លោក ហ៊ុន សែន ជំរុញឱ្យពលរដ្ឋខ្មែរនៅអឺរ៉ុបចេញមកធ្វើបាតុកម្មប្រឆាំងវត្តមានរបស់លោកនៅអឺរ៉ុបក្នុង​សប្តាហ៍នេះ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សំណេះសំណាលជាមួយមន្ត្រីដែលទៅទទួលលោកនៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងវេទិកា«ខ្សែក្រវ៉ាត និងផ្លូវ» លើកទី២ នៅសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហួត វុទ្ធី

ក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាពិការភ្នែក គ និងថ្លង់ នៃអង្គការគ្រួសារថ្មីឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ក្នុង​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានថ្លែងបែបឌឺដង​ទៅក្រុមអ្នកប្រឆាំងដែលរស់នៅលើទឹកដីអឺរ៉ុបឱ្យនាំគ្នាចេញមកធ្វើបាតុកម្មប្រឆាំងវត្តមាន​របស់​លោក ដូចដែលពួកគេធ្លាប់ធ្វើដាក់លោកកន្លងមក។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន បាន​អំពា​​វ​នាវយ៉ាង​ដូច្នេះ ខណៈលោកនឹងត្រៀមចេញដំណើរទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក ឬ ហៅថា WTO នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃស្អែកនេះ។​

លោក ហ៊ុន សែន បានអះអាងថា ទោះបីជាមានបាតុកម្ម ឬគ្មានបាតុកម្មប្រឆាំងរូបលោកក៏ដោយ ប៉ុន្តែ វត្តមានរបស់លោកក្នុង​កិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅតែមិនអាចខកខានបាន​។

លោក​មានប្រសាសន៍ថា៖ «ហើយខ្ញុំបានឱ្យព័ត៌មាននេះ ថាខ្ញុំនឹងទៅហ្សឺណែវថ្ងៃ២ កក្កដានេះ ដូចជាបីអាទិត្យមុនឯណោះ។ អីចឹង ល្មមប្រមូលមនុស្សមកធ្វើបាតុកម្មបានហើយ ឱ្យគេឃើញ។ បង្ករឿងឱ្យបានច្រើនបន្តិច អាហ្នឹងកាន់តែល្អ។ ខ្ញុំមិនមែនឌឺឱ្យអាណាទេ»។   

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីចុងខែមិថុនា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងត្រូវដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំមួយស្តីពីការត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា នៅស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក​ នាទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស។

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យអតីតគណបក្សសង្រ្គោះជាតិដែលនៅក្រៅប្រទេស គឺ លោក អ៊ូ ច័ន្ទរ័ត្ន និងអនុប្រធានគណបក្សប្រឆាំង អ្នកស្រី មូរ សុខហួរ ​បានទេនៅថ្ងៃនេះ។

​អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ក្រោយពេលមានការអំពាវនាវរបស់លោក ហ៊ុន សែន បែបនេះ លទ្ធភាពនៃការធ្វើបាតុកម្មអាចនឹងកើតមាន ​ហើយការប្រកាសបែបនេះអ្នកវិភាគថា គ្មានផលវិជ្ជមានសម្រាប់រដ្ឋាភិបាលនោះឡើយ។ ផ្ទុយទៅវិញ លោកថា បង្ហាញអំពីភាពបែកបាក់ជាតិ និងកាន់តែធ្វើឱ្យកម្ពុជាបាត់បង់ប្រជាប្រិយភាពលើឆាកអន្តរជាតិផងដែរ។

លោកមានប្រសាសន៍ថា៖ «ចរន្តនេះ វាមិនមានភាពវិជ្ជមានក្នុងការដឹកនាំប្រទេសទេ ព្រោះការដឹកនាំប្រទេសទាមទារឱ្យមានការបង្រួបបង្រួម ការខន្តី ការសណ្តោស បង្រួបបង្រួមពលរដ្ឋឱ្យដើរនៅលើផ្លូវតែមួយ។ បើកាលណា គាត់លើកមកញុះញង់ មកបញ្ឆេះស្មារតីពលរដ្ឋនៅក្រៅស្រុកឱ្យប្រតិកម្មជាមួយគាត់ហ្នឹង ធ្វើឱ្យចរន្តពលរដ្ឋខ្មែរយើងបច្ចុប្បន្ននេះ វាចេញជារូបភាពពីរ»។

រដ្ឋាភិបាលអាណត្តិទី៦ ដែលកើតឡើង ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដា ២០១៨ ដឹកនាំដោយលោក ហ៊ុន សែន ធ្លាប់ទទួលរងការធ្វើបាតុកម្មប្រឆាំងពីសំណាក់ពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេស ដូចជានៅសហរដ្ឋអាមេរិក នៅបារាំង ​ស្វីស កាណាដា អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន ជាដើម។  

​បាតុកម្មខ្លះ គឺជាការធ្វើឡើងប្រឆាំង​វត្តមាន លោក ហ៊ុន សែន ហើយបាតុកម្មខ្លះទៀតទាមទារឱ្យដោះលែងលោក កឹម សុខា និងអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ និងមានបាតុកម្មផ្សេងទៀត គឺទាមទារឱ្យមានការបោះឆ្នោតឡើងវិញ ដោយក្រុមអ្នកបាតុកម្មមិនទទួលស្គាល់រដ្ឋាភិបាលអាណត្តិទី៦នេះ និងចាត់ទុកថា រដ្ឋាភិបាលអាណត្តិថ្មីនេះជារដ្ឋាភិបាលខុសច្បាប់ កើតចេញពីការបោះឆ្នោតក្លែងក្លាយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ