ស៉ៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ និងបំពង់ដែកថែបនោះទេ។
ម្យ៉ាងទៀត ក្រសួងពាណិជ្ជកម្មអះអាងថា ក្រុមហ៊ុន Infinite Manufacturing Co., LTD ដែលផលិតផលិតផលអាស៊ីដអាមីណូ និងដែលទទួលបានច្បាប់អនុញ្ញាតឲ្យវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ ក៏បានបញ្ចប់ដំណើការផលិតកម្ម និងការនាំចេញរបស់ខ្លួនហើយ តាំងពីខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ។
សង្គ្រាមពាណិជ្ជកម្មរវាងចិន អាមេរិក បានធ្វើឲ្យប្រទេសទាំងពីរនេះតំឡើងពន្ធនាំចូលឲ្យគ្នាទៅវិញទៅមក ដោយក្នុងនោះ ប្រទេសចិនត្រូវបានគេមើលឃើញថា កំពុងរងការខាតបង់ច្រើនជាង។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាឲ្យបន្តប្រព័ន្ធអនុគ្រោះពន្ធទូទៅ ហៅកាត់ថា GSP ដល់កម្ពុជា ដោយមានសុពលភាពរហូតដល់ចុងឆ្នាំ២០២០។
តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ ក្នុងត្រីមាសទី១ នៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញទំនិញទៅអាមេរិកគិតជាទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ កើនឡើង ២៤ភាគរយ បើធៀបនឹងទំហំនៃការនាំចេញក្នុងរយៈពេលដូចគ្នា៕