តុលាការរតនគិរី លើកពេលសាកសួរមន្រ្តីសិទ្ធិមនុស្សអាដហុក និងតំណាងសហគមន៍

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីក​ម្មវីធីចងក្រងសហគមន៍សិទ្ធិដីធ្លីនិងធនធានធម្មជាតិ (រូបភាពពីបណ្តាញសង្គមកាលពីពេលកន្លងទៅ)

ចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី នៅថ្ងៃទី៣ខែ កញ្ញា ឆ្នាំ២០១៩ បានលើកពេលសាកសួរមន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស អាដហុក និងពលរដ្ឋតំណាងសហគមន៍២នាក់ដោយមិនកំណត់ពេល។

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីសិទ្ធិមនុស្សអាដហុក លោក ឆន ផល្លា និងលោក ស៊ី ថាន់ញាន់ តំណាងសហគមន៍លំផាត់ មិនបានឆ្លើយបំភ្លឺទៅតាមដីកោះហៅរបស់តុលាការទេ នៅថ្ងៃទី៣ខែ កញ្ញា នេះទេ​។ លោក នី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមអាដហុក ដែលអមដំណើរលោក ប៉ែន ប៊ុណ្ណារ៍ដែរ បានអះអាងថា ការខកខាននេះ ព្រោះតែចៅក្រមជាប់រវល់ ហើយមិនបានជូនដំណឹងឲ្យភាគីពាក់ព័ន្ធ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ​បានដឹងជាមុន។

លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ឲ្យដឹងនៅថ្ងៃទី៣ ខែ កញ្ញា ថា រូបលោក និងតំណាងសហគមន៍២នាក់ទៀត ដែលជាប់បណ្តឹង​មិនបានចូលឆ្លើយទៅតាមដីកោះហៅរបស់តុលាការទេ។ បើទោះជាបែបណា ប្រភពដដែលអះអាងថាលោកបានត្រៀមខ្លួនរួចហើយ នៅចំពោះមុខចៅក្រមស៊ើបសួរ នៅក្នុងរឿងក្តីនេះ។

លោកបន្តថា៖ «ទោះបីយើងឥឡូវជាចុងចោទ ប៉ុន្តែយើងនៅមានសេចក្តីក្លាហានក្នុងការដោះបន្ទុកយើង។ហើយយើងបានត្រៀមភស្តុតាង និងត្រៀមស្អីៗក្នុងការដោះបន្ទុកយើងទាំងអស់ហើយ »។​

ក្នុងដីកោះដាច់ដោយឡែកពីគ្នាឲ្យចូលបំភ្លឺ របស់លោក សេង ស៊ឹមសុរិយា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី ដែលវីអូឌី ទទួលបានឲ្យដឹងថា មន្រ្តីសិទ្ធិមនុស្សអាដហុក និង​ តំណាងសហគមន៍លំផាត់​ ត្រូវជាប់ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍នៃក្រមព្រហ្មទណ្ឌ ហើយតម្រូវឲ្យចូលបំភ្លឺនៅថ្ងៃ៣ខែ កញ្ញាឆ្នាំ២០១៩។ ដីការ ដដែល​បញ្ជាក់ទៀតថា បើពួកគេ​ខកខានចូលឆ្លើយបំភ្លឺដូចការកំណត់ តុលាការមានសិទ្ធិចេញដីការបង្គាប់ឲ្យនាំខ្លួន។

លោក អង់ ប៊ុនធៀង អភិបាលស្រុកលំផាត់ បដិសេធថាមិនមានបទល្មើសព្រៃឈើទេ ហើយ​ជាងនេះទៀត អាជ្ញាធរមូលដ្ឋាន ក៏មិនបានប្តឹងផ្តល់អ្នកណាថែមទៀតផង។

លោកបន្តថា ៖«កើតពីពេលណា។ដូចអត់មានផងកម្លាំងនៅកន្លែងនឹងពេញហើយ។ទៅប្តឹងជាមួយពួកអាដហុកធ្វើអី »

លោក អំ សំអាត នាយករងការិយាល័យស៊ើបអង្កេតនៃអង្គការ លីកាដូ យល់ឃើញថានេះជាសញ្ញានៃការគំរាមកំហែងមកលើអ្នកការពារសិទ្ធិមនុស្ស។ លោកបន្តថា ដើម្បីដាក់សម្ពាធទៅលើអ្នកណាម្នាក់អំពីសិទ្ធិបញ្ចេញមតិ បទល្មើសដែលពេញនិយមគឺបទល្មើសញុះញង់នេះហើយ។

លោកបន្តថា៖ «បណ្តឹងបរិហារ្តិ៍ បើនៅក្នុងរដ្ឋធម្មនុញ្ញក៏គេចែងដែរពលរដ្ឋទាំងអស់មានសិទ្ធិធ្វើបណ្តឹងបរិហារ្តិ៍ទាក់ទងនិងបទល្មើសអីផ្សេងៗ។ អ៊ីចឹងទាក់ទងបទល្មើសព្រៃឈើនេះគឺប្រជាពលរដ្ឋឬក៏អង្គការសង្គមស៊ីវិល និងអ្នកការពារធនធានធម្មជាតិដើរតួនាទីសំខាន់ណាស់ក្នុងការជួយចូលរួមដើម្បីទប់ស្កាត់ និងការពារព្រៃឈើហ្នឹង »

លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទមានមានប្រសាសន៏ថា ការចាត់ទុកជាបទញុះញង់ទៅបាន លុះត្រាបង្គាប់ឲ្យអ្នកណាម្នាក់ប្រព្រឹត្តបទល្មើសអ្វីមួយ។ លោក ថា​ផ្ទុយទៅវិញ បើគ្រាន់តែឲ្យយោបល់អំពីនីតិវិធីច្បាប់ថាធ្វើបែបណាខុស ឬធ្វើបែបណាត្រូវ មិនរាប់ថាជាបទល្មើសញុះញង់ទេ។

លោកមានប្រសាសន៍ថា៖«ញុះញង់បទឧក្រិដ្ឋឧទាហរណ៏ឥឡូវយើងទៅចាក់ចុចគេឲ្យទៅគេលួច ឬឲ្យគេសម្លាប់មនុស្ស អាហ្នឹងបានថាញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។ ហើយដល់ដាក់ពាក្យប្តឹងវាមិនដែលជាបទញុះញង់ទេ “ ។

បើតាមលោក នី សុខា រឿងក្តីព្រហ្មទណ្ឌនេះ ផ្តើមចេញពីតំណាងសហគមន៍ សមុទ្រក្រោម និងសហគមន៍លំផាត់ដាក់បណ្តឹងបរិហារ្តិ៍នៅអំឡុងឆ្នាំ២០១៧ទៅតុលាការ ដែលមានលោក ប៉ែន ប៊ុណ្ណារ៍ ជាអ្នកប្រឹក្សាយោបល់ផ្លូវច្បាប់។ នៅក្នុងបណ្តឹងនេះ សហគមន៍ចោទប្រកាន់ថា មន្រ្តីនៅថ្នាក់មូលដ្ឋាន និងភាគីពាក់ព័ន្ធផ្សេងទៀត បើកផ្លូវឲ្យឈ្នួញកាប់ឈើក្នុងដែនជម្រកការពារលំផាត់ និងដីព្រៃសហគមន៍ជនជាតិដើមភាគតិចសមុទ្រក្រោម។ប៉ុន្តែក្រោយមកពួកគាត់ ត្រូវរងបណ្តឹងចោទប្រកាន់វិញ ពីមន្រ្តីអាជ្ញាធរក្រោមបទថាញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ