អ្នកស្លាប់កើនដល់២៤នាក់ក្នុងហេតុការណ៍បាក់អគារនៅខេត្តព្រះសីហនុ

ក្រុមអាជ្ញាធរកំពុងស្វែងរកមនុស្សដែលត្រូវបានគេជឿថា កប់នៅក្រោមគំនរបាក់បែកនៃសំណង់អគារចិន ដែលបានបាក់រលំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ (រូបថត៖ សូត សុខប្រាថ្នា)

អាជ្ញាធរខេត្តព្រះសីហនុ និងក្រុមជួយសង្គ្រោះបានរកឃើញសាកសព និងជនរងគ្រោះជាបន្ដបន្ទាប់ ក្រោយពីសំណង់អគារចិនមួយដែលមានកម្ពស់៧ជាន់បានបាក់រំលំ និងសង្កត់មនុស្សស្លាប់ កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃនេះ រដ្ឋបាលខេត្ដព្រះសីហនុឲ្យដឹងថា គិតដល់ព្រឹកថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ ក្រុមការងារជួយសង្គ្រោះបានរកឃើញសាកសពសរុបចំនួន ២៤នាក់ ក្នុងនោះមានស្រី៤នាក់ និងអ្នករងរបួសបានកើនដល់ ២៤នាក់ ក្នុងករណីបាក់សំណង់អគារ៧ជាន់ កាលពីព្រឹកថ្ងៃសៅរិ៍ចុងសប្ដាហ៍នេះ។

រដ្ឋបាលខេត្ដព្រះសីហនុឲ្យដឹងថា ក្រុមការងារជួយសង្គ្រោះនៅតែបន្ដប្រតិការជួយសង្គ្រោះរុករកអ្នកស្លាប់ និងអ្នកនៅរស់រានមានជីវិតផ្សេងទៀត ខណៈក្រុមការងារជួយសង្គ្រោះបានជីកកាយគំនរបែកបាក់នៃសំណង់អគារនេះ បានប្រមាណ ៧៥ភាគរយហើយ។

ករណីបាក់អគារ៧ជាន់នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិន៣នាក់ ដោយថា សំណង់អគារនេះ គឺគ្មានច្បាប់អនុញ្ញាតនោះទេ ហើយអាជ្ញាធរបានចុះហាមឃាត់ចំនួន២ដងរួចហើយ ប៉ុន្ដែ ម្ចាស់ការដ្ឋានមិនស្ដាប់។

ជនជាតិ៣នាក់នោះរួមមានឈ្មោះ Chen Kun ជាម្ចាស់ការដ្ឋានសំណង់ ឈ្មោះ Deng Xing Gul ជាម្ចាស់ក្រុមហ៊ុនទទួលសាងសង់ និង ឈ្មោះ​ Gao Yu ជាអ្នកម៉ៅការបូកជញ្ជាំងអគារ។

ក្រៅពីជនជាតិចិនទាំង៣នាក់នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិខ្មែរម្នាក់ផងដែរ ដែលមានឈ្មោះ ញឹក ហ៊ុយ ​បន្ទាប់ពីបានជួលដីឱ្យជនជាតិចិនសាងសង់អគារសម្រាប់ធ្វើសណ្ឋាគារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ