តុលាការសម្រេចដោះលែងលោក គង់ រ៉ៃយ៉ា ឱ្យនៅក្រៅឃុំ​បណ្ដោះ​អាសន្ន​

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គង់ រ៉ៃយ៉ា ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ លើពាក្យសុំនៅក្រៅឃុំបណ្ដោះអាសន្ន ករណីលោកប្រកាសលក់អាវយឺតមាន​រូបលោក កែម ឡី ដោយភ្ជាប់ជាមួយទ្រឹស្តីថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ»។ (បញ្ញា ឆពណ្ណ)

សាលាដំបូងរាជធានីភ្នំពេញសម្រេចអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា នៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ជាប់ពន្ធនាគារជាង៤ខែកន្លងមក ក្រោយពីលោកប្រកាសលក់អាវយឺតមាន​រូបលោក កែម ឡី ដោយភ្ជាប់ជាមួយទ្រឹស្តីថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ»

លោក គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមបទចោទ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម និងបទមិនរាងចាលក្នុងបទមជ្ឈឹម។

ការដែលសមត្ថកិច្ចចាប់ និងឃុំខ្លួនលោក គង់ រ៉ៃយ៉ា ធ្វើឡើងបន្ទាប់លោកប្រកាសលក់អាវយឺតមានរូបលោក កែម ឡី តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ អាវយឺតនោះមានភ្ជាប់ជាមួយទ្រឹស្តីលោកបណ្ឌិត កែម ឡី ដោយសរសេរថា«បើអ្នកមិនធ្វើអ្វីសោះ ក៏គង់នឹងរងគ្រោះដែរ»

កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើពាក្យសុំនៅក្រៅឃុំរបស់លោក គង់ រ៉ៃយ៉ា ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម។

នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា បានប្រកាសម្រេចអនុញ្ញាតឱ្យលោក គង់ រ៉ៃយ៉ា នៅក្រៅឃុំ ដោយសំអាងថា លោកមានបញ្ហាសុខភាព និងមានភារៈរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែ ហាមឃាត់មិនឱ្យចេញក្រៅប្រទេស មិនឱ្យធ្វើការសកម្មភាពលើបណ្ដាញសង្គម រួមទាំងត្រូវបង្ហាញខ្លួនតាមដីការបស់តុលាការ ជាដើម។

លោកស្រី អ៊ុក រ៉េតគន្ធា ប្រកាសថា៖ «មូលហេតុ ជំងឺក្រពះធ្វើទុក្ខខ្លាំង ហើយឈឺឆ្អឹងខ្នង ទាមឱ្យមានការព្យាបាលទាន់ពេល ដោយសារនៅពន្ធនាគារគ្មានពេទ្យជំនាញទេ ដែលការព្យាបាលកន្លងមកគឺបានគ្រូពេទ្យអង្គការលីកាដូជួយ ហើយគ្រូពេទ្យលីកាដូក៏បានចេញលិខិតបញ្ជាក់ពីស្ថានភាពជំងឺលោក គង់ រ៉ៃយ៉ា ដែរ។ ការស្នើសុំនៅក្រៅឃុំនេះដែរ ដោយសារ មេគ្រួសាររកប្រាក់ផ្គត់ផ្គង់ការព្យាបាលជំងឺរបស់ម្តាយជរា និងការរស់នៅរបស់ប្រពន្ធ ព្រមទាំងកូនស្រី និងចង់ទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅមហាវិទ្យាល័យ»

ប្រាប់អ្នកសារព័ត៌មានវីអូឌី បន្ទាប់ពីបានស្ដាប់សេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃនេះ ភរិយាលោក គង់ រ៉ៃយ៉ា គឺអ្នកស្រី សុខ ស្រីនិច ចាត់ទុកការសម្រេចរបស់តុលាការនៅថ្ងៃនេះ មិនទាន់ទទួលបានយុត្តិធម៌ទេ បើសិនជាតុលាការមិនទម្លាក់បទចោទប្រកាន់លើស្វាមីរបស់គាត់នោះ។

អ្នកស្រី សុខ ស្រីនិច លើកឡើងថា៖« ដូច្នេះ វាអត់មានទៅពាក់ព័ន្ធអី ទៅចោទប្រកាន់ទេ ​[គាត់]ធ្វើក្នុងលក្ខណៈ​សិស្សគោរពគ្រូ គ្រាន់តែយកទស្សនៈ​របស់គាត់។ បើសិនស្វាមីខ្ញុំយករូបលោកបណ្ឌិត កែម ឡី​​ដែលគេបាញ់មក ​រូបភាពជាឈាមអីស្រស់ ឬជាទស្សនៈរបស់ស្វាមីខ្ញុំផ្ទាល់​ យកទៅដាក់លើអាវហ្នឹង ក៏ខ្ញុំមិនថាដែរ គាត់មានកំហុស ប៉ុន្តែនេះ ​គឺអត់មានទាល់តែសោះ ​គឺអាវហ្នឹង គឺរូបភាពលោកគ្រូធម្មតា​។ ​​ហើយទស្សនៈរបស់លោកគ្រូទាំងអស់ គឺស្វាមីខ្ញុំអត់បានបញ្ជូនអីទេ គឺដាក់តាមគាត់ទាំងអស់​។ ខ្ញុំចង់ឱ្យតុលាការគាត់ទម្លាក់បទចោទមកលើស្វាមីខ្ញុំតែម្ដង ព្រោះគាត់ជាបុគ្គលគ្មានកំហុស​»

មេធាវីការពារក្ដីឱ្យលោក គង់ រ៉ៃយ៉ា គឺលោក សំ សុគង់ មានប្រសាសន៍ថា ការសម្រេចសេចក្ដីរបស់តុលាការមិនទាន់ផ្ដល់សិទ្ធិសេរីភាពពេញលេញដល់កូនក្ដីរបស់លោកនៅឡើយ ដោយសារ តុលាការមិនទម្លាក់បទចោទប្រកាន់ទាំងស្រុងនោះ។ ប៉ុន្តែ ទោះជាយ៉ាង លោកបង្ហាញក្ដីសង្ឃឹមថា តុលាការទម្លាក់ចោលបទចោទប្រកាន់លើកូនក្ដីរបស់គាត់នៅពេលខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «កាលណាយើងដាក់លក្ខខណ្ឌហាម​មិន​​ឱ្យចាកចេញ​ លេង ឬទាក់ទងតាមបណ្ដាញហ្វេសប៊ុក គឺវាប៉ះពាល់នឹងសិទ្ធិជនជាប់ចោទ ពាក់ព័ន្ធនឹងសេរីភាពក្នុងការដើរហើរ ក៏ដូចជា សេរីភាពបញ្ចេញមតិ។ ប៉ុន្តែ [ខ្ញុំ]សវនាការអង្គសេចក្ដីដែលនឹងប្រព្រឹត្តនៅថ្ងៃទី​២០ ខែធ្នូ ខាងមុខនេះ លក្ខខណ្ឌទាំងអស់នេះនឹងត្រូវ[ទម្លាក់ចោទ]»

យុវជន គង់ រ៉ៃយ៉ា ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំកន្លះម្តងរួចមកហើយ នាអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ព្រោះបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាក់​ទងនឹងបទចោទថា មាន​បំណងធ្វើបដិវត្តន៍ពណ៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ