លោក កឹម សុខា គោរព​វិញ្ញាណក្ខន្ធ​ម្ដាយ​ក្មេក​លោក ហ៊ុន សែន ដោយ​ផ្ទាល់ ខណៈ​​លោក សម រង្ស៊ី ចូលរួម​មរណ​ទុក្ខ​ពី​ចម្ងាយ

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) ចាប់​ដៃ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​វិមាន​ព្រឹទ្ធ​សភា ក្រោយ​ជំនួប​ចរចា​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០១៤។ រូបភាព៖ បណ្ដាញសង្គម

អតីត​មេដឹកនាំ​​បក្ស​ប្រឆាំង បាន​បង្ហាញ​សមាន​ចិត្ត​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ម្ដាយ​ក្មេក​​របស់​​​នាយករដ្ឋ​មន្ត្រី​បាន​ទទួល​មរណភាព។

ឧបាសិកា ប៊ុន ស៊ាងលី ដែល​ជា​ម្ដាយ​បង្កើត​របស់​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព​ក្នុង​ជន្មា​យុ ៩៦​ឆ្នាំ​ដោយ​ជរា​ពាធ​ កាល​ពី​ម៉ោង ២ និង ១២​នាទី​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន រួច​មក​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

នៅ​រសៀល​ថ្ងៃ​នេះ លោក កឹម សុខា និង​សហការី​មួយ​ចំនួន​ទៀត ក៏​បាន​ធ្វើ​ដំណើរដោយ​ផ្ទាល់ និង​នាំ​យក​កម្រ​ផ្កា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិកា ប៊ុន ស៊ាងលី នៅ​ឯ​គេហដ្ឋាន​របស់​លោក​ ហ៊ុន សែន នៅ​ជិត​វិមាន​ឯករាជ្យ។

លោក កឹម សុខា បាន​អង្គុយ​នៅ​លើ​កៅអី​ជជែក​ជាមួយ​លោក ហ៊ុន សែន ខណៈ​ដែល​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ និង​មនុស្ស​ចំនួន ៤​រូប​ទៀត បាន​អង្គុយ​លើ​កៅអី​នៅ​មិន​ឆ្ងាយ​ពី​ជំនួប​នោះ​ផង​ដែរ។

លោកស្រី ម៉េង សុភារី សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បាន​ប្រាប់​វីអូឌី​នៅ​យប់​ថ្ងៃ​នេះ​ថា ក្នុង​ជំនួប​នោះ លោក កឹម សុខា បាន​សម្ដែង​ការ​ចូល​រួម​មរណ​ទុក្ខ​ជាមួយ​លោក ហ៊ុន សែន ហើយ​លោក​ទាំង​ពីរ​ក៏​បាន​សាក​សួរ​សុខ​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

នៅ​ពេល​ត្រូវ​បាន​សាក​សួរ​បន្ថែម​ថា តើ​លោក​ទាំង​ពីរ​បាន​ជជែក​អ្វី​បន្ថែម​លើស​ពី​ការ​សាក​សួរ​សុខ​ទុក្ខ​គ្នា​ឬ​ទេ​នោះ លោកស្រី សុភារី ប្រាប់​ថា លោក​ស្រី​មិន​បាន​ដឹង​ទេ ព្រោះ​លោក​ស្រី​អង្គុយ​នៅ​ចម្ងាយ​ប្រហែល ៤​ម៉ែត្រ​ពី​ចំណុច​ដែល​លោក​ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ​កិច្ច​សន្ទនា​ទៅ​វិញ​ទៅមក។ លោកស្រី​បន្ថែម​ថា លោក​ស្រី​ស្ដាប់​មិន​ឮ​កិច្ច​សន្ទនា​នោះ​ទេ ខណៈ​ដែល​មាន​សំឡេង​អ៊ូរ​អរ​នៅ​ក្នុង​ពិធី​បុណ្យ​ផង​ដែរ។

ក្រៅ​ពីលោក កឹម សុខា លោក សម រង្ស៊ី អតីត​មេ​បក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​នោះ ក៏​បាន​បង្ហោះ​លិខិត​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋ​មន្ត្រី​ផង​ដែរ។

លោក សម រង្ស៊ី បាន​រំឭក​ឡើង​វិញ​ថា ក្រោយ​ពី​ម្ដាយ​ក្មេក​របស់​លោក​ទទួល​មរណភាព​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ទូរសព្ទ​ចូល​រួម​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​ ហើយ​កូន​ប្រុស​ពៅ​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ក៏​បាន​ទៅ​ចូល​រួម​បុណ្យ​សព​ផង​ដែរ។

ឧបាសិកា ប៊ុន ស៊ាងលី ទទួល​បាន​គោរមងារ​ «អ្នកឧកញ៉ា​ព្រឹទ្ធ​មហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិវឌ្ឍ​នា» ពី​ព្រះមហាក្សត្រ​សម្ដេចព្រះបរមនាថ នរោត្ដម សីហ​មុនី កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំមុន ក្រោយពី​គាត់​​ធ្លាក់ខ្លួន​ឈឺធ្ងន់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯមន្ទីរពេទ្យ​កាល់​ម៉ែត្រ ដែល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន សម្រេច​លុបចោល​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-កូរ៉េ និង​មេគង្គ​-កូ​រ៉ូ នៅ​ឯប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ខែ​វិ​ច្ឆិកា​ឆ្នាំមុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ