កម្ពុជា អរគុណរដ្ឋមន្រ្តីការបរទេសអាមេរិកដែល​ផ្តល់យុត្តិធម៌រឿងមូលដ្ឋានយោធាចិននៅរាម

អ្នក​នាំពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​លោក ផៃ ស៊ីផាន

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណ​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក ដោយលោកថាបាន​ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងទឹកដីខេត្តព្រះសីហនុ​។

លោក ផៃ ស៊ីផាន​ បានលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសថ្នាក់តំបន់មួយ នៅទីក្រុង បាងកក ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះរបាយការណ៍សម្ងាត់ នៃការតាំងមូលដ្ឋានយោធាចិន នៅក្នុងឈូងសមុទ្ររាម ខេត្តព្រះសីហនុ។

លោក ផៃ ស៊ីផាន បាន​សរសេរនៅលើទំព័រហ្វេសប៊ុក​របស់​លោក​នៅថ្ងៃទី២ខែសីហានេះថា៖ «ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហ​ការ​គ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង។»

វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បានចុះផ្សាយ​នៅថ្ងៃនេះ​ថាក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាមេរិក-អាស៊ាន នាទីក្រុងបាងកក ប្រទេស​ ថៃ នៅថ្ងៃទី០១ ខែសីហា ២០១៩ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បាន​សរសើរ​ដល់​កម្ពុជា​ដែលបង្ហាញ​ការប្តេជ្ញាក្នុងការ​ការពារបូរណភាព​ទឹក​ដីដោយច្រាន​ចោល​ពី​វត្តមាន​មូលដ្ឋាន​យោធាចិននៅកម្ពជា។

 លោក មានប្រសាសន៍ថា៖«ខ្ញុំ​ចង់​ថ្លែង​បញ្ជាក់​រឿង​រ៉ាវ​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាមេរិក-អាស៊ាន។ ប្រទេស​កម្ពុជា ​បាន​បដិសេធ​របាយ​ការណ៍​ដែល​ថា ​កម្ពុជា​ អនុញ្ញាត​ឲ្យ​មានមូលដ្ឋាន​យោធា​ចិន​បង្កើត​ឡើង​នៅ​លើ​ទឹកដី​របស់​ខ្លួន។​ សហរដ្ឋ​អាមេរិក​ស្វាគមន៍​ការ​ការពារ​អធិបតេយ្យ​ភាព (បូរណភាព​ដែនដី​) ដ៏​ខ្លាំង​ក្លា​របស់​កម្ពុជា​ ហើយ​លើក​ទឹក​ចិត្ត​ដល់​ប្រទេស​ផ្សេង​ទៀតក្នុង​តំបន់​ឲ្យ​ធ្វើតាម​លំនាំ​របស់​កម្ពុជា‍។»

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental នៅ​សហ​រដ្ឋ​អាមេរិក លោក អៀ សុផល យល់ឃើញថាការថ្លែងរបស់​លោក Mike Pompeo បង្កប់នូវសារដាក់គំនាបឱ្យរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តចំពោះអ្វី​ដែល​ខ្លួនបាន​បដិសេធ​។  លោក បន្តថា​ប្រសិនបើ​កម្ពុជាធ្វើ​ផ្ទុយ នោះ​វ​ាបង្ហាញ​ថា​កម្ពុជារំលោភ​ច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួន ក៏​ដូចជាបំផ្លាញ​នូវទំនុក​ចិត្ត​ពីសហគមន៍អន្តរជាតិ​ផងដែរ។

លោក សុផល បង្ហាញការយល់ឃើញបន្ថែមទៀតថា ការ​ស្វាគមន៍នោះ មិនប្រាកដជាសញ្ញាទន់ភ្លន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអាមេរិក និងកម្ពុជានោះទេ ប៉ុន្តែ វាគ្រាន់តែជាល្បែងការទូតប៉ុណ្ណោះ។

លោក អៀ សុផល បានលើកឡើងថា​៖«មិនប្រាកដទេ! នោះគ្រាន់តែជាល្បែងមួយដែលអ្នកការទូតលេងប៉ុណ្ណោះ។ រឿងសំខាន់គឺថា ប្រសិនបើមានសកម្មភាពណាមួយដែលស្តែងឱ្យឃើញថា ចិនកំពុងតាំងមូលដ្ឋាន [យោធា] នៅឈូងសមុទ្ររាមមែននោះ អ្នកនឹងឃើញព័ត៌មានបែកធ្លាយលេចឡើងបន្ថែមទៀត ជាក់ជាមិនខាន។»

កាសែត The​ Wall​ Street​ Journal​ របស់អាមេរិក​កាលពី​ថ្ងៃ​ទី២១ ខែកក្កដា បាន​ចុះផ្សាយថា​ កម្ពុជា បាន​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយចិន អំឡុង​ត្រីមាស​ទី២ ឆ្នាំ ២០១៩​​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន ​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុងឈូងសមុទ្រ​កម្ពុជា​ រយៈពេល​ ៣០ឆ្នាំ​។

ប៉ុន្តែ ការចុះផ្សាយ​នេះ ត្រូវបានភាគីកម្ពុជា និងចិន ធ្វើការទាត់ចោល​ជាបន្តបន្ទាប់។

ភ្លាមៗដែរ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបដិសេធចំពោះការចុះផ្សាយ​នោះ និងថា ជាព័ត៌មាន​ប្រឌិត​ដែល​មាន​ចេតនា​ដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ កាលពីថ្ងៃទី ២៦ កក្កដា រដ្ឋាភិបាលកម្ពុជា បាននាំអ្នកសារព័ត៌មាន​ជាង ៧០ នាក់ មកពី៣៦ អង្គភាព ទៅចុះទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បី​ជាការបង្ហាញ​ដល់សាធារណជន​ទូទៅ​ថា​មិន​មាន​មូលដ្ឋាន​កងទ័ពចិន​នៅតំបន់​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ