លោក សម រង្ស៊ី ប្រាប់ប្រទេសជិតខាងឱ្យជួយស្តារប្រជាធិបតេយ្យដើម្បីទប់ស្កាត់វ​ត្តមានមូលដ្ឋានទ័ពចិន

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

លោក សម រង្ស៊ី បានប្រាប់ទៅកាន់ប្រទេសជិតខាង ឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទប់ស្កាត់វត្តមានយោធាចិន​នៅក្នុងតំបន់ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្ពុជា-ចិន។

ការថ្លែងដូច្នេះ គឺធ្វើឡើងនៅអំឡុងពេលអតីតមេបក្សប្រឆាំងរូបនេះ​ ផ្តល់បទសម្ភាសន៍ខ្លីមួយជាភាសាអង់គ្លេសដល់ក្រុមអ្នកសារព័ត៌​មាន មុនពេលលោក និងសហការីចូលជួបជាមួយសមាជិកសភាប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃនេះ។

តាមរយៈសន្និសីទផ្សាយផ្ទាល់លើទំព័រ Facebook ផ្លូវការរបស់លោកស្រី មូរ សុខហួរ ប្រធានស្តីទីនៃអតីតគណបក្សស​ង្រ្គោះគឺលោក សម រង្ស៊ី លើកឡើងថា បញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ចិន។ លោកអះអាងថា តាមទំនាក់ទំនងនេះ រដ្ឋាភិបាលកម្ពុជាអាចនឹងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចផ្លាស់ប្តូរទៅជាមូលដ្ឋានយោធាចិនបានយ៉ាងឆាប់រហ័ស​។ លោក សម រង្ស៊ី បន្ថែមថា កម្ពុជា ត្រូវតែឈរនៅលើអព្យាក្រិតភាព និងឯករាជ្យភាពពីប្រទេសចិន។ លោកសម រង្ស៊ី៖

«ដូច្នេះ រដ្ឋាភិបាលកម្ពុជាកំពុងប្រលែងជាមួយភ្លើង ដោយការចុះហត្ថលេខាជាមួយចិន [អនុញ្ញាតឱ្យចិនកសាងមូលដ្ឋានយោធាលើទឹកដីកម្ពុជា] ដែលបានបង្កក្តីកង្វល់យ៉ាងច្រើននៅក្នុងប្រទេសជិតខាង។ ដូច្នេះ ខ្ញុំអាចធានាដល់ប្រទេសជាមិត្តទាំងអស់ថា នៅពេលប្រជាធិបតេយ្យឈ្នះនៅក្នុងប្រទេសកម្ពុជា​ យើងនឹងមិនអនុញ្ញាតឱ្យចិនកសាងមូលដ្ឋានយោធានៅក្នុងទឹកដីរបស់កម្ពុជា»

កាលពី​ថ្ងៃ​ទី២១ ខែកក្កដា កាសែត The​Wall​ Street​ Journal​ របស់អាមេរិក​ បាន​ចុះផ្សាយថា ​កម្ពុជាបាន​ចុះហត្ថលេខា​ជា​សម្ងាត់​ជាមួយចិន អំឡុង​ត្រីមាស​ទី២ ឆ្នាំ២០១៩​​ ដើម្បី​ផ្ដល់​សិទ្ធិ​ឱ្យ​ប្រទេស​ចិន ​ប្រើប្រាស់​មូលដ្ឋាន​ជើងទឹក​មួយ​កន្លែង​ក្នុងឈូងសមុទ្រ​កម្ពុជា​ រយៈពេល​ ៣០ឆ្នាំ​។ ប៉ុន្តែ ការចុះផ្សាយ​នេះត្រូវបានភាគីកម្ពុជា និងចិនធ្វើការទាត់ចោល​ជាបន្តបន្ទាប់។

ភ្លាមៗដែរ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបដិសេធចំពោះការចុះផ្សាយ​នោះ និងថា ជាព័ត៌មាន​ប្រឌិត​ដែល​មាន​ចេត​នា​ដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ កាលពីថ្ងៃទី២៦ ខែកក្កដា រដ្ឋាភិបាលកម្ពុជា បាននាំអ្នកសារព័ត៌មាន​ជាង ៧០នាក់ មកពី៣៦អង្គភាព ទៅចុះទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បី​ជាការបង្ហាញ​ដល់សាធារណជន​ទូទៅ​ថា ​មិន​មាន​មូលដ្ឋាន​កងទ័ពចិន​នៅតំបន់​នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ