ក្រុម​ប្រមូល​សំណល់​វេជ្ជ​សាស្ត្រ​៖ កម្មករ​ជួរ​មុខ​មិន​សូវ​មាន​គេ​ចាប់អារម្មណ៍​នៅ​កម្ពុជា​

បុគ្គលិកអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តម្នាក់ ចាត់ចែងទុកដាក់សំរាមនៅកន្លែងស្តុកសំរាមនៅទីលានចាក់សំរាមដង្កោរាជធានីភ្នំពេញនាថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០។ (រូបភាព៖Gerald Flynn)

មានសំឡេងដូចមនុស្សដើរជាន់របស់ស្រួយៗ។ នោះគឺជាសំឡេងស៊ឺរាំងបែក ប៉ុន្តែ ងួន សុខេង មិនចាប់អារម្មណ៍ទេ។ ទោះជាយ៉ាងណា គាត់ធ្វើការនៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានរយៈពេល ១០ឆ្នាំមកហើយ។ វាជារឿងធម្មតាទៅហើយ គាត់តែងតែដើរ ជាន់បំបែកសំណល់វេជ្ជសាស្ត្រនៅក្រោមទ្រនាប់ជើងសង្រែករបស់គាត់។

នៅពេលដែលគាត់ដើរកាត់ឃ្លាំងពេញដោយរបស់របរសំណល់ឥតសណ្តាប់ធ្នាប់ សំដៅទៅ រកឡដុតសំណល់ឧស្សាហកម្ម ដោយមានថង់លឿងចំនួនពីរ ដែលមានសញ្ញាសម្គាល់ «គ្រោះថ្នាក់ជីវសាស្ត្រ» ថង់មួយរហែកហើយទឹកថ្នាំពេទ្យជាច្រើនហូរចេញមកលើឥដ្ឋ។ ពាក់ ស្រោមដៃជ័រក្រហម និងម៉ាសដែលជាប្រដាប់ប្រដាសំខាន់ជាងគេនោះ សុខេង លើកស្រោមដៃ បង់​រុំ និងដបជាច្រើនប្រភេទ សរុបទៅមួយគំនរដែលជ្រុះមកក្រោមវិញខ្លះៗ ដោយប្រើដៃទាំងពីរ របស់គាត់ មុនពេលបោះរបស់របរទាំងនោះចូលទៅក្នុងឡដុតសំណល់ឧស្សាហកម្ម។

គាត់និយាយនៅពេលគាត់បិទទ្វារឡដុតសំណល់ឧស្សាហកម្មថា៖ «ពួកយើងត្រូវមានឧបករណ៍ល្អជាងនេះ។ ស្រោមដៃទាំងនេះស្តើងណាស់ ហើយរហែកលឿនណាស់។ ពួកយើងនៅក្បែរអារបស់របរពេទ្យអ៊ីចឹងៗមែនទែនរហូតហ្មងហ្នឹងណា។ ខ្ញុំមិនដឹងថា មួយណាមានគ្រោះថ្នាក់ ស្អីខ្លះទេ។ អាណាអាណីឆ្លងជំងឺអីខ្លះទេ។ របស់​តូចមួយក៏អាចគ្រោះថ្នាក់ដល់ជីវិតយើងដែរ ហើយពិសេសហ្នឹង ពេលយើងកំពុងធ្វើការដោយដៃ»។

នៅឯតំបន់ជាយក្រុង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មានមនុស្សតិចតួចនៅទីលានចាក់សំរាម។ សំរាមគរដូចភ្នំដែលប្រមូលមកដោយបុគ្គលិកអនាម័យក្រុង មានប្រវែងពីរបីរយម៉ែត្រ ប៉ុន្តែ កន្លែងដែល សុខេង ធ្វើការ ដំណើរការដោយអង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ ដែលជាផ្នែកមួយរបស់កាកបាទក្រហមកម្ពុជា ដែលទទួលបន្ទុកលើការងារយកសំណល់វេជ្ជសាស្ត្រទាំងអស់នៅក្នុងរាជធានីទៅចោល តាំងពីឆ្នាំ២០០៩ ។

លោក ងួន សុខេ លើកយកកញ្ចប់សំណល់វេជ្ជសាស្ត្រទៅដុតចោលនៅទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ (ហ្គ្រីដហ្រ្វេន)

សុខេង ស្ថិតក្នុងចំណោមបុរសប្រាំនាក់ដែលទទួលខុសត្រូវ លើការងារបោះចោលកាកសំណល់ វេជ្ជសាស្ត្រនៅក្នុងរាជធានីភ្នំពេញទាំងមូល ដែលត្រូវបានប្រមូលមកពីអង្គភាពវេជ្ជសាស្ត្រជាង ២០០០កន្លែងទូទាំងរាជធានី។ បួននាក់ក្នុងចំណោមបុរសទាំងប្រាំនាក់ ធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ នៅឡដុតកម្ទេចចំនួនពីរ នៅឯទីលានចាក់សំរាម ដែលជាកន្លែងសម្រាប់ដុត​សំណល់​វេជ្ជសាស្ត្រ ២តោនក្នុងមួយថ្ងៃ។

ដោយសារតែការងាររបស់ពួកគាត់មិនទទួលបានការដឹងគុណ តាំងពីប្រទេសកម្ពុជារកឃើញ​ករណីឆ្លងជំងឺកូវីដ-១៩ដំបូងកាលពីខែមករា និងកាន់តែច្រើនឡើងៗក្នុងខែមីនា និងមេសា ពួកគាត់ធ្វើការទាំងអារម្មណ៍តឹងតែងឡើងៗ។ កម្មករទាំងនោះបានឱ្យដឹងថា ពួកគាត់ប្រើ​ឧបករណ៍​​គ្មានគុណភាព មិនមានសេវាធានារ៉ាប់រង និងប្រឈមនឹងការឆ្លងជំងឺខ្លាំង ប៉ុន្តែ មាន​មនុស្ស​តិចណាស់ដឹងពីហានិភ័យដែលពួកគាត់ប្រឈម។

សុខេង ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងខែមេសានេះថា៖ «រដ្ឋាភិបាលប្រាប់ឱ្យអ្នកផ្សេងនៅផ្ទះ កុំឱ្យឆ្លង តែពួកយើងវិញ នៅតែត្រូវមកធ្វើការរៀងរាល់ថ្ងៃ ហើយគ្មានអ្នកណាជួយទេ»។

លោកបន្តថា៖ «គេត្រូវគិតពីពួកយើងដែរ។ ពួកយើងស្ថិតក្នុងស្ថានភាពប្រឈមនឹង​គ្រោះ​ថ្នាក់​រាល់​ថ្ងៃ ប៉ុន្តែ មិនបានទទួលអ្វីទេ។ គ្មានទទួលបានជំនួយពីរដ្ឋាភិបាល ឬពីខាងណាទេ»។

នៅខាងក្រោយខ្នងគាត់ ផ្សែងអួខ្មៅហុយចេញពីបំពង់ឡដុតកម្ទេចសំណល់ទាំងនោះ។ លោកនិយាយបណ្តើរ លើកដបទឹកសម្អាតឥដ្ឋតាមផ្ទះដែលយកទៅដាក់ទឹកលាងដៃថា៖

«ទាំងនេះសុទ្ធតែជាអ្វីដែលពួកយើងទទួលបានពីរដ្ឋាភិបាល»។

ប្រឈមនឹងហានិភ័យច្រើនជាងគ្រូពេទ្យ

ការងារចោលសំណល់វេជ្ជសាស្ត្រគឺជា «ផ្នែកដ៏សំខាន់មួយនៃផែនការទប់ស្កាត់ករណីឆ្លង និងព្យាបាលអ្នក​ឆ្លង​ជំងឺ» ប៉ុន្តែ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើននៅតំបន់អាស៊ី ខ្វះកន្លែង និងបទប្បញ្ញត្តិសមស្រប សម្រាប់គ្រប់គ្រង និងបោះចោលសំណល់វេជ្ជសាស្ត្រ និងសំណល់​​មានគ្រោះថ្នាក់ផ្សេងៗទៀត។ នេះបើយោងតាមអ្នកជំនាញការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក ស្តេហ្វិន ភីធ័រ (Stephen Peters) អ្នកឯកទេសផ្នែកថាមពល និងលោក គ្រីស្ទីន ចាន់ (Christine Chan) អ្នកឯកទេសផ្នែកវិនិយោគ របស់ ADB បានលើកឡើងកាលពីខែមីនាថា៖

«សំណល់គ្រោះថ្នាក់ជាញឹកញាប់ត្រូវបានដុតនៅវាលល្ហល្ហេវលាយជាមួយសំណល់រឹងក្រុង ត្រូវបានគេកែច្នៃ និងលក់សារជាថ្មីដោយខុសច្បាប់។ នេះគឺជាកត្តាគំរាមកំហែងដល់ទាំង​សុខភាព​​​អ្នកកាន់របស់​ទាំងអស់ហ្នឹង និងបរិស្ថាន»។

លោកទាំងពីរបានលើកឡើងបន្ថែមទៀតថា កន្លែងគ្រប់គ្រងហួសសម័យគួរតែត្រូវបានកែលម្អ ដើម្បីកុំឱ្យមានសារធាតុបំភាយចេញមានជាតិបំពុល និងបង្កើតថាមពលស្អាតចេញពីសំណល់។

សុខេង ដែលមានអាយុ ៣០ឆ្នាំ ពន្យល់ថា គ្មានអ្នកណាម្នាក់នៅក្នុងក្រុមរបស់លោក មានសេវា​ធានារ៉ាប់រងសុខភាពទេ ទោះបីជាត្រូវធ្វើការលើសម្ភារមានគ្រោះថ្នាក់ជាច្រើនប្រភេទ រយៈពេល​ប្រាំបួនម៉ោង​ក្នុងមួយថ្ងៃ ប្រាំមួយថ្ងៃក្នុងមួយសប្តាហ៍ក៏ដោយ។ លោកទទួលបានប្រាក់ខែតែ ២៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយរស់នៅក្នុងបន្ទប់ជួលតែម្នាក់ឯង នៅរាជធានីភ្នំពេញ។

សុខេង ប្រាប់ថា៖ «ខ្ញុំគ្មានវិធីដាក់ឱ្យខ្លួនឯងនៅដាច់ដោយឡែកបានទេ បន្ទាប់ពីចប់ការងារ​នោះ។​ ប្រពន្ធកូនខ្ញុំប្រាប់ខ្ញុំរហូតឱ្យឈប់ធ្វើការទៅ ព្រោះគាត់ខ្លាចខ្ញុំឆ្លង ប៉ុន្តែ ខ្ញុំអាចធ្វើការ​អីផ្សេង​បានទៅ? គ្រួសារខ្ញុំត្រូវការការទំនុកបម្រុងពីខ្ញុំ អ៊ីចឹងហើយ បើខ្ញុំកើតជំងឺ នោះគ្មានអ្នក​ណា​ជួយខ្ញុំទេ»។

សុខេង បានឱ្យដឹងថា កាលពីឆ្នាំមុន សហការីរបស់លោកម្នាក់បានស្លាប់ដោយ​សារជំងឺឆ្លងម្យ៉ាង​សង្ស័យថា ជាជំងឺសួត ក្នុងវ័យ ៣១ឆ្នាំ ប៉ុន្តែ កម្មករដទៃទៀតនៅអង្គភាព MWMU ជឿថា វាគឺជាផលប៉ះពាល់នៃការធ្វើការជាប្រចាំនៅឯឡដុតកម្ទេចសំណល់ទាំងនោះ តាំងពីឆ្នាំ២០១២មក។

នាយករងអង្គភាព MWMU បានលើកឡើងថា អង្គភាពរបស់លោក មិនច្បាស់ថា ​បុរសម្នាក់នោះ​បានស្លាប់ដោយសារអ្វីឱ្យពិតប្រាកដទេ ប៉ុន្តែ បញ្ជាក់ថា ស្ថាប័បានផ្តល់ប្រាក់ ១៥០ដុល្លារសម្រាប់​ព្យាបាល​ជំងឺរបស់កម្មករម្នាក់នោះ និង ៣០០ដុល្លារ សម្រាប់ពិធីបុណ្យសព។ បុរសវ័យ ៣១​ឆ្នាំរូបនោះ ធ្វើការរហូតគ្មានអ្នកជំនួសទេ ទើបធ្វើឱ្យសហការីបួននាក់ផ្សេងទៀតរបស់​គាត់មាន​កម្លាំង​កាន់តែតិច ក្នុងការបំពេញការងារចោលសំណល់ទៅក្នុងឡដុតកម្ទេចទាំងនោះ។

នៅពេលលោក សុខេង កំពុងនិយាយអំពីមិត្តរួមការងាររបស់លោកដែលបានស្លាប់ទៅនោះ មានសំឡេងផ្ទុះឡើងខ្លាំងចេញពីបំពង់ផ្សែងនៃឡដុត។ សំណល់វេជ្ជសាស្ត្រដែលបាន​ដុតរួច​មួយសន្ទុះផ្ទុះចេញទៅក្នុងមេឃ ហើយភ្លៀងក៏ធ្លាក់ចុះមកលើដើមឈើដែលប្រែពណ៌ទៅជាខ្មៅ នៅជុំវិញកម្មករអង្គុយនៅតុខាងក្រៅ ក្នុងចម្ងាយប្រហែល ១០០ម៉ែត្រពីអគារដាក់ឡដុត​ទាំងនោះ​។

សុខេង និយាយពេលមនុស្សកំពុងជ្រកក្រោមដើមឈើថា៖ «កើតឡើងរឿងអ៊ីចឹងៗ»។

លោក គឹមស៊ាំ ប្រមូលកាកសំណល់វេជ្ជសាស្រ្តនៅទីលានចាក់សំរាមដង្កោ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ (Gerald Flynn)

លោកបានឱ្យដឹងទៀតថា ជាច្រើនដង លោកបានស្នើសុំគ្រឿងយន្តសម្រាប់ចូកពីអង្គភាព MWMU ដើម្បីឱ្យគាត់មិនចាំបាច់លើកសំណល់អាចមានជំងឺឆ្លងដោយប្រើដៃរបស់លោក។ សំណើទាំងនោះត្រូវបានបដិសេធ ហើយមានអ្នកគ្រប់គ្រងម្នាក់និយាយថា អង្គភាពមិនមាន​ប្រាក់ទេ។

លោក សុខេង បានថ្លែងថា៖ «គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនមានបញ្ហា​ក្នុងការ​រៃអង្គាសប្រាក់បានច្រើនទេ តែយើងមិនឃើញមានខ្លះមកទេ ហើយបើគ្មានយ៉ាងហ្នឹង យើងនឹងប្រឈមហានិភ័យខ្លាំងជាងគ្រូពេទ្យទៅទៀតណោះ។ ហោចណាស់ គេធ្វើការនៅតែ​មន្ទីរពេទ្យ​តែមួយ និងរបស់ការពារជាច្រើន។ យើងទទួលសំណល់ពីគ្រប់មន្ទីរពេទ្យ និងមណ្ឌល​សុខភាពក្នុងក្រុង តែពួកយើងមិនមានសូម្បីតែស្បែកជើង ឬស្រោមដៃការពារឱ្យគ្រប់គ្រាន់​ផង»។ នៅពេលកំពុងនិយាយ លោកបានចង្អុលបង្ហាញស្រោមដៃក្រហមមួយគូ ដែលកំពុងត្រូវ​បាន​បាញ់​អាល់កុលសម្លាប់មេរោគ ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ឡើងវិញបានទៀត។

គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើងកាលពីពាក់​កណ្តាល​ខែមីនា ដោយមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន និងមានតំណាងមកពីក្រសួង​ជាច្រើន ព្រមទាំងអភិបាលខេត្ត និងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។

បន្ទាប់ពីលោក ហ៊ុន សែន បានសន្យាផ្តល់ប្រាក់បៀវត្សរបស់លោកចំនួន ២៥០០ដុល្លារ រយៈ​ពេលប្រាំពីរខែដល់គណៈកម្មការនេះ ដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការនៃយុទ្ធនាការ​ប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ-១៩របស់ខ្លួន មន្ត្រីជាច្រើនបានអនុវត្តតាម បូករួមទាំងលោក កើត រិទ្ធ រដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ លោក ជា វណ្ណដេត រដ្ឋមន្ត្រីថ្មីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។

គិតត្រឹមដើមខែមេសា ចំនួនទឹកប្រាក់សន្យាឧបត្ថម្ភដល់យុទ្ធនាការនេះ សរុបទៅមានជាង ១០លាន​ដុល្លារ បន្ទាប់ពីមានចំណែកឧបត្ថម្ភពីផ្នែកឯកជន ប៉ុន្តែ ប្រភពប្រាក់ឧបត្ថម្ភជាក់លាក់​របស់គណៈកម្មការនេះមិនទាន់អាចបញ្ជាក់បាន​ទេ។

លោក សេង ទៀង ជំនួយការលោក ហ៊ុន សែន និងជាសមាជិកគណៈកម្មការនេះ បានបដិសេធ​មិនឆ្លើយសំណួរទាក់ទងនឹងអ្នកឧបត្ថម្ភ ហើយណែនាំអ្នកសារព័ត៌មានឱ្យសួរក្រសួងសុខាភិបាល​វិញ ដោយលើកឡើងថា ក្រសួងសុខាភិបាលជាអ្នកទទួលប្រាក់ឧបត្ថម្ភ។ មន្ត្រីក្រសួង​មិនបាន​ឆ្លើយ​​ទៅ​នឹងសំណួរបស់អ្នកសារព័ត៌មានទេ។

បុគ្គលិកម្នាក់ទៀតនៃអង្គភាព MWMU នៅទីលានចាក់សំរាម ដែលសុំបញ្ចេញឈ្មោះត្រឹមថា គឹមស៊ាំ បានយល់ស្របថា អង្គភាពខ្វះមូលនិធិ ហើយបុគ្គលិកក៏មិនសូវហ៊ានធ្វើការដែរ ដោយសារ​តែខ្លាចឆ្លងជំងឺកូវីដ-១៩។

គឹមស៊ាំ ថ្លែងថា៖ «ពួកយើងធ្វើការលើសំណល់មានគ្រោះថ្នាក់រហូតហ្នឹង។ សំណល់គ្រឿងពេទ្យ​ទាំងអស់​សុទ្ធតែគ្រោះថ្នាក់ខ្លាំងណាស់ ហើយអាជំងឺកូវីដ-១៩ហ្នឹងងាយឆ្លងទៅមនុស្សទៀត ប៉ុន្តែ ពួកយើងគ្មានឧបករណ៍ពិសេសអីសម្រាប់ការពារខ្លួនទេ»។

លោកបានស្នើសម្ភារការពារពេញខ្លួន ប៉ុន្តែ សំណើរបស់លោកក៏ត្រូវបានគេច្រានចោលផងដែរ ដោយសារតែមិន​មានថវិកា។

«បើគ្រោះថ្នាក់ពេក ពួកគេនឹងឈប់ធ្វើការហើយ»

ដើម្បីប្រមូលសំណល់ពីមន្ទីរពេទ្យចំនួន ២២១៤កន្លែងនៅទូទាំងរាជធានី អង្គភាព MWMU ជួលបុគ្គលិក​សរុប ៣៧នាក់ ប៉ុន្តែ មានតែបួននាក់ប៉ុណ្ណោះ​ដែលធ្វើការតែនៅទីលាន​ចាក់សំរាម​ដង្កោ។ សំណល់វេជ្ជសាស្ត្រត្រូវដុតកម្ទេចនៅសីតុណ្ហភាព ១២០០អង្សា ហើយផេះត្រូវបានកប់​នៅលើទីតាំងនោះ ប៉ុន្តែ ដាច់ដោយឡែកពីសំណល់ក្រុង។

លោក គឹមស៊ាំ អាយុ ៣៨ឆ្នាំ បានបម្រើការនៅអង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តនៅទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ រយៈពេល ១១ឆ្នាំគិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ (Gerald Flynn)

អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានព្រមាន នៅក្នុងរបាយការណ៍ឆ្នាំ២០១៨​ដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីដើមឆ្នាំនេះ ទាក់ទងនឹងផលប៉ះពាល់ខ្លាំងដល់សុខភាព ដោយសារតែផេះដែលនៅសល់ទាំងនោះ។

នៅពេលសួរអំពីសមត្ថភាពរបស់ប្រទេសកម្ពុជា និងប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងៗទៀត ក្នុងការ​គ្រប់​គ្រងសំណល់ពីប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លោក ឆាលី អាវីស (Charlie Avis) មន្ត្រីនាំពាក្យលេខាធិការដ្ឋាននៃអង្គភាពអនុសញ្ញាបាស៊ែល រ៉ុតធឺដាំ និងស្តុក​ហូម​​ នៅ​អង្គការ​ UNEP បានថ្លែងថា៖

«ការងារបោះសំណល់សម្ភារពេទ្យ គឺជា​បញ្ហា​មួយ​​ដែល​ប្រទេស​នីមួយៗជាធម្មតាប្រឈមមុខ ហើយជាបញ្ហាដែលបង្កកម្រិត​ប្រឈម​ខ្ពស់​ណាស់ក្នុងគ្រាដែល​មានជំងឺឆ្លង ជាពិសេសក្នុងប្រទេសដែលខ្វះសមត្ថភាព​បោះសំណល់​ដ៏មានគ្រោះថ្នាក់ចោល តាម​របៀប​មួយដែលជួយការពារសុខភាពមនុស្ស និងបរិស្ថាន»។

អនុញ្ញាបាសែល ដែលប្រទេសកម្ពុជាបានចូលរួមក្នុងឆ្នាំ២០០១ មានគោលបំណងគ្រប់គ្រង​ចលនា​ឆ្លង​ដែននៃសំណល់មានគ្រោះថ្នាក់ និងសកម្មភាពទុកដាក់។ យោងតាមលោក អាវីស បានឱ្យដឹងថា ភាគីណាមួយនៃអនុសញ្ញានេះ ដែលខ្វះសមត្ថភាពបច្ចេកទេសក្នុងទុកដាក់បោះ​បង់​សំណល់វេជ្ជសាស្ត្រ អាចស្នើសុំជំនួយបច្ចេកទេសនេះបាន ដើម្បីឱ្យសំណល់ត្រូវបាននាំចេញ​យកទៅចោលត្រឹមត្រូវ។

នៅពេលអ្នកសារព័ត៌មានសួរថា តើប្រទេសកម្ពុជាមានសមត្ថភាពក្នុងបោះចោលសំណល់​វេជ្ជសាស្ត្រ​ដោយ​សុវត្ថិភាព ឬយ៉ាងណានោះ លោក អាវីស បានបង្វែរសំណួរទៅលោក ហេង ណារ៉េត អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងសារធាតុពលបរិស្ថានៃក្រសួងបរិស្ថាន និងជា​តំណាង​ក្នុងអនុញ្ញានោះវិញ។

លោក ណារ៉េត មិនអាចទំនាក់ទំនងសុំធ្វើសេចក្តីអត្ថាធិប្បាយបានទេ ប៉ុន្តែ លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ប្រទេសកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបោះ​ចោល​សំណល់វេជ្ជសាស្ត្រ ជាពិសេស អំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាត ដូច្នេះ មិន​ចាំបាច់​​​ស្នើ​សុំជំនួយអន្តរជាតិទេ។

លោក ភក្ត្រា មានប្រសាសន៍ថា៖ «សំណល់វេជ្ជសាស្ត្រទាំងអស់ដែលត្រូវ​បានយកចេញពីគ្លីនិក​ឯកជន និងមន្ទីរពេទ្យ ត្រូវ​បានប្រមូល និងបញ្ជូនទៅឱ្យគេដុតកម្ទេច [ហើយ] ត្រូវបានត្រួតពិនិត្យ​ដោយ​កាកបាទ​ក្រហមកម្ពុជា»។

លោកបានបន្ថែមថា មន្ទីរពេទ្យរដ្ឋមានឡដុតកម្ទេចចោលរបស់ខ្លួនហើយ ហើយក្រសួងបាន​ពិនិត្យ​ឃើញថា ឡដុតទាំងអស់សុទ្ធតែមានសុវត្ថិភាពដល់បរិស្ថាន។

វិបត្តិសុខភាពដោយសារជំងឺកូវីដ-១៩ បានជំរុញឱ្យអង្គការ UNEP ចេញសេចក្តីណែនាំបន្ថែម តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីខែមីនា ដើម្បីព្រមានថា ករណីរាតត្បាតនៃជំងឺបណ្តាលឱ្យមាន​សំណល់​វេជ្ជសាស្ត្រមានគ្រោះថ្នាក់កាន់តែច្រើនឡើងៗ ហើយថា វិធីសាស្ត្រគ្រប់គ្រង​សំណល់​មិន​​សមស្របអាចបង្កឱ្យមានផលវិបាកមើលមិនឃើញដល់សុខភាព និងបរិស្ថាន។

លោក សូ ស៊ីម៉ារ៉ុង នាយករងនៃអង្គភាព MWMU បានលើកឡើងថា ការងារគ្រប់គ្រងសំណល់ អំឡុងពេលមានជំងឺរាតត្បាតមិនមែនជារឿងធម្មតាទេ ហើយថា លោកកំពុងតែលំបាកក្នុងការ​រក្សាក្រុម​ការងារតូចមួយរបស់លោក ឱ្យបន្តធ្វើការក្រោមឥទ្ធិពលដ៏ខ្លាំងនៃជំងឺកូវីដ-១៩។

លោកថ្លែងថា៖ «តាំងពីមានជំងឺឆ្លងនេះមក ចំនួនអ្នកជំងឺកំពុងកើនឡើង ប៉ុន្តែ រហូតដល់ពេលនេះ បរិមាណកាកសំណល់មិនប្រែប្រួលទេ។ បញ្ហានៅត្រង់ថា យើងមិនដឹងថា នឹងមានរឿងអ្វីអាក្រក់​ជាង​នេះទៀតទេ»។

គិតត្រឹមថ្ងៃទី៣០ ខែមេសា ក្រសួងសុខាភិបាលមិនបានប្រកាសថា មានករណីឆ្លងជំងឺ​កូវីដ-១៩​ថ្មីទេ ក្នុងរយៈពេលជាងពីរសប្តាហ៍នេះ ជាហេតុនាំឱ្យចំនួនអ្នកឆ្លងសរុប​តាំងពីខែមករាមកនៅ​ត្រឹម ១២២នាក់ដដែល។ អ្នកជំងឺទាំងអស់លើកលែងតែបីនាក់ប៉ុណ្ណោះ ត្រូវបានរាយការណ៍ថា បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យឈប់ធ្វើចត្តាឡីស័កវេជ្ជសាស្ត្រ។ នៅប្រទេសកម្ពុជា មិនទាន់មានករណីស្លាប់ដោយសារជំងឺកូរ៉ូណានេះទេ។

ក៏ប៉ុន្តែ ប្រសិនបើជំងឺកូវីដ-១៩ នៅតែរាតត្បាត និងចំនួនករណីឆ្លងកើនឡើង នោះវីរុសនេះអាច​បង្កបញ្ហា​ប្រឈម​ខ្លាំងដល់ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះ ក៏ដូចជាសមត្ថភាពរបស់​អង្គភាព MWMU ក្នុងការគ្រប់គ្រងសំណល់ផងដែរ។

លោក ស៊ីម៉ារ៉ុង បានលើកឡើងថា បុគ្គលិកច្បាស់ជាឈប់ធ្វើការហើយ ដោយសារតែពួកគេមិន​អាច​ប្រឈម​នឹងហានិភ័យកាន់តែខ្ពស់ឡើងៗចំពោះសុខភាពរបស់ពួកគេ នៅពេលបោះ​ចោល​សំណល់ប្រមូលចេញពីអង្គភាពវេជ្ជសាស្ត្រផ្សេងៗដែលប្រើប្រាស់សម្ភារមានវីរុសកូវីដ-១៩ បាន​ទេ។ សូម្បីតែនៅការិយាល័យរបស់លោក ក្នុងរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណជា ៨ គីឡូម៉ែត្រពីទីលានចាក់សំរាម ក៏អារម្មណ៍មិនស្រួលដែរ។

លោកបានថ្លែងថា៖ «បុគ្គលិកទាំងអស់មានអារម្មណ៍មិនស្រួលក្នុងខ្លួន ចំពោះកម្រិតហានិភ័យ​ដែល​ពួកគេកំពុងស្នើឱ្យប្រឈម។ មកដល់ពេលនេះ ខ្ញុំព្យាយាមលើកទឹកចិត្តឱ្យពួកគាត់​នៅធ្វើការ។ មន្ទីរពេទ្យត្រូវការពួកគាត់ ទីក្រុងត្រូវការពួកគាត់ ប៉ុន្តែ ចុងក្រោយ ប្រសិនបើ​ពួកគាត់មាន​អារម្មណ៍ថា វាមានគ្រោះថ្នាក់ខ្លាំងពេកនោះ ពួកគេ​នឹងលាឈប់ពីការអារ។ អ៊ីចឹង អ្នកណាជាអ្នកទទួលបន្ទុកលើការងារសំណល់នេះ?»

«ទិញអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង»

បញ្ហាមួយទៀតពាក់ព័ន្ធនឹងមូលនិធិ។ ចំណុះឱ្យកាកបាទក្រហមកម្ពុជា អង្គភាព MWMU ដំណើរការជាអង្គភាពផ្តល់សេវាឯកជន ហើយកិច្ចសន្យា ២២១៤ច្បាប់ អាចនាំចូលសុទ្ធចំនួន ​១២០០០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ីម៉ារ៉ុង។

ថ្លៃសេវាត្រូវបានបែងចែកទៅតាមប្រភេទមន្ទីរវេជ្ជសាស្ត្រ។ មណ្ឌលសុខភាពសាធារណៈ​ត្រូវបាន​គិតថ្លៃ ៩០ដុល្លារក្នុងមួយខែ មន្ទីរពេទ្យខេត្តត្រូវបង់ ១៥០ដុល្លារ ចំណែកឯអង្គភាព​ឯកជន​ជាទូទៅបង់ច្រើនជាងនេះ។ ឧទាហរណ៍ មន្ទីរពេទ្យកុមារគន្ធៈបុប្ផា IV ក្នុងរាជធានីភ្នំពេញ បង់ ៩៥០ដុល្លារក្នុងមួយខែ សម្រាប់សេវាកម្មរបស់អង្គភាព MWMU ចំណែកឯវិទ្យាស្ថាន​ប៉ាស្ទ័រ ​ដែលជាវិទ្យាស្ថានពិសោធន៍ និងស្រាវជ្រាវ និងជាកន្លែងធ្វើតេស្តរកវីរុសកូវីដ-១៩ បង់ ៨០០ដុល្លារប្រចាំខែ។

លោក ស៊ីម៉ារ៉ុង បានឱ្យដឹងថា មន្ទីរពេទ្យសាធារណៈ ដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជា​កន្លែង​ព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយមន្ទីរពេទ្យកាល់ម៉ែតបង់ ៩០០ដុល្លារដូចគ្នា។ ថ្លៃសេវា​ទាំង​អស់ត្រូវបានកំណត់ដោយក្រសួងសុខាភិបាល។ លោកបន្ថែមថា តម្លៃអាស្រ័យ​លើចំនួនគ្រែ​នៅក្នុងមន្ទីរពេទ្យ ប៉ុន្តែ ហាក់ដូចជាមានអ្វីផ្សេងទៀត។

លោកថ្លែងថា៖ «ក្រុមការងារយើងមិនបានទទួលអ្វីពីផ្នែកនេះទេ។ នៅពេលដែលយើងពិនិត្យថ្លៃ​ចំណាយប្រតិបត្តិការរបស់យើង ចំនួនដែលសល់ត្រូវយកទៅ​ឧបត្ថម្ភដល់កាកបាទ​ក្រហមកម្ពុជា​វិញ»។

កាកបាទក្រហមកម្ពុជា ត្រូវបានដឹកនាំដោយភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី តាំងពីឆ្នាំ១៩៩៨ និងបានប្រឈមនឹងការមើលឃើញថា ជាស្ថាប័នធ្វើនយោបាយ​តាមរយៈ​​សកម្មភាពផ្តល់ជំនួយមនុស្សធម៌ អស់រយៈជាច្រើនឆ្នាំមកហើយ បូករួមទាំងលើក​មុខលើកមាត់របស់លោកស្រី ប៊ុន រ៉ានី ដោយគណបក្សប្រជាជន​កម្ពុជា ដែលជាបក្សកាន់អំណាច អំឡុងព្រឹត្តិការណ៍សប្បុរសធម៌នានាផងដែរ។

អង្គការឃ្លាំងមើលអំពើពុករលួយ គ្លូបល វីណេស (Global Witness) ដែលមានមូលដ្ឋាននៅ​ទីក្រុងឡុងដ៍ កាលពីឆ្នាំ២០១៦ បានរាយការណ៍ថា មុខងាររបស់កាកបាទក្រហមកម្ពុជា ជាសហគមន៍​​ផ្តល់ជំនួយដល់ប្រព័ន្ធការពារលោក ហ៊ុន សែន ហើយក្រុមប្រឹក្សាភិបាល និងអ្នកឧបត្ថម្ភរបស់ស្ថាប័ននេះ មានទាំងអ្នកជំនួញក្នុងត្រកូល ហ៊ុន ជាច្រើននាក់ មន្ត្រីគណបក្ស​ប្រជាជនកម្ពុជា និងសមាជិកគ្រួសារងផងដែរ។

កាកបាទក្រហមកម្ពុជា គឺជាសមាជិករបស់សហព័ន្ធអន្តរជាតិកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម​ (IFRC)​ ដែលពិពណ៌នាខ្លួនឯងនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនជាបណ្តាញមនុស្ស​​ធម៌ធំបំផុតលើពិភពលោក «ក្រោមគោលការណ៍មូលដ្ឋាន ជំហរមិនលម្អៀង អព្យាក្រឹត្យ និងឯករាជ្យ»

ក្នុងនាមជា «សម្ព័ន្ធសង្គមជាតិ» កាកបាទក្រហមកម្ពុជា និងបុគ្គលិករបស់ខ្លួន ក៏ដូចជា សមាជិកទាំងអស់នៅក្នុង IFRC ត្រូវគោរពតាមគោលការណ៍របស់កាកបាទក្រហម។ នេះបើយោងតាមលោកស្រី ព្រីធី អាប្រាហាំ (Preeti Abraham) អ្នកនាំពាក្យរបស់ IFRC។

លោកស្រីបន្ថែមថា៖ «ទោះយ៉ាងណា សំខាន់ត្រូវកត់សម្គាល់ថា សម្ព័ន្ធសង្គមជាតិ ក៏ជាកម្លាំងពិសេសផងដែរ សម្រាប់អាជ្ញាធរសាធារណៈផងដែរ។ ជារឿងធម្មតាទេ ដែលសម្ព័ន្ធសង្គមជាតិធ្វើការជិតស្និទ្ធជាមួយរដ្ឋាភិបាលរបស់ពួកគេ នៅក្នុងកិច្ចការ​មនុស្សធម៌»។

ផ្សែងហុយចេញពីឡដុតនៅអង្គភាពចាក់សំរាមផ្នែកវេជ្ជសាស្រ្តនៃខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។ (Gerald Flynn)

ស៊ីម៉ារ៉ុង បានពន្យល់ថា ក្នុងខែធម្មតា អង្គភាព MWMU ជាធម្មតា បង្វែរប្រាក់ប្រហែល ២០០០ដុល្លារ ទៅឱ្យកាកបាទក្រហមវិញ ប៉ុន្តែ ដោយសារតែជំងឺកូវីដ-១៩ អង្គភាពនេះបានបង្កើនចំណាយ​ប្រតិបត្តិការរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

លោកបានលើកឡើងបន្តទៀតថា ចាំបាច់ត្រូវមានប្រាក់ យានជំនិះ និងឧបករណ៍ប្រើប្រាស់របស់​ពួកគេបន្ថែមទៀត ដើម្បីកុំឱ្យបុគ្គលិកជួរមុខឆ្លងជំងឺ។ អង្គភាពនេះបានទិញ​អាល់កុល ៩០លីត្រ​មកសម្រាប់ប្រើប្រាស់ក្នុងផ្នែកអនាម័យ និងម៉ាសការពារ គ្រប់គ្រាន់ ប៉ុន្តែ លោក ស៊ីម៉ារ៉ុង មិនបាន​បញ្ជាក់​ចំនួនជាក់លាក់ទេ។

លោកបន្ថែមថា អាគារវេជ្ជសាស្ត្រត្រូវបែងចែកសំណល់សម្ភារសម្រាប់ជំងឺកូវីដ-១៩ឱ្យនៅដាច់​ដោយ​ឡែក ហើយទុកដាក់រយៈពេលមួយសប្តាហ៍ មុនពេលក្រុមការងារប្រមូល​សំណល់​របស់​អង្គភាព MWMU អាចទៅប្រមូលយកបាន មានន័យថា ប្រព័ន្ធភ័ស្តុភារមិនសូវមាន​ប្រសិទ្ធផលទេ​។

លោក ស៊ីម៉ារ៉ុង បានថ្លែងបន្ថែមថា៖ «កាកបាទក្រហម គឺជាស្ថាប័នមិនស្ថិតក្រោមក្រសួង​សុខាភិបាល​ទេ ហើយពួកយើងមិនពេញចិត្តការដែលគេថា យើងពាក់ព័ន្ធនឹងរដ្ឋាភិបាលទេ ប៉ុន្តែ យើងខិតខំអស់ពីសមត្ថភាពតាមដែលអាចធ្វើបាន ទៅតាមធនធានដែលយើងមាន»។

លោកបន្តថា លោកត្រូវការឧបករណ៍ការពារផ្ទាល់ខ្លួនល្អជាងឧបករណ៍សព្វថ្ងៃ ដើម្បីឱ្យបុគ្គលិក​ជួរ​មុខ​របស់លោកប្រើប្រាស់ ព្រមទាំងឡដុតកម្ទេចថ្មីមួយផងដែរ។

នៅពេលអ្នកសារព័ត៌មានសួរអំពីសំណល់វេជ្ជសាស្ត្របានដុតរួចមើលទៅដូចធ្យូង ដែលបានធ្លាក់​មក​ពី​រន្ធបន្ទះចរន្តខ្យល់នៃឡដុត លោកបានលើកឡើងថា ឡដុតមិនមែនថោកទេ ប៉ុន្តែ ក៏មិនមែនជាម៉ាស៊ីនដែលមានគុណភាពល្អខ្ពស់ដែរ ដូច្នេះ«មិនស្អាត ១០០​​ភាគរយទេ»

ទៅទីលានដង្កោ មានឡដុតពីរ។ មួយ អង្គភាព MWMU បានទិញពីប្រទេសចិនកាលពីឆ្នាំ ២០១៨ ក្នុងតម្លៃ ៦០០០០ដុល្លារ និងមួយទៀតទំនើបជាង ជាឡដុតរបស់បារាំង មានតម្លៃ ៨០០០០ដុល្លារ ដែលមានប្រដាប់ចម្រោះកុំឱ្យមានសារធាតុបំភាយច្រើន ប៉ុន្តែ ទើបតែត្រូវ​បាន​ដាក់បញ្ចូលបន្ថែមនៅទីលាននេះកាលពីឆ្នាំមុនប៉ុណ្ណោះ។ ស៊ីម៉ារ៉ុង បានឱ្យដឹងថា កាកបាទ​ក្រហម​កម្ពុជា ​បានទិញឡដុតទាំងពីរនេះដោយប្រើប្រាស់ថវិការបស់អង្គភាព MWMU ដោយមិនមាន​ជំនួយពីរដ្ឋាភិបាលឡើយ។

លោកបានថ្លែងថា៖ «គ្មានអ្នកខ្វល់ពីការងារបែបហ្នឹងទេ។ រដ្ឋាភិបាលអាចស្នើសុំជំនួយអន្តរជាតិ​បាន ប៉ុន្តែ ជាក់ស្តែង គេមិនដែលស្នើទេ។ យើងត្រូវតែទិញអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។ ខ្ញុំចង់ឱ្យប្រាក់ខែរបស់ខ្ញុំឡើង។ ខ្ញុំចង់បានការការពារសម្រាប់កម្មករជួរមុខរបស់ខ្ញុំ។ ខ្ញុំធ្លាប់ស្នើសុំរដ្ឋាភិបាលហើយ ប៉ុន្តែ គេមិនខ្វល់ទេ»។

លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានបដិសេធ​ធ្វើសេចក្តីអត្ថាធិប្បាយ។

ការបោះចោលសំរាមមិនបានត្រឹមត្រូវ

យោងតាមផែនការសកម្មភាព និងយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ឆ្នាំ២០១៨-២០៣៥ ចេញ​ផ្សាយ​កាល​ខែតុលា ឆ្នាំ២០១៨ បានបង្ហាញថា មន្ទីរពេទ្យថែទាំសុខភាពនានាទទួលខុស​ត្រូវ​លើការបែកចែកសំណល់វេជ្ជសាស្ត្រតាមប្រភេទ ប៉ុន្តែ ការអនុវត្តជាក់ស្តែងមានតិចតួចណាស់ សូម្បីតែ​វត្តមាននៅតាមមន្ទីរពេទ្យថែទាំសុខភាពមួយចំនួនក៏គ្មានផង។ មានន័យថា សំណល់​វេជ្ជសាស្ត្រជារើយៗមិនត្រូវបានបោះចោលត្រឹមត្រូវទេ។

ឯកសារដដែលបានលើកឡើងថា ៧០ភាគរយនៃសំណល់វេជ្ជសាស្ត្របង្កឱ្យឆ្លងជំងឺ ២០ភាគ​រយ​​សំណល់វេជ្ជសាស្ត្រទូទៅ (ភាគច្រើនសំណល់ជីវសាស្ត្រចេញពីប្រតិបត្តិការវះកាត់) និង ១០ភាគរយមានរបស់ស្រួចៗ និងសំណល់ផ្សេងៗទៀតកាលពីឆ្នាំ២០១៧។ សរុបទៅ បរិមាណ​នេះ​ស្មើនឹង ៤០តោនក្នុងមួយខែនៅពេលនេះ។

របាយការណ៍មួយចេញដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ​អាឡឺម៉ង់ GIZ ក្នុងឆ្នាំ២០១៩ បានកត់សម្គាល់ពីបញ្ហានេះផងដែរ ដោយលើកឡើងថា សំណល់​វេជ្ជសាស្ត្រកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ដោយសារតែវិស័យសេវាកម្មថែទាំ​សុខភាព​កំពុង​រីកចម្រើន។ របាយការណ៍ដដែលបានលើកឡើងទៀតថា សំណល់វេជ្ជសាស្ត្រជារឿយ​ៗ​ត្រូវបានគេលាយជាមួយសំណល់ទូទៅ កប់ចោល និងមិនត្រូវបានសម្អាតនៅទីលានចាក់​សំរាមក្រុងទេ។

របាយការណ៍ដដែលបានបន្តថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព MWMU ក្នុងរាជធានីភ្នំពេញក៏ដោយ ប្រទេសកម្ពុជាទាំងមូលមិនបានឆ្លើយតបទៅ​នឹងការគ្រប់​គ្រង​សំណល់វេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាពទេ។ ទោះបីជាមន្ទីរពេទ្យមួយចំនួនមាន​ឡដុត​កម្ទេច​នៅខាងក្នុងក៏ដោយ មន្ទីរពេទ្យដែលមានគ្រឿងបំពាក់បែបនេះមិនបាន​អនុវត្តតាម​គោល​ការណ៍អនុវត្តល្អទេ។ នេះជាសេចក្តីបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍នេះ ដោយលើកឡើងថា បញ្ហានេះគឺជាចន្លោះខ្វះខាតនៅលើទីផ្សារ ដែលក្រុមហ៊ុនអឺរ៉ុបអាចបំពេញបាន។

នៅខាងក្នុងឃ្លាំងផ្ទុកគ្រឿងបន្លាស់របស់អង្គភាពគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្តនៅទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ។ (Gerald Flynn)

លោកស្រី បាយអេនកា អានថាយ (Bianca Untied) អ្នកសម្របសម្រួលវិស័យឯកជន​នៃអង្គការ GIZ មានប្រសាសន៍ថា៖ «ពួកយើងឃើញថា វិស័យនេះមានសក្តានុពលណាស់ ហើយអ្វីៗជាច្រើនកំពុងប្រែប្រួលទៅរកភាពប្រសើរឡើង»។ 

លោកស្រីបានបន្ថែមថា រដ្ឋាភិបាល​កម្ពុជា​មានឆន្ទៈនយោបាយ ក្នុងការឆ្លើយតបទៅនឹង​បញ្ហាប្រឈមនានាទាក់ទង​សំណល់វេជ្ជសាស្ត្រ។

លោកស្រីបានថ្លែងបន្តថា៖ «កំណើនសេដ្ឋកិច្ចលឿនមានន័យថា ប្រព័ន្ធគ្រប់គ្រងសំណល់​មិន​ទាន់​រីក​ចម្រើនតាម។ យើងឃើញសក្តានុពលដ៏ធំសម្រាប់វត្តមានចូលរួមរបស់វិស័យឯកជន ដោយសារតែអាជីវកម្មអាចធ្វើទៅបាននៅក្នុងវិស័យនោះ។ ប្រព័ន្ធគ្រប់គ្រងសំណល់ល្អត្រូវ​ការធន​ធានហិរញ្ញវត្ថុ។

ប៉ុន្តែ សម្រាប់ឥឡូវនេះ ទីភ្នាក់ងារបោះចោលសំណល់វេជ្ជសាស្ត្រាក្នុងរាជធានីភ្នំពេញ នៅតែមាន​សារៈ​សំខាន់។ កម្មករបានលើកឡើងថា ពួកគេបន្តប្រមូលសំរាម ហើយប្រមូលយកទៅដុត ដោយមិនមានឧបករណ៍​ការពារខ្លួន ដែលនាំឱ្យពួកគេប្រឈមនឹងហានិភ័យសុខភាព។

លោក គឹមស៊ាំ ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករទាំងនោះ បានលើកឡើងថា លោកបាន​ធ្វើការ​នៅ​ទីនោះរយៈពេលជាងមួយទស្សវត្សមកហើយ ប៉ុន្តែ ឆ្នាំនេះខុសប្លែក។

លោកបានថ្លែងថា៖ «រាល់ថ្ងៃហ្នឹង យើងនៅហ្នឹង យើងមានហានិភ័យ ព្រោះពួកយើងប្រើដៃរបស់​យើងទៅបែងចែកសំណល់។ ពួកយើងមិនដឹងជាសំណល់ស្អីមកពីមន្ទីរពេទ្យណាខ្លះទេ មិន​ដឹង​ជា​គេ​បាន​សម្អាតត្រឹមត្រូវ ឬក៏អត់ទេ។ ប៉ុន្តែ ១១ឆ្នាំមកនេះ ខ្ញុំធ្វើការនៅទីនេះ ខ្ញុំមិន​ដែលខ្លាច​ដូចឥលូវនេះទេ»៕


បកប្រែនិងកែសម្រួលពីអត្ថបទដើម​ជាភាសាអង់គ្លេសពីគេហទំព័រ​VOD English

កំណត់សម្គាល់៖ អត្ថបទនេះក៏មានការចួលរួមរាយការណ៍​ពីអ្នកសារព័ត៌មានកម្ពុជា​មួយរូប​ទៀត​ដែរ ប៉ុន្តែគាត់ស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារមានការព្រួយបារម្ភ​ពីសកម្មភាព​ធ្វើ​បាប​ណាមួយលើរូបគាត់​។

ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ