អ្នកតាមដានលើកឡើងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងវៀតណាម វាកាន់តែធ្វើឲ្យកម្ពុជាខាតបង់បន្ថែមទៀតក្នុងទំនាក់ទំនង និងពាណិជ្ជកម្មរវាងកម្ពុជា និងអឺរ៉ុប។
វៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកាលពីម្សិលមិញ ដែលកិច្ចព្រមព្រៀងនេះនឹងបើកផ្លូវដល់ប្រទេសជាប់កម្ពុជាមួយនេះអាចនាំទំនិញទៅកាន់សហភាពអឺរ៉ុបស្ទើរតែគ្រប់មុខដោយមិនជាប់ពន្ធ។
អ្នកជំនាញគោលនយោបាយ និងជាសាស្ត្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហរដ្ឋអាមេរិក លោក អៀ សុផល បានលើកឡើងថា វាជាដំណឹងអាក្រក់មួយសម្រាប់កម្ពុជា ខណៈប្រទេសនេះកំពុងត្រូវបានអឺរ៉ុបពិចារណាដកប្រព័ន្ធអនុគ្រោះពន្ធនោះ។
លោកថា៖ «ខ្ញុំស្រមៃថា ប្រសិនកម្ពុជាអាចផលិតទំនិញ ហើយដាក់ឈ្មោះថា «ផលិតនៅវៀតណាម» បន្ទាប់មកបញ្ជូនទៅវៀតណាម កន្លែងនេះវាអាចផ្ដល់ប្រយោជន៍ដល់កម្ពុជាដែរ។ តែការពិតនោះគឺកម្ពុជាមិនដូចចិនទេ ដែលចិនគឺជារោងចក្រនៃពិភពលោកនោះ។ ប្រទេសវៀតណាមតែឯង គេមានសមត្ថភាពផលិត និងនាំចេញដោយខ្លួនគេបាត់ទៅហើយដោយមិនត្រូវការកម្ពុជានោះទេ»។
ទីប្រឹក្សានៃអង្គការកសិកម្មសេដាក លោក សម វិទូ យល់ថា គ្មានហេតុផលណាមួយដែលកម្ពុជាអាចទាញយកផលចំណេញពីទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងអឺរ៉ុបនេះនោះទេ។ លោកថា លើសពីនេះ វារឹតតែធ្វើឲ្យកម្ពុជាជួបការលំបាកលើទីផ្សារបន្ថែមទៀត ប្រសិនជាអឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
លោក សម វិទូ៖ «ចង់ ឬមិនចង់ ក៏វៀតណាមអាចនឹងជំនួសតំណែងរបស់យើងហើយក្នុងការនាំចេញទៅអឺរ៉ុប ព្រោះយើងត្រូវបង់ពន្ធបន្ថែម តែសម្រាប់គេគឺអត់បង់ពន្ធដែលធ្វើឲ្យគេចំណេញជាងយើង។ ហើយលើកលែងតែមួយទេ ស្រូវសរីរាង្គដែលខ្មែរយើងអាចនាំចេញបានច្រើនជាង។ ក្រៅពីនោះបើមានផលប៉ះពាល់អីទាក់ទងនឹង EBA មែន កម្ពុជាយើងនឹងពិបាកក្នុងការរកទីផ្សារដែលមិនជាប់ពន្ធនោះ»។
សហភាពអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសរាប់ថយក្រោយអំពីដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្រោយពីប្លុកលោកសេរីមួយនេះរកឃើញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ មានប្រសាសន៍ទទួលស្គាល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់អឺរ៉ុប និងវៀតណាមអាចធ្វើឲ្យប៉ះពាល់ដល់ទំនិញកម្ពុជាទៅកាន់សហគមន៍នេះ។ ទោះយ៉ាងណា លោកបញ្ជាក់ថា ដោយសារទីផ្សាអឺរ៉ុបធំ ដូច្នេះ ប្រទេសវៀតណាមមិនអាចកាន់កាប់ទីផ្សារនេះបានទាំងស្រុងនោះទេ។ លោកបន្ថែមថា បើទោះបីកម្ពុជាត្រូវប្រឈមនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ក្ដី តែកម្ពុជាមិនមែនពឹងផ្អែកតែលើទីផ្សាររបស់សហគមន៍នេះតែមួយនោះទេ ដែលនៅតែធ្វើឲ្យទំនិញកម្ពុជាមានទីផ្សារដដែល។
លោកបញ្ជាក់ថា៖ «យើងទទួលស្គាល់ថា EBA មានប្រយោជន៍ដល់កម្ពុជា យើងមិនចង់ឱ្យបាត់បង់ទេ។ […] តែឧទាហរណ៍ថា វាបាត់ទៅ ប្រយោជន៍វាមានបាត់ខ្លះ គ្រាន់តែបញ្ជាក់បន្ថែមថា កម្ពុជាមិនមែនធ្វើពាណិជ្ជកម្មជាមួយតែ EU ទេ! យើងមានផ្លូវច្រើន យើងធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសច្រើននៅលើពិភពលោក អត់មានរើសអើងទេ។ អ៊ីចឹងប្រសិនជាទំនិញដែលយើងធ្លាប់នាំទៅគាត់ ហើយវាមានការលំបាក វាបង់ពន្ធអ៊ីចឹង ប្រសិនជាបង់ពន្ធហើយនៅតែចំណេញ យើងនៅតែទៅ តែបើសិនបង់ពន្ធហើយ វាមិនសូវចំណេញយើងបង្វែរទៅប្រទេសផ្សេងទៀតដែលជាទីផ្សាររបស់យើងដែលបើកបានច្រើនកាលពីកន្លងមក»។
បើតាមលោក ស៊ាង ថៃ បច្ចុប្បន្ន ក្រៅពីសហគមន៍អឺរ៉ុប កម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្មសេរីជាមួយប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសជាដៃគូរអាស៊ាន ក្រៅពីនោះក៏មានទំនាក់ទំនងទ្វេរភាគីជាមួយជប៉ុនចិន កូរ៉េ និងអាមេរិក ជាដើម ដែលសុទ្ធតែជាទីផ្សាររបស់កម្ពុជា។
ទោះជាយ៉ាងណា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបផ្ដល់ឲ្យកម្ពុជាមិនត្រឹមតែចំណេញលើការលក់ទំនិញទៅកាន់សហគមន៍នេះនោះទេ ថែមទាំងចំណេញលើកាតព្វកិច្ចពន្ធទៀតផងដែលមានតម្លៃជិត ៧០០លានដុល្លារក្នុងមួយឆ្នាំ ដែលធ្វើអ្នកតាមដានយល់ថា រដ្ឋាភិបាលក្រៅពីមាននាទីបង្កើតទីផ្សារថ្មី គឺត្រូវតែធ្វើយ៉ាងណារក្សាការអនុគ្រោះពន្ធនេះឲ្យខានតែបានផងដែរ ដើម្បីរក្សាប្រយោជន៍ជាតិ៕