ស្ថិតក្នុងវ័យ ៤៧ឆ្នាំ ឈុន សុវាត បានចូលបម្រើការងារក្នុងរោងចក្រកាត់ដេរអស់រយៈពេលជាយូរមកហើយ។ ប្រាក់ចំណូលថេរដែលមានចំនួនតិចជាង ២០០ដុល្លារក្នុងមួយខែ ធ្វើឱ្យគាត់ត្រូវយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ៦,០០០ដុល្លារ ដើម្បីចំណាយលើតម្លៃផ្ទះមួយខ្នងនៅខេត្តតាកែវ។ ប៉ុន្តែ ដោយសាររោងចក្រដែលគាត់ធ្វើនៅទីក្រុងភ្នំពេញ ត្រូវផ្អាកដំណើរការយ៉ាងហោចណាស់ក៏រហូតដល់ចុងខែមិថុនានោះ ទើបពេលនេះ បំណុលជាក្តីកង្វល់សម្រាប់អ្នកស្រី សុវាត។
ការរីករាលដាលនៃវីរុសកូវីដ១៩ និងការដាំក្បាលចុះនៃសេដ្ឋកិច្ចពិភពលោក ធ្វើឱ្យរោងចក្រជាង ១០០កន្លែង ត្រូវផ្អាកដំណើរការនៅឆ្នាំនេះ ចំណែកអ្នកស្រី សុវាត ក៏ដូចជាកម្មករកាត់ដេរដទៃទៀតដែលត្រូវបានព្យួរការងារផងដែរ កំពុងជួបប្រទះការលំបាកក្នុងការរិះរកវិធីដោះបំណុល។
អ្នកស្រី សុវាត និយាយថា៖ «យើងចង់ឱ្យអម្រឹតពន្យារពេលបង់ប្រាក់ដល់ពួកយើង ព្រោះប្រាក់ខែដែលទទួលបានពីរោងចក្រគឺមិនទៀងដូចមុនទៀតឡើយ»។
ការថ្លែងនេះ គឺសម្តៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលជាគ្រឹះស្ថានផ្ដល់កម្ចីធំជាងគេមួយក្នុងចំណោមគ្រឹះស្ថានធំៗផ្សេងទៀតក្នុងប្រទេសកម្ពុជាដោយផ្អែកលើទំហំកម្ចី។
អ្នកស្រី សុវាត និយាយថា គាត់ប្រហែលជាត្រូវលក់ដីស្រែរបស់គ្រួសារគាត់ ដែលនឹងធ្វើឱ្យគាត់កាន់តែបាត់បង់លទ្ធភាពសងប្រាក់កម្ចីថមទៀត។
សម្រាប់កម្មកររោងចក្រកាត់ដេរជាប់បំណុលដែលរកប្រាក់ចំណូលបានតិចជាងមុន ដោយសារត្រូវបានព្យួរការងារពាក់ព័ន្ធនឹងការរីករាលដាលនៃមេរោគកូរ៉ូណានោះ បំណុលដែលពួកគេជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការគំរាមកំហែងដោយផ្ទាល់ធំជាងមេរោគទៅទៀត ទើបនាំឱ្យមនុស្សមួយចំនួនពិចារណាចង់លក់ទ្រព្យរបស់ខ្លួនមុននឹងត្រូវគេរឹបអូស។
ទោះបីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យអ្នកផ្តល់ប្រាក់កម្ចីទុកពេល និងអនុញ្ញាតពន្យារការបង់ប្រាក់ក្នុងពេលកំណើនសេដ្ឋកិច្ចយឺតយ៉ាវ ហើយវិស័យហិរញ្ញវត្ថុក៏គាំទ្រចំពោះសកម្មភាពនេះក៏ដោយ ក៏ពុំទាន់ឃើញមានគោលការណ៍ជាក់លាក់ណាមួយលេចឡើងនៅឡើយទេ ហើយអ្នកផ្តល់ប្រាក់កម្ចីក៏មិនទាន់មានកាតព្វកិច្ចក្នុងការជួយសម្រួលផលលំបាកដល់អ្នកជាប់បំណុលនៅឡើយដែរ។
បញ្ហាទាក់ទងនឹងបំណុលរបស់កម្មករជាច្រើនមិនមែនជារឿងថ្មីទេ
យោងតាមរបាយការណ៍ឆ្នាំ២០១៩ ពីអង្គការសិទ្ធិមនុស្សចំនួនពីរ បានឱ្យដឹងថា បំណុលដែលជំពាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា បានបណ្ដាលឱ្យមាន «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ» បង្កឱ្យមាន «ការគំរាមកំហែងគួរឱ្យកត់សម្គាល់» ចំពោះគ្រួសារជាប់បំណុលដែលកាន់កាប់ដីធ្លី ហើយជាប់ពាក់ព័ន្ធនឹងការបង្ខំឱ្យលក់ដីធ្លី ពលកម្មកុមារ ចំណាកស្រុកដើម្បីរកប្រាក់សងបំណុល និងអសន្តិសុខស្បៀង។
ទោះបីថ្នាក់ដឹកនាំ និងមន្រ្តីផ្នែកឧស្សាហកម្មកាត់ បានច្រានចោលលទ្ធផលរបាយការណ៍នេះ ឬអះអាងថា របាយការណ៍នេះគឺជាការបំផ្លើសក្តី អ្នកសរសេររបាយការណ៍របស់អង្គការលីកាដូ និងសមាគមធាងត្នោត (STT) បានសន្និដ្ឋានថា ការរំលោភសិទ្ធិ «បង្កើតឱ្យមានធាតុផ្សំសំខាន់មួយនៃគំរូអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»។
កាលពីមុន ការផ្តល់ឥណទានខ្នាតតូច គឺជាការផ្តល់កម្ចីក្នុងទំហំតិចតួចដល់អ្នកខ្ចីដែលមានប្រាក់ចំណូលទាប ដែលជាមធ្យោបាយមួយក្នុងការជួយកាត់បន្ថយភាពក្រីក្រដែរ ទោះបីអាចការផ្ដល់កម្ចីរបៀបនេះមានហានិភ័យចំពោះអ្នកផ្តល់កម្ចីយ៉ាងណាក្ដី។ ប៉ុន្តែ បច្ចុប្បន្ន វិស័យនេះបានប្រែក្លាយជាឧស្សាហកម្មដែលរកបានប្រាក់ចំណេញរាប់ពាន់លានដុល្លារទៅវិញ។
បើយោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងថា នៅប្រទេសកម្ពុជា អ្នកខ្ចីប្រាក់ជាង ២.២លាននាក់ បានជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណ ៧.៣ពាន់លានដុល្លារ ក្នុងត្រីមាសទីបួននៃឆ្នាំ២០១៩។
អង្គការលីកាដូ និងសមាគមធាងត្នោត កត់សម្គាល់ថា ទោះបីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមើលទៅហាក់មានស្ថានភាពល្អប្រសើរពីខាងក្រៅក៏ពិតមែន ដោយមានអត្រាឥណទានមិនដំណើរការ ឬជាប់គាំងទារត្រឡប់វិញមិនបាន មានត្រឹមតែ ១.៨ភាគរយនៅចុងឆ្នាំ២០១៨ ប៉ុន្តែ ស្ថានភាពនេះ អាចសម្រេចបានដោយការបង្ខំឱ្យអ្នកខ្ចីលក់ទ្រព្យរបស់ខ្លួន ដើម្បីអាចសងបំណុលបានទាន់ពេលវេលា។
បើតាមរបាយការណ៍ឆ្នាំ២០១៩ បានឱ្យដឹងថា កំណើនកម្ចីខ្នាតតូច បានកើនលើសទំហំសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាទៅទៀត។ ទំហំកម្ចីរបស់វិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតាមបណ្ដាខេត្តមួយចំនួន មានចំនួនលើសពី ៨០ភាគរយនៃចំនួនគ្រួសារ ហើយអ្នកខ្ចីជាច្រើនបានយកកម្ចីផ្លូវការ ឬក្រៅផ្លូវការបន្ថែម ដើម្បីមកដោះបំណុលផ្សេងទៀត។
ទន្ទឹមនឹងនេះ នៅប្រទេសកម្ពុជាមានតែវិស័យកាត់ដេរ និងស្បែកជើងប៉ុណ្ណោះដែលមានប្រាក់ឈ្នួលអប្បបរមាកើនឡើងជាបន្តបន្ទាប់ពី ៨០ដុល្លារក្នុងមួយខែក្នុងឆ្នាំ២០១៣ ដល់ ១៩០ដុល្លារក្នុងមួយខែនៅក្នុងឆ្នាំនេះ។
តំណាង CMA ម្នាក់ បានលើកឡើងថា កម្មករកាត់ដេរជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងតិច ១នាក់ក្នុងចំណោមកម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៥ ក្នុងប្រទេស គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ។
អ្នកស្រី សុវាត ដែលជាកម្មការិនីកាត់ដេរដែលត្រូវព្យួរការងារ បានប៉ាន់ប្រមាណថា អ្នកដែលធ្វើការជាមួយគាត់ភាគច្រើននៅរោងចក្រ Canteran Apparel សុទ្ធតែជាអ្នកជាប់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្តែ បានកត់សម្គាល់ថា ពួកគាត់ហ៊ានប្រថុយនឹងការខ្ចីប្រាក់ក៏ព្រោះតែការងារនៅរោងចក្ររបស់ពួកគាត់ហាក់មានស្ថិរភាព។ ពេលខ្លះ ពួកគាត់មួយចំនួនអាចខ្ចីប្រាក់បន្តិចបន្តួចពីគ្នា ដើម្បីទប់ទល់នឹងការកាត់បន្ថយម៉ោងការងារ និងថ្លៃឈ្នួលដែលបណ្តាលមកពីការថយចុះផលិតកម្ម តែបញ្ហានេះនឹងទប់លែងបាននៅពេលកម្មករជាច្រើនទៀតត្រូវបាត់បង់ការងារធ្វើ។
អ្នកស្រី សុវាត ព្រួយបារម្ភយ៉ាងខ្លាំងថា ក្នុងពេលដ៏ខ្លីខាងមុខ គាត់នឹងអស់ប្រាក់ គ្មានអាហារហូបចុក គ្មានផ្ទះសម្បែង ប៉ុន្តែ គាត់ និងមិត្តរួមការងារ ក៏ភ័យខ្លាចចំពោះការឆ្លងវីរុសនៅពេលធ្វើការផងដែរ។
គាត់បាននិយាយថា៖ «ពួកយើងចង់ឱ្យរដ្ឋាភិបាលបិទ [រោងចក្រ] បណ្តោះអាសន្ន ពីព្រោះហានិភ័យនៃការឆ្លងកំពុងកើនឡើង។ បើមានកម្មករណាម្នាក់ឆ្លងមេរោគនេះ ពួកយើងគ្រប់គ្នាក៏អាចប្រឈមនឹងការឆ្លងដែរ ដូច្នេះ ពួកយើងស្នើសុំឱ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍ និងជួយពន្យារពេលសងចំពោះប្រាក់កម្ចីពួកយើងដែលខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។
ខ្ញុំនឹងព្យាយាមរកប្រាក់ឱ្យអស់ពីលទ្ធភាព
មានប្រជាជនកម្ពុជាជាង ៨សែននាក់ ដែលភាគច្រើនជាស្ត្រី កំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរប្រមាណ ១,៥០០កន្លែងនៅទូទាំងប្រទេស។ តាមការរំពឹងទុក ទិដ្ឋភាពនៃការបាត់បង់ការងារធ្វើក្នុងចំនួនដ៏ច្រើននេះ នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលរដ្ឋរាប់ម៉ឺនគ្រួសារ និងឧស្សាហកម្មមួយដែលក្នុងឆ្នាំ២០១៨ រកប្រាក់ចំណូលបាន ១០ពាន់លានដុល្លារពីការនាំចេញ។
កាលពីដើមខែមេសានេះ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានថ្លែងថា មានរោងចក្រចំនួន ១១០ បានស្នើសុំរដ្ឋាភិបាលដើម្បីផ្អាកដំណើរការ ដោយមានកម្មករប្រមាណ ៩៦,០០០នាក់ដែលត្រូវរងផលប៉ះពាល់។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោកឆ្នាំ២០១៩ បានឱ្យដឹងថា វិស័យកាត់ដេរ និងស្បែកជើងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា ដោយសារការនាំចេញរបស់ឧស្សាហកម្មនេះមានចំនួនច្រើនជាង ២ ភាគ ៣ នៃការនាំចេញទំនិញសរុបរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨កន្លងមក។
ស្របពេលដែលរដ្ឋាភិបាលបានរឹតបន្តឹងការធ្វើដំណើរ និងចេញបទបញ្ជាឱ្យបិទនូវសាលារៀន សារមន្ទីរ រង្គសាល រោងភាពយន្ត កន្លែងហាត់កីឡា កាស៊ីណូ កន្លែងម៉ាស្សានៅទូទាំងប្រទេស និងការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់ព្រះបរមរាជវាំង ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យរោងចក្រនៅតែបន្តដំណើរការដដែល។ នៅពេលប្រកាសផ្អាកថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរនាសប្តាហ៍នេះ លោក ហ៊ុន សែន បានមានប្រសាសន៍ថា ទីកន្លែងមាន«សុវត្ថិភាពបំផុត» សម្រាប់ពលរដ្ឋ គឺនៅកន្លែងធ្វើការ។
ប៉ុន្តែ កាលពីដើមឆ្នាំនេះ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឱ្យស្ថាប័នផ្តល់ឥណទានពន្យារពេលសងប្រាក់ជូនបុគ្គលិកដែលត្រូវបានព្យួរការងារ និងបន្ថយអត្រាការប្រាក់ផងដែរ។ ធនាគារជាតិនៃកម្ពុជាបានសម្តែងការគាំទ្រចំពោះគំនិតនេះ ដោយរួមមានទាំងការផ្តល់ «ភាពបត់បែន» ដល់កម្មករដែលរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ ក៏ប៉ុន្តែ វិស័យមីក្រូហិរញ្ញវត្ថុនៅមិនទាន់បានផ្សព្វផ្សាយជាសាធារណៈនៅឡើយនូវជម្រើសច្បាស់លាស់ក្នុងការរៀបចំឥណទានឡើងវិញ សម្រាប់អ្នកដែលជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ច។
ក្នុងខណៈពេលនេះ សេដ្ឋកិច្ចជាតិក៏ដូចទៅនឹងស្ថានភាពសេដ្ឋកិច្ចទូទាំងពិភពលោកផងដែរ ត្រូវបានរំពឹងថា នឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ។ ទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ច (GDP) របស់កម្ពុជា មកនៅត្រឹមចន្លោះពី ២.៣ ទៅ ២.៥ភាគរយ សម្រាប់ឆ្នាំ២០២០ នៅពេលដែលជំងឺរាតត្បាតគំរាមកំហែងដល់ឧស្សាហកម្មសំខាន់ៗ។ ធនាគារពិភពលោក ថែមទាំងបានលើកឡើងថា កំណើនសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះមកនៅត្រឹម ១ភាគរយក្នុងរូបភាពដ៏អាក្រក់មួយ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានថ្លែងថា ខណៈរដ្ឋាភិបាលខិតខំក្នុងការទិញនូវវត្ថុធាតុដើមពីប្រទេសចិនដើម្បីអាចឱ្យកម្មករមួយចំនួនវិលត្រឡប់ទៅធ្វើការវិញ រោងចក្រមួយចំនួនកំពុងបាត់បង់ការបញ្ជាទិញដោយសារតម្រូវការលក់រាយអន្តរជាតិមានការធ្លាក់ចុះ ហើយក្រុមហ៊ុនខ្លះមិនគោរពកិច្ចសន្យា និងមិនបង់ថ្លៃបញ្ជាទិញទំនិញឡើយ។
លោក អាត់ ធន់ បានលើកឡើងថា៖ «កម្មករមួយចំនួនកំពុងរង់ចាំរោងចក្របើកដំណើរការវិញ មួយចំនួនកំពុងរង់ចាំការជួយពីរាជរដ្ឋាភិបាល ចំណែកកម្មករជាច្រើនផ្សេងទៀតកំពុងស្វែងរកការងារផ្សេង។ ប៉ុន្តែ ពួកគាត់មិនអាចធ្វើដំណើរទៅស្រុកក្រៅដើម្បីទៅរកការងារធ្វើទេ ដោយមូលហេតុគ្មានការងារក្នុងវិស័យទេសចរណ៍ សំណង់ ឬវិស័យសេវាកម្ម និងឧស្សាហកម្ម។ បើដូច្នេះ តើពួកគាត់គួរធ្វើដូចម្ដេច?»។
កម្មករជាច្រើន ពួកគេមិនសូវមានជម្រើសឡើយ មានតែចាកចេញពីរោងចក្រ ហើយត្រឡប់ទៅផ្ទះវិញ។
នោះហើយជាអ្វីដែលអ្នកនាង ចើម សុខុន បានជួបប្រទះនៅក្នុងខែមករាកន្លងមក នៅពេលដំណើរការនៅរោងចក្រ Dignity Knitter ត្រូវបានផ្អាកជាបណ្តើរៗដោយសារបញ្ហាវីរុសកូវីដ១៩។ ផលិតកម្មនៅរោងចក្រមួយនេះដែលស្ថិតនៅក្នុងខេត្តកណ្តាល បានបញ្ឈប់ជាស្ថាពរនៅថ្ងៃទី០២ ខែមីនា ហើយអ្នកនាង សុខុន បាននិយាយថា គាត់ទទួលបានប្រាក់ខែតែពាក់កណ្តាលនៃប្រាក់ឈ្នួលចំនួន ១៩០ដុល្លារប៉ុណ្ណោះរហូតដល់ខែកុម្ភៈ ប៉ុន្តែ មិនទទួលបានប្រាក់អតីតភាពការងារទេ។
អ្នកនាង សុខុន បានលើកឡើងថា បុគ្គលិកដែលបម្រើការយូរជាងគេ គឺជាអ្នកដែលត្រូវបានរោងចក្របញ្ឈប់ពីការងារមុនគេ។
បន្ទាប់ពីសងត្រឡប់អស់រយៈពេលមួយឆ្នាំមក គាត់បានសងប្រាក់ចំនួន ១,៥០០ដុល្លារនៃប្រាក់កម្ចី ៦,០០០ដុល្លារដែលគាត់បានខ្ចីពីគ្រឹះស្ថានអម្រឹត។ ប៉ុន្តែ បន្ទាប់ពីបាត់បង់ការងារក្នុងខែមករាឆ្នាំនេះមក អ្នកនាង សុខុន ព្រួយបារម្ភថា គ្រប់យ៉ាងអាចនឹងក្លាយជារឿងអសារបង់។
អ្នកនាង សុខន បាននិយាយថា៖ «កម្មករជាច្រើនកំពុងត្រឡប់ទៅផ្ទះទាំងមិនទទួលបានសំណង ពីព្រោះថៅកែរោងចក្របានរត់ចោល។ ឥឡូវ ខ្ញុំធ្វើការជាកម្មករសំណង់នៅពេលថ្ងៃ ឯពេលយប់ធ្វើការជាអ្នករត់តុ»។
ទោះបីយ៉ាងណា គាត់សង្កេតឃើញថា មានការប្រជែងដណ្តើមការងារទាំងនេះជាខ្លាំង ដោយសារពលករចំណាកស្រុកដែលបាត់បង់ការងារធ្វើរាប់ពាន់នាក់បានវិលត្រឡប់មកកម្ពុជាពីប្រទេសថៃវិញកាលពីថ្មីៗនេះ។
ពេលថ្ងៃរកចំណូលបាន ៧.៥ដុល្លារក្នុងមួយថ្ងៃពីការងារសំណង់ និង ៥ដុល្លារក្នុងមួយយប់ពីការងារនៅភោជនីយដ្ឋាន អាចឱ្យអ្នងនាង សុខុន មានសុវត្ថិភាពពេលនេះ ប៉ុន្តែ មិនដឹងថា ការងារទាំងនេះអាចឱ្យគាត់ធ្វើបានរហូតដល់ពេលណាឡើយ។
អ្នកនាង សុខុន ប្រាប់ថា៖ «ខ្ញុំនឹងព្យាយាមរកប្រាក់ ខ្ញុំនឹងធ្វើការងារគ្រប់យ៉ាងដើម្បីរកប្រាក់មកសង [អម្រឹត] ដើម្បីកុំឱ្យពួកគេរឹបអូសទ្រព្យសម្បត្តិរបស់យើង ប៉ុន្តែ យើងបានចាប់ផ្តើមលក់មាន់ ជ្រូក និងគោរបស់យើងដើម្បីសងបំណុលហើយ និងបារម្ភពីការបាត់បង់ដីរបស់យើងផង។ ប្រសិនបើពួកគេរឹបអូសដីរបស់យើង យើងមិនដឹងថាត្រូវទៅទីណាទេ»។
គាត់បន្ថែមថា គាត់ត្រូវសងបំណុលចំនួន ១៨០ដុល្លារក្នុងមួយខែ ដោយគាត់បង់ពាក់កណ្តាល ឯបងប្អូនរបស់គាត់ជាអ្នកបង់ ៩០ដុល្លារទៀត។
ខាងគ្រឹះស្ថានអម្រឹតមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
កាលពីឆ្នាំ២០១៧ អ្នកស្រី សូនី ឌីណា ដែលជាបុគ្គលិកអាយុ ៣៤ឆ្នាំ នៅរោងចក្រកាត់ដេរ Wai Full ស្ថិតនៅក្នុងខេត្តកណ្ដាល បានខ្ចីប្រាក់ចំនួន ១០,០០០ដុល្លារ ពីហត្ថាកសិករលីមីតធីត (HKL) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយផងដែរនៅប្រទេសកម្ពុជា ដែលមានឥណទានមិនទាន់សងចំនួនជាង ១ពាន់លានដុល្លារគិតត្រឹមខែមករាកន្លងមកថ្មីៗនេះ។ អ្នកស្រី ឌីណា បានប្រើកម្ចីនេះដើម្បីបើកភោជនីយដ្ឋានលក្ខណៈគ្រួសារមួយ ប៉ុន្តែ គាត់ទទួលបានកម្ចីនេះដោយប្រគល់ប័ណ្ណកម្មសិទ្ធិផ្ទះរបស់គាត់ដាក់ជាទ្រព្យបញ្ចាំ។
ក្រោយទទួលកម្ចីបានជិត ២ឆ្នាំទៅហើយនោះ ភោជនីយដ្ឋានរបស់គាត់ក៏ត្រូវបិទទ្វារនៅចុងឆ្នាំ២០១៨ទៀត ឥឡូវគាត់មានតែពឹងផ្អែកលើប្រាក់ខែរបស់ប្តីដើម្បីដោះបំណុល និងតម្រូវការក្នុងគ្រួសារ។ ប្ដីរបស់គាត់គឺជាតន្រ្តីករម្នាក់សម្រាប់កម្មវិធីនានា ហើយលទ្ធភាពរកប្រាក់របស់គាត់ក៏ត្រូវរងការប៉ះពាល់ពីការរាតត្បាតនៃវីរុសកូវីដ១៩ ដែរ។
អ្នកស្រី ឌីណា និយាយថា៖ «នៅពេលនេះ យើងព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះរោងចក្របានបិទទ្វារ ហើយមិនដឹងថា ខាងរោងចក្រនឹងផ្តល់សំណងដល់យើង ឬអត់ឡើយ។ យើងមិនមានប្រាក់ដើម្បីសងបំណុលទេ ហើយខ្ញុំគិតថា [ម្ចាស់បំណុល] នឹងរឹបអូសយកផ្ទះរបស់យើងមិនខាន»។
គាត់បានបន្ថែមទៀតថា គាត់មិនដែលខកខានក្នុងការបង់ប្រាក់ឡើយ និងតែងតែកាត់បន្ថយចំណាយគ្រួសារដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់គាត់សងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ។
បន្ទាប់ពីបានស្តាប់ឮសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកាលពីដើមខែមីនា ចំពោះការពន្យារពេលប្រមូលបំណុលមក អ្នកស្រី ឌីណា ប្រាប់ថា គាត់មានក្តីសង្ឃឹម និងបានទូរសព្ទទៅខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដើម្បីសាកសួរថា តើពួកគេនឹងធ្វើតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីដែរឬទេ។ ប៉ុន្តែ មន្រ្តីឥណទានបានប្រាប់គាត់ថា ពួកគេនឹងនៅតែប្រមូលទាំងបំណុលដើម និងការប្រាក់ដដែល។
យ៉ាងណាមិញ លោក ហួត អៀងតុង ជាប្រធាន និងជានាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកិសករ បានបញ្ជាក់ថា កម្មករកាត់ដេរដែលជំពាក់បំណុល មិនគួរព្រួយបារម្ភទេ ក្រុមហ៊ុនរបស់លោកនឹងមិនរឹបអូសទ្រព្យសម្បត្តិ ឬដីធ្លីរបស់អ្នកខ្ចីក្នុងអំឡុងពេលមានការរាតត្បាតពីវីរុសកូវីដ១៩ ឡើយ។
លោក អៀងតុង មានប្រសាសន៍ថា៖ «យើងនឹងមិនប្រមូលប្រាក់ពីអ្នកដែលគ្មានចំណូលនោះទេ។ រហូតមកទល់ពេលនេះ យើងមានអតិថិជនដែលជាអ្នកខ្ចីប្រាក់ច្រើនជាង ១,០០០នាក់ហើយដែលបានទូរសព្ទមក ហើយយើងក៏កំពុងតែវិភាគអំពីស្ថានភាពនេះដែរ។ យើងកំពុងសិក្សាអំពីលទ្ធភាពនៃការរៀបចំឥណទានឡើងវិញ»។
វណ្ណៈជាបុគ្គលិកធ្វើការឱ្យគេ
កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្មករកាត់ដេរដែលត្រូវបានព្យួរការងារនឹងទទួលបានប្រាក់ ៦០ភាគរយនៃប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ដុល្លាររបស់ខ្លួន។ ប្រាក់ឈ្នួលដែលបានសន្យា ១១៤ដុល្លារ ក្នុងនោះមាន ៧៦ដុល្លារទទួលបានពីភាគីថៅកែរោងចក្រ និង ៣៨ដុល្លារទៀតជាបន្ទុករបស់រាជរដ្ឋាភិបាល ប៉ុន្តែ ក្រោយមក សមាគមឧស្សាហកម្មកាត់ដេរ (GMAC) បានលើកឡើងថា លំហូរចេញនៃសាច់ប្រាក់ដ៏ច្រើន និងការបង្អាក់ដំណើរការ បណ្តាលឱ្យរោងចក្រពុំមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលដល់កម្មករដែលត្រូវបានព្យួរការងាររហូតនោះឡើយ។
បន្ទាប់មក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកាលពីសប្តាហ៍មុនថា កម្មករដែលត្រូវបានព្យួរការងារទាំងអស់នឹងទទួលបានប្រាក់ឈ្នួលចំនួន ៧០ដុល្លារក្នុងមួយខែ ដោយ ៤០ដុល្លារបានមកពីខាងរដ្ឋាភិបាល និង ៣០ដុល្លារទៀត បានមកពីភាគីថៅកែរោងចក្រ។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ (Central) បានថ្លែងថា នេះជាការប៉ះពាល់ដល់លទ្ធភាពកម្មករក្នុងការសងបំណុល ជាពិសេសអង្គការនេះ បានប៉ាន់ប្រមាណថា ប្រាក់ចំណូលប្រហែលពាក់កណ្តាលរបស់កម្មករកាត់ដេរ ត្រូវបានប្រើសម្រាប់ទូទាត់សងប្រាក់កម្ចី។
លោក ថារ៉ូ បានលើកឡើងថា ការបង្កើនហានិភ័យបំណុលមិនមែនជារឿងចម្លែកទេសម្រាប់វិស័យកាត់ដេរ។
លោកនិយាយថា៖ «វណ្ណៈបុគ្គលិកជាអ្នកធ្វើការឱ្យគេ គឺបែបនេះហើយ»។
លោក មឿន តុលា ជានាយកប្រតិបត្តិរបស់អង្គការសង់ត្រាល់ បានថ្លែងថា ចំណាត់ការពីរដ្ឋាភិបាល គឺត្រូវការជាបន្ទាន់។
លោក តុលា មានប្រសាសន៍ថា៖ «ប្រជាជនមិនមានលុយកាក់ឡើយ ប្រសិនបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើការរឹបអូសពីអ្នកដែលរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩ នោះនឹងបង្កជាវិវាទធំ»។
លោកបន្តថា៖ «យើងជួបជាមួយកម្មករជារៀងរាល់ខែ។ ក្នុងនោះមានជាង ៩០ភាគរយនៃអ្នកដែលយើងបានជួបសំណេះសំណាល ពួកគេជាប់បំណុល។ ពួកគាត់ភាគច្រើនប្រគល់សិទ្ធិកាន់កាប់ដីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូច្នេះ ប្រសិនបើគ្មានចំណាត់ការពីរដ្ឋាភិបាលទេ ប្រទេសកម្ពុជានឹងប្រឈមមុខនឹងវិបត្តិសង្គម»។
លោក តុលា បានបន្ថែមទៀតថា កម្មករក៏មានការព្រួយបារម្ភរឹតតែខ្លាំងដែរអំពីហានិភ័យនៃការឆ្លងជំងឺនៅកន្លែងធ្វើការផងដែរ។
កម្មករជាច្រើនប្រមាណ ៦០នាក់ ធ្វើដំណើរក្នុងឡានតែមួយទៅមករោងចក្រ ហើយក៏ដូចគ្នានេះដែរ សម្រាប់ចម្ងាយជិតគ្នាដែលកម្មករកាត់ដេរម្នាក់ៗត្រូវធ្វើការរាល់ថ្ងៃ ចំពោះអ្នកនៅមានការងារធ្វើត្រូវប្រឈមរវាងការប្រថុយផ្នែកសុខភាព ឬការប្រថុយប្រថានអាយុជីវិតរបស់ខ្លួន។
ថវិកាសង្រ្គោះសម្រាប់អ្នកផ្តល់ប្រាក់កម្ចី?
កាលពីចុងខែមីនា ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសារាចរជាធរមានដែលស្នើឱ្យស្ថាប័នហិរញ្ញវត្ថុទាំងអស់ រួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជនក្នុងវិស័យអាទិភាពដូចជា វិស័យទេសចរណ៍ សំណង់ ដឹកជញ្ជូន និងផលិតកម្មសម្លៀកបំពាក់ ជាដើម។ ទោះជាយ៉ាងនេះក្តី ក៏សេចក្តីជូនដំណឹងនេះ ទុកឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាអ្នកកំណត់ថា តើអតិថិជនណាដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុពិតប្រាកដ។
លោក គា បូរ៉ាន់ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងជានាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ប្រាប់ថា៖ «សារាចរនេះមិនបានចែងថា ស្ថាប័នហិរញ្ញវត្ថុត្រូវតែ [ធ្វើអ្វី] នោះទេ។ គោលការណ៍ណែនាំ គឺសម្រាប់ឱ្យស្ថាប័នហិរញ្ញវត្ថុ [ធ្វើការ] តាមគោលការណ៍របស់ខ្លួន និងមើលតាមស្ថានភាពរបស់អតិថិជនម្នាក់ៗ» ។
លោក បូរ៉ាន់ បានលើកឡើងថា នៅកម្ពុជា មានអតិថិជនដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ២.២៤លាននាក់ រួមទាំងសហគ្រាសខ្នាតតូចបំផុត ឬតូច និងសហគ្រាសខ្នាតមធ្យម ដែលមានទំហំកម្ចីជាមធ្យម ៣,២៦៥ដុល្លារ។ ប៉ុន្តែ ប្រាក់កម្ចីនៅតាមជនបទភាគច្រើន គឺទាបជាង ១,០០០ដុល្លារទេ។
ប្រធានសមាគមវិស័យមីក្រូហិរញ្ញវត្ថុរូបនេះ បានមានប្រសាសន៍ថា លោកជឿជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងយកចិត្តទុកដាក់ចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩។
លោកបានមានប្រសាសន៍ថា៖ «យើងនឹងបន្តឃ្លាំមើលស្ថានការណ៍នេះឱ្យបានដិតដល់ ហើយសមាជិក CMA ក៏បានយល់ព្រមផ្តល់ជម្រើសចំពោះការរៀបចំឥណទានឡើងវិញ សម្រាប់អតិថិជនដែលពិតជារងការប៉ះពាល់លើប្រាក់ចំណូលរបស់ខ្លួន បណ្តាលមកពីការផ្អាកដំណើរការរោងចក្រផងដែរ»។
នៅពេលចោទសួរថា តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប៉ុន្មាននៅក្នុងសមាគមដែលនឹងធ្វើតាមគោលការណ៍ណែនាំរបស់ NBC លោក បូរ៉ាន់ បានមានប្រសាសន៍ថា លោកគិតថា គ្រឹះស្ថានទាំងអស់នឹងធ្វើតាម ប៉ុន្តែ លោកក៏បានបញ្ជាក់ដែរថា គោលការណ៍មិនមែនជាបទបញ្ជាឱ្យបញ្ឈប់ការប្រមូលប្រាក់បំណុលនោះទេ ប៉ុន្តែ ជាជម្រើសមួយសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
លោក Milford Bateman អ្នកនិពន្ធសៀវភៅ «ហេតុអ្វីបានជាមីក្រូហិរញ្ញវត្ថុមិនដំណើរការ? ការកើនឡើងនៃការបំផ្លាញលទ្ធិសេរីនិយមសម័យថ្មី» មើលឃើញការរាតត្បាតនៃវីរុសកូរ៉ូណាជាចំណុចសក្តានុពលសម្រាប់ការធ្វើកំណែទម្រង់។
លោកប៉ាន់ស្មានថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺជាឧស្សាហកម្មមួយដែលរកប្រាក់ចំណេញបានច្រើនបំផុតនៅក្នុងប្រទេស ដែលមានតម្លៃប្រមាណ ១០ពាន់លានដុល្លារ។
លោក Bateman បានបកស្រាយថា៖ «ទោះបីជា ADB [ធនាគារអភិវឌ្ឍន៍អាស៊ី] ឬធនាគារពិភពលោក អាចជួយសម្រួលដល់អន្តរាគមន៍តូតឹម ដោយសារហេតុផលមនោគមវិជ្ជាយ៉ាងណាសម្រាប់វិបត្តិមុនៗ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានផ្អាកដំណើរការបន្ទាប់ពីពួកគេធ្វើការរឹបអូសដី ដូច្នេះ រដ្ឋាភិបាកកម្ពុជាអាចនឹងផ្អាកដំណើរការរបស់វិស័យមីក្រូហិរញ្ញវត្ថុ និងទាមទារឱ្យមានការផ្លាស់ប្តូរ ប៉ុន្តែ អ្នកបញ្ចុះបញ្ចូលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាអ្នកមានឥទ្ធិពល និងធ្វើគ្រប់បែបយ៉ាងដើម្បីទប់ទល់នឹងការកែទម្រង់»។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលមានថវិកាចន្លោះពី ៨០០លានដុល្លារ ទៅ ២ពាន់លានដុល្លារ ដើម្បីទុកបម្រុងសម្រាប់ទប់ទល់ការរាតត្បាតនៃវីរុស និងកំពុងពិចារណាលើថវិកាសង្គ្រោះពី ៥០០លានដុល្លារទៅ ៦០០០លានដុល្លារ សម្រាប់វិស័យហិរញ្ញវត្ថុ។ ក្រសួងហិរញ្ញវត្ថុ បានបដិសេធធ្វើអត្ថាធិប្បាយចំពោះការចំណាយលើថវិកានេះទេ។
លោក Bateman ស្នើថា ចាំបាច់ត្រូវមានបទប្បញ្ញត្តិរឹងមាំបន្ថែមទៀត ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុព្រមគោរពតាម។ ធនាគារពិភពលោក សម្គាល់ឃើញថា កាលពីឆ្នាំមុន វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដោយទាំងទ្រព្យសម្បត្តិ និងកម្ចីមានកំណើនក្នុងអត្រាប្រចាំឆ្នាំជាង ៤០ភាគរយចាប់តាំងពីឆ្នាំ២០០៧មក។
តាមការកត់សម្គាល់របស់លោក Bateman ឃើញថា មានការណែនាំពីអត្រាការប្រាក់ដែលបានកំណត់ក្នុងឆ្នាំ២០១៧ និងអនុស្សារណៈនៃការផ្តល់ប្រាក់កម្ចីឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយសមាជិក CMA ដោយចែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនគួរផ្តល់ប្រាក់កម្ចីដល់អតិថិជនដែលមានប្រាក់កម្ចីសកម្មពីររួចហើយនោះទេ។ យោងតាមលោក Bateman គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នឹងបន្ថែមតម្លៃថ្មីបន្ទាប់ពីខ្លួនត្រូវបានបង្ខំឱ្យគិតអត្រាការប្រាក់ទាប។
លោក Bateman និយាយថា៖ «ខ្ញុំគិតថា អ្នកនឹងឃើញរដ្ឋាភិបាលបរទេសដាក់សម្ពាធលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យផ្អាកដំណើរការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្តែ អាចនឹងជាដំណោះស្រាយមួយ ប្រសិនបើលោកផ្អាកដំណើរការគ្រឹះស្ថានទាំងនោះ ហើយផ្តល់ចំណែកដល់ប្រជាជនកម្ពុជា»។
លោករំពឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនឹងរួមបញ្ចូលគ្នា ប្រសិនបើមានការទាមទារឱ្យធ្វើកំណែទម្រង់ជាថ្នូរនឹងការទទួលបានឧបត្ថម្ភធនពីរាជរដ្ឋាភិបាលកម្ពុជា ហើយក៏កត់សម្គាល់ផងដែរថា ការរឹបអូសយកដីធ្លីស្ងាត់ៗទំនងជាអាចកើតមានក្នុងវិបត្តិកូវីដ១៩។
លោក Bateman និយាយបន្តថា៖ «ឥឡូវច្បាស់ណាស់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនមានផលវិជ្ជមានដូចដែលបានសន្យាក្នុងឆ្នាំ២០០៣ឡើយ នៅពេលគម្រោងមីក្រូហិរញ្ញវត្ថុដែលដឹកនាំដោយសហភាពអឺរ៉ុបបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ជាលទ្ធផល គឺមានតែធ្វើឱ្យបុគ្គលម្នាក់ៗជំពាក់បំណុលប៉ុណ្ណោះ»។
លោកបន្តថា៖ «ផ្នែកមីក្រូហិរញ្ញវត្ថុគួរតែជាអ្នកជួយជ្រោមជ្រែងពលរដ្ឋក្រីក្រ ដែលទស្សនៈដើមនេះបានបាត់បង់ទៅហើយ»៕
ដោយ Gerald Flynn និង Mech Dara [អាជីវកម្ម]
ចំណាំ៖ «ការស្រាវជ្រាវនេះ ផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖