តុលាការខេត្តរតនគិរី សម្រេចឲ្យមន្រ្តី​អាដហុកម្នាក់​ស្ថិតក្រោមការត្រួតពិនិត្យ

លោក ប៉ែន ប៊ុណ្ណារ៍ និងពលរដ្ឋ២នាក់ទៀត (បីនាក់កណ្ដាល)រួមនិងមន្តីសង្គមស៉ីវិលដែលចូលរួលើកទឹកចិត្ត ថតនៅខាងមុខសាលាដំបូងខេត្តរតនគិរី (រូបភាព៖ បណ្តាញសង្គម)

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី  សម្រេចឱ្យមន្រ្តី​សមាគមការពារសិទ្ធិមនុស្សអាដហុកម្នាក់ និងពលរដ្ឋពីរនាក់ផ្សេងៗស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក្នុង​សំណុំរឿងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។

មន្ត្រីចងក្រងសហគមន៍សមាគមអាដហុកលោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់វីអូឌី​ថាអ្នកទាំងបីនាក់នោះ រួមមានរូបលោក និងសមាជិកសហគមន៍សាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី គឺឈ្មោះ ឆន ផល្លា និង ឈ្មោះស៊ីថាន ញ៉ាន់។ លោក ប៉ែន ប៊ុណ្ណារ៍ ប្រាប់​ថា​ពួកគាត់​ទាំងបីនាក់​បានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅមុខចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី លោក សេង ស៊ឹមសូរិយា ដែលដើមបណ្ដឹងក្នុងសំណុំរឿងនេះរួមមាន មេភូមិសាមុត្រក្រោម មេឃុំឃុំសេដា អធិការរងនគរបាលនិងអភិបាលរងស្រុកលំផាត់។

មន្រ្តីសមាគមអាដហុករូបនេះ ថា​ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី លោក សេង ស៊ិនសូរិយា បានសម្រេចដាក់ឱ្យរូបលោក​ និងពលរដ្ឋ២នាក់ទៀតស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ មិនត្រូវផ្លាស់ប្ដូរទីលំនៅឡើយ ហើយ​ត្រូវបង្ហាញខ្លួននៅមុខតុលាការ២ខែម្ដងដើម្បីបន្តនិតិវិធីស៊ើបសួរ។ លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​ថា​ការសម្រេចរបស់ចៅក្រមស៊ើបសួរនេះជានិតិវីធីរបស់តុលាការ ប៉ុន្តែលោកថា​តុលាការមិនបានរកឃើញភស្ដុតាងណាមួយដែលបញ្ជាក់ថា លោកនិងពលរដ្ឋ២នាក់ទៀតល្មើសច្បាប់នោះឡើយ។​

លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ៖«យើងអត់មានប៉ះពាល់អីទាំងអស់ សូម្បីតែកៅអីឈើប្រណីតមួយក៏ខ្ញុំមិនប៉ះដែរ។ អ៊ីចឹងគ្មានអ្វីដែលធ្វើឱ្យយើងភ័យព្រួយអីទាំងអស់ ទោះបីជាត្រូវដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យប៉ុន្តែយើងនៅតែអាចបម្រើសង្គមនិងប្រទេសជាតិបាន»

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាដហុកស្នើឱ្យតុលាការលើកលែងការចោទប្រកាន់បុគ្គលិករបស់ខ្លួននិងប្រជាពលរដ្ឋ។លោកចាត់ទុកថា ការសម្រេចចៅក្រមស៊ើបនៅពេលនេះ គឺបង្ករការលំបាកដល់អ្នកការពារសិទ្ធិនិងពលរដ្ឋស្លូតត្រង់ដែលខិតខំការពារធនធានធម្មជាតិ។

លោក ស៊ឹង សែន ករុណា លើកឡើងថា​៖ «ជំហខាងសមាគមអាដហុក យើងសូមឱ្យមានការលើកលែងការចោទប្រកាន់ទាំងមន្ត្រីយើងទាំងប្រជាជាពលរដ្ឋព្រោះពួកគាត់សុទ្ធតែអ្នកសកម្មខាងការងារការពារធនធានធម្មជាតិ ។ការសម្រេចឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនេះបង្ករការលំបាកប៉ះពាល់ដល់ការបំពេញការងារជាច្រើនដែលយើងតែងធ្វើការងារដើម្បីបម្រើសង្គម»

លោក ប៉ែន ប៊ុណ្ណារ៍ លោក ឆន ផល្លា និង លោក ស៊ីថាន ញ៉ាន់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលប្រព្រឹត្តទៅនៅចំណុចភូមិសាមុត្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពី ខែមិថុនា ឆ្នាំ២០១៧។

លោក ប៉ែនប៊ុណ្ណា អះអាងថាលោក បានរងបណ្ដឹងទាំងអស់ចំនួន៥រួចហើយ ក្នុងរយៈពេលបំពេញការងារជាមន្ត្រីអាដហុកប្រចាំខេត្តរតនគីរីរយៈពេលជាង១០ឆ្នាំមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ