លោក​ ហ៊ុន សែន ថាវា​គ្មានការចាំបាច់ទាល់​តែសោះ​ដែល​កម្ពុជា​ត្រូវការវត្តមាន​កងទ័ពចិន

នៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋខ្មែរ មកពីបណ្ដាប្រទេសមួយចំនួនក្នុងសហគមន៍អ៊ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានលើកឡើងកាលពី​ពីម្សិលមិញ ថាវា​មិនមាន​ភាព​ចាំបាច់​នោះទេដែលកម្ពុជា​ត្រូវការ​វត្តមាន​របស់​កងទ័ពចិន​ ហើយម្យ៉ាងវិញទៀត​ ក្នុងប្រវត្តិសាស្រ្តចិន​មិនធ្លាប់​នាំទ័ពចេញ​ក្រៅពីព្រំដែន​របស់​គេ​ដែរ​។

ការបដិសេធជាថ្មី​ជុំវិញព័ត៌មាន​ដែលថាកំពង់​ផែរាម ​ខេត្តព្រះសីហនុ និងតំបន់​ទេសចរណ៍តារាសាគរ ខេត្តកោះកុង អាចក្លាយ​ជាមូលដ្ឋាន​កងទ័ពជើង​ទឹក​របស់ចិន​​ ​ធ្វើឡើង​ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ​ជួបជុំ​ជាមួយពលរដ្ឋខ្មែរ នៅប្រទេសស្វីសកាលពីម្សិលមិញ។

លោក ហ៊ុន សែន បាន​ចោទជាសំណួរ តើកម្ពុជាត្រូវការ​វត្តមានកងទ័ព​​បរទេស​នៅលើ​ទឹក​ដីរបស់​ខ្លួន​ធ្វើ​អ្វី ទៅវាយជាមួយអ្នកណា ហើយក៏​​គ្មានភាព​ចាំចាច់ណាមួយ​ដែល​ចិនត្រូវ​ដាក់​ទ័ពនៅកម្ពុជា​ ព្រោះថា ​ប្រទេស​ទាំងពីរ​នៅ​ជិត​គ្នាណាស់។

លោក មានប្រសាសន៍ថា៖​ «វាគ្មានការចាំបាច់​ទាល់​តែសោះហ្នឹង សម្រាប់​កម្ពុជា។ ឯចិនវិញ​ គាត់ចាំបាច់​មកដាក់កងទ័ពស្រុកខ្មែរធ្វើ​អ្វី​ បើ​ចិន​ និងយើងជិតតែគ្នាហ្នឹង?​ ឥលូវនិយាយឲ្យស្រួលស្តាប់​ ចិន និងយើងជិតគ្នាណាស់​ បើហោះទៅហៃណានគឺតែមួយម៉ោងជាង។ អញ្ចឹង គាត់​ចាំបាច់​មក​ដាក់​ទ័ពស្រុកខ្មែរ​ នាំបង្កើតរឿងបង្កើតរ៉ាយធ្វើអី? គាត់​ដាក់​ទ័ពនៅស្រុក​គាត់​ ប្រសិន​បើមាន​បញ្ហាកើតឡើង​នៅសម័យចិនខាងត្បូង ឬក៏ស្អី​ គាត់​តែមួយភ្លែត គាត់​ចល័តបាន​ គាត់​ចាំបាច់​មក​ដាក់​នៅស្រុកខ្មែរនាំតែមានរឿង។ ប៉ុន្តែ ​បើយើង​សិក្សាពីប្រវត្តិសាស្រ្តរបស់ចិន​ទៅវិញ ចិនដូចជាមិនដែល​ធ្លាប់​នាំកងទ័ព​ចេញ​ក្រៅព្រំដែន​របស់​ខ្លួន​ទេ។»​

សាស្ត្រា​ចារ្យ​ផ្នែក​សិក្សា​ពី​សហគម​ន៍​អាស៊ាន​នៅ​សាកល​វិទ្យាល័យ​នរេសួ​ន ប្រ​ទេស​ថៃ​ លោក​ ផូល ឆាំប៊ឺ ​(Paul​ Chambers​) មានប្រសាសន៍​ប្រាប់ VOD​ តាម​សារ​អេ​ឡិច​ត្រូ​និចថា ​​អ្វី​ដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន​ មានប្រសាសន៍​មិន​ឆ្លុះបញ្ចាំងពីការពិតនោះទេ។

លោក លើកឡើងថា៖ «ទីមួយ អ្វី​ដែល​លោក ហ៊ុន សែន និយាយមិនមែន​ជា​ការពិតនោះទេ។ ចិន មានមូលដ្ឋាន​យោធា​​នៅបរទេសរួចហើយ គឺនៅប្រទេស​ជីប៊ូទី។ ទីពីរគាត់​ គាត់​កំពុងតែចាប់ផ្ដើមការ​​វាយប្រហារ​ជាពាក្យ​សម្តីថ្មីមួយទៀតទៅលើ​បស្ចឹមប្រទេស។ ការបដិសេធដែលមិនពិតទាក់ទងនឹងវត្តមាន​របស់​កងទ័ពចិននៅ​បរទេស​ និង​ការរិះគន់​បស្ចឹមប្រទេស មិនបានជួយឲ្យគេជឿ​នោះទេ ថា​គាត់មិនបាន​ផ្តល់ដីកម្ពុជាឲ្យចិន​សម្រាប់ប្រើប្រាស់ជា​មូលដ្ឋានយោធា។»

ក្នុងលិខិតមួយចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​​ភូមិភាគ​អាស៊ី​អាគ្នេយ៍ និងអាស៊ីខាងត្បូង​ ​លោក​ Joseph Felter ​បានស្នើសុំ​ឲ្យរដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បកស្រាយអំពីមូលហេតុដែលកម្ពុជាបដិសេធលែងចង់បានជំនួយរបស់ខ្លួនក្នុងការកែលម្អមូលដ្ឋានទ័ពជើងទឹករាម ដូចជា ការជួសជុលអគារបណ្ដុះបណ្ដាល និងឃ្លាំងជួសជុលកាណូត ដែល​ត្រូវបាន​កសាងឡើង​ក្រោមការឧបត្ថម្ភរបស់អាមេរិក កាលពីឆ្នាំ២០១៧។

លោក​ Joseph Felter បានបញ្ជាក់ក្នុងលិខិតនោះថា ភាគីកម្ពុជាបានស្នើសុំជំនួយនេះ កាលពីខែមករាកន្លងទៅ ហើយលោកក៏បានស្នើសុំ និងទទួលបានកញ្ចប់ថវិកាពីរដ្ឋាភិបាលអាមេរិក កាលពីខែមេសា ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍មូលដ្ឋានទ័ពជើងទឹករាមនេះ។ ប៉ុន្ដែ នៅថ្ងៃទី៦ ខែមិថុនា លោកបែរជាទទួលបានលិខិតមួយរបស់ក្រសួងការពារជាតិកម្ពុជា ដែលបានច្រានចោលជំនួយនេះ និងឆ្លើយតបថា «លែងមានភាពចាំបាច់»។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោក ឈុំ សុជាតិ​ បាន​សរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់​លោកកាល​ពីម្សិលមិញថា​​​ ព័ត៌មាន​ដែល​ថាកម្ពុជា​បដិសេធជំនួយរបស់​អាមេរិកជារឿងមិនពិត។

លោក បានសរសេរថា៖ «ការផ្សព្វផ្សាយចោទប្រកាន់ថា ក្រសួងការពារជាតិកម្ពុជាបានបដិសេធជំនួយអាមេរិក ដែលសុំជួសជុលអគារហ្វឹកហ្វឺន និងផ្ទុកនាវារបស់មូលដ្ឋានកងទ័ពជើងទឹកកម្ពុជា គឺជាដំណឹងមិនពិតទាល់តែសោះ ដោយហេតុថា ក្រសួងការពារជាតិពុំដែលបានស្នើទៅអាមេរិក ដើម្បីជួសជុលអគារខាងលើនេះម្តងណាទេ។»

លោក បន្ថែមថា អគារហ្វឹកហ្វឺន និងផ្ទុកសម្ភារ ដែលរងការចោទប្រកាន់នេះ គឺមិនមែនចំណុះឱ្យ មូលដ្ឋានកងទ័ពជើងរាមទេ។  លោក ឲ្យដឹងថា ​វា​ជាអគាររបស់គណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ដែល​មានទីតាំងបណ្តោះអាសន្ននៅមូលដ្ឋានកងទ័ពជើងទឹករាម ហើយ​នឹងត្រូវផ្លាស់ប្តូរទៅកាន់កន្លែងថ្មីក្នុងពេលឆាប់ៗខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ