អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បបួលមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឡើងតុលាការបារាំង ដើម្បីលាតត្រដាងការពិតនៃឃាតកម្មបាញ់សម្លាប់លោក កែម ឡី ។
លោក សម រង្ស៊ី លើកឡើងលើហ្វេសប៊ុករបស់លោក នាថ្ងៃទី៧ ខែកក្កដានេះ ថា លោកនៅតែគិតថាលោក ហ៊ុន សែន ជាអ្នករៀបគម្រោងឲ្យសម្លាប់លោក កែម ឡី ដើម្បីបំបិទមាត់មិនឲ្យមានការលាតត្រដាងការពិតនៃបញ្ហាសង្គម។
លោក សម រង្ស៊ី ថ្លែងទៀតថា បើលោក ហ៊ុន សែន មិនសុខចិត្តទៅនឹងការចោទរបស់លោកជាថ្មីទៀតនេះ អាចប្តឹងទៅតុលាការបារាំង ដើម្បីតទល់គ្នាស្វែងរកយុត្តិធម៌ឱ្យលោក កែម ឡី។ លោក សម រង្ស៊ី មានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងបារាំង។
លោក ថា៖ «ខ្ញុំចោទប្រកាន់លោក ហ៊ុន សែន ម្តងទៀតជាសាធារណៈ។ ចោទ ហ៊ុន សែន ត្រង់ៗថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយអ្នកដែលសម្លាប់លោកបណ្ឌិត កែម ឡី។ អត់មាននរណាជឿទេ ឆាកល្ខោនដែលឱ្យមនុស្សម្នាក់ រហ័សនាមគេ «ជួប សម្លាប់»។ ហើយបើលោក ហ៊ុន សែន គាត់ឱ្យតុលាការជាអាយ៉ងគាត់ប្រើលេសថា «ជួប សម្លាប់» ហ្នឹង សម្លាប់លោក កែម ឡី ដែលមិនសងលុយគាត់ រឿងហ្នឹងលើគោក គ្មាននរណាជឿទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនឆ្លើយទៅនឹងសារចោទប្រកាន់នេះទេ លោកចាត់ទុកថា ការលើកឡើងនេះជារឿងដដែលៗ។
អំឡុងខែសីហា ឆ្នាំ២០១៧ តុលាការកម្ពុជា បានកាត់សេចក្ដីឱ្យលោកនាយករដ្ឋមន្ត្រីជាអ្នកឈ្នះ លោក សម រង្ស៊ី ដោយចាត់ទុកថា ការចោទប្រកាន់រដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលោក កែម ឡី ជារឿងបរិហារកេរ្តិ៍ជាសាធារណៈ ។
សាលដីការសាលាឧទ្ធរណ៍ ដែលបានតម្កល់សាលក្រមសាលាដំបូងនៅពេលនោះ សម្រេចឱ្យ លោក សម រង្ស៊ី ជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ពិន័យ ១០លានរៀល និងបង្គាប់ឲ្យសងជំងឺចិត្តដល់នាយករដ្ឋមន្ត្រីជាដើមបណ្តឹងចំនួន១០០រៀល ។
ការដែលលោក សម រង្ស៊ី ផ្ញើសារចោទប្រកាន់លោក ហ៊ុន សែន ថ្មីទៀតនេះ ធ្វើឡើង ៣ថ្ងៃមុន គម្រប់ខួប ៣ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី ។
អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា សំណុំរឿងនៃការបាញ់សម្លាប់លោក កែម ឡី នេះ ទំនងជាបក្សកាន់អំណាចមិនហ៊ានប្តឹងទៅតុលាការបារាំងទេ។ លោកថា ចំណែកសារចោទប្រកាន់របស់លោក សម រង្ស៊ី ក៏ជាការទាក់ទាញប្រជាប្រិយភាពដែរ ខណៈខួប ៣ឆ្នាំចូលមកដល់នោះ។
អ្នកវិភាគរូបនេះផ្តល់ជាយោបល់ថា អ្នកនយោបាយគួររួមគ្នាពង្រឹងនីតិរដ្ឋ បង្ហាញតម្លាភាពនៃការស៊ើបអង្កេត ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យលើសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះ។
លោក ថា៖ «កាលណានៅមានមន្ទិលសង្ស័យ អ្នកនយោបាយនៅតែឆ្លៀតកេងចំណេញអ៊ីចឹង។ យើងលើកឧទារណ៍សាមញ្ញអញ្ចេះថា បើយើងនេសាទត្រី អាត្រីចាប់អត់បានតូចប៉ិនមេដៃ ប៉ុន្តែ គេថាប៉ុនកំភួនជើង ពេលនោះគេនឹងនាំគ្នាដេញចាប់ដែរ។ នេះជារឿងមួយនៃមន្ទិលសង្ស័យដែលធ្វើឱ្យមនុស្សផ្សេងៗទៀតមានមន្ទិលសង្ស័យដែរ។ អ្វីដែលជាការលុបបំបាត់មន្ទិលសង្ស័យ អាជ្ញាធរបង្ហាញការពិត បើអត់បង្ហាញទេ គេនៅតែសង្ស័យអ៊ីចឹង»។
លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅក្នុងស្តាម៉ាតមួយកន្លែង ស្ថិតក្នុងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចជាប់នឹងស្តុបបូកគោ រាជធានីភ្នំពេញ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ។
ឃាតកម្មនេះកើតឡើងក្រោយពីលោក កែម ឡី វិភាគបន្ថែមទៅលើរបាយការណ៍ស៊ើបអង្កេតរបស់អង្គការអន្តរជាតិ Global Witness ដែលរបាយការណ៍ស៊ើបអង្កេតនោះ លាតត្រដាងពីការក្តោបក្តាប់មុខជំនួញរបស់គ្រួសារ«ត្រកូលហ៊ុន»។
ជិត ៣ឆ្នាំក្រោយឃាតកម្ម សមត្ថកិច្ចពាក់ព័ន្ធរបស់រដ្ឋាភិបាល រួមទាំងតុលាការផងចាប់ខ្លួនបុរសម្នាក់ប៉ុណ្ណោះមកផ្តន្ទាទោស គឺឈ្មោះ អឿត អាង ហៅ «ជួប សម្លាប់» ដោយកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត៕