នគរបាលជាតិ ច្រានចោលព័ត៌មានដែលផ្សព្វផ្សាយលើបណ្តាញសង្គមថា អគ្គស្នងការប្រកាសលើកពេលផាកពិន័យឡាន ម៉ូតូ ដែលគ្មានប័ណ្ណបើកបរ ដោយចាត់ទុកការផ្សាយនេះធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះផ្សាយនៅថ្ងៃនេះ នគរបាលជាតិប្រកាសថា ខ្លឹមសារដែលបង្ហោះលើបណ្តាញសង្គម YouTube គឺជាខ្លឹមសារនៃបទអន្តរាគមន៍អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន កាលពីចុងឆ្នាំ២០១៥។
នគរបាលជាតិ ចាត់ទុកការផ្សព្វផ្សាយខ្លឹមសារនេះឡើងវិញថា អាចធ្វើឱ្យពលរដ្ឋភ័ន្តច្រឡំទៅលើការអនុវត្តច្បាប់ចរាចរណ៍នាពេលថ្មីៗនេះ។
ប្រភពដដែលបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃ១០ ខែឧសភានេះ អគ្គស្នងការនគរបាលជាតិពុំបានប្រកាស ឬដាក់ចេញនូវគោលការណ៍ពន្យា ឬលើកពេលក្នុងការត្រួតពិនិត្យ និងពិន័យចំពោះករណីគ្មានប័ណ្ណបើកបរនោះទេ។
អនុក្រឹត្យកែសម្រួលថ្មី លេខ៣៩ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់ឱ្យផាកពិន័យចន្លោះពី ៦ម៉ឺន ទៅ ៨០ម៉ឺនរៀល សម្រាប់បទល្មើសម៉ូតូ ខណៈអនុក្រឹត្យចាស់ឆ្នាំ២០១៥ បង្គាប់ត្រឹមចន្លោះពី ១៥០០០រៀល ទៅ ៣ម៉ឺនរៀល ប៉ុណ្ណោះ។
អ្នកបើកបររថយន្តវិញ ត្រូវផាកពិន័យចន្លោះពី ៧៥០០០រៀល ទៅ ២លាន ៤សែនរៀល ខណៈអនុក្រឹត្យចាស់ ផាកចន្លោះពី ៥ម៉ឺន ទៅ ១២ម៉ឺនរៀល៕