«ពេលយប់ យើងមានហានិភ័យដូចជា មានសត្វ មានមនុស្ស ដែលអាចញៀនថ្នាំ ញៀនស្រា ក្មេងពាលអី មកអុកឡុក មានញឹកញាប់។ អ៊ីចឹងហើយមួយយប់ៗ គាត់គេងអត់លក់ទេ! គាត់ត្រូវតែលេងអីបន្ដិចបន្ដួចសម្រាប់កំដរគ្នាមួយយប់ទល់ភ្លឺអ៊ីចឹងណា។ ពេលខ្លះមានឡានធំៗ បើកលឿនៗ រង្គើ ស្ញើបភ័យព្រួយខ្លាំងណាស់ ហើយជាពិសេសពេលភ្លៀងខ្លាំង ពួកយើងគេងនៅហ្នឹងអត់កើតទេ យើងទៅសុំសំយ៉ាបផ្ទះអ្នកជិតខាងឈរសម្រាកអីអញ្ចឹងទៅ ដោយសារយើងមើលទិដ្ឋភាពតង់ហ្នឹង វាអត់អាចទប់ភ្លៀងខ្យល់អីបានខ្លាំងទេ ជួនកាលកណ្ដាលអាធ្រាត្រយើងត្រូវរើអីវ៉ាន់ទៅសុំសំយ៉ាបផ្ទះគេសម្រាកមួយយប់ពីរយប់អីអ៊ីចឹងទៅ»។
ខាងលើនេះជាការរៀបរាប់របស់កម្មករផ្នែកកាត់ព្រុយ អ្នកស្រី សួរ សុជាតិ អាយុប្រមាណជាង ៣៧ឆ្នាំ ដែលបរិយាយពីការលំបាកនៃការរស់នៅក្រោមដំបូលតង់មុខរោងចក្រ Dignity knitter Limited ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
រោងចក្រ Dignity knitter Limited ដែលមានកម្មករជាង ១ពាន់នាក់ បានប្រកាសបិទទ្វាររោងចក្ររបស់ខ្លួននៅថ្ងៃទី៧ ខែមេសា កន្លងទៅ ដោយពុំមានការជូនដំណឹងដល់កម្មករជាមុន ខណៈប្រាក់ខែកម្មករត្រូវបានរោងចក្រនេះបើកឱ្យរអាក់រអួលតាំងពីចុងខែធ្នូ ឆ្នាំ២០១៩ មកម៉្លេះ។
បើតាមកម្មករ ពួកគាត់មានគ្នាជាង ១០០នាក់ ចាប់ផ្ដើមធ្វើការឆ្លាស់វេនគ្នាដេកយាមមុខរោងចក្រនេះ ដោយសារឃើញភាពមិនប្រក្រតីនៃការព្យាយាមដឹកសម្ភារចេញពីរោងចក្រពីសំណាក់ថៅកែរោងចក្រកាលពីខែមករាកន្លងទៅ។

កម្មករផ្នែកអ៊ុតនៅរោងចក្រ Dignity knitter Limited លោក ចឹក ប៊ុនសាន អាយុប្រមាណ ៣៥ឆ្នាំ ដែលបានដើរចេញពីក្នុងរោងចក្រដែលលែងដំណើរការហើយនោះ ក្នុងទឹកមុខរាបស្មើ បានដាក់កៅអីចុះអង្គុយក្រោមតង់ដែលកម្មករបានចងឡើងដើម្បីដេកយាម បានថ្លែងប្រាប់អ្នកយកព័ត៌មាន VOD ថា៖
«ក្រុមហ៊ុននៅក្នុងអំឡុងពេលខែ១ ខែ២ ខែ៣ គឺគាត់ព្យាយាមដឹកអីវ៉ាន់ចេញ ដឹកដូចជាម៉ាស៊ីនដូចជាអីចេញអ៊ីចឹងណា។ អ៊ីចឹង ពួកខ្ញុំដែលគាត់មិនបានបើកលុយដែលជំពាក់ក្នុងខែ១២ ខែ១ និងខែ២ ដែលក្រុមហ៊ុនអត់បានបើកឱ្យ អីចឹងពួកខ្ញុំត្រូវការដេកយាមនៅមុខរោងចក្រ ដើម្បីឱ្យពួកគាត់បើកលុយឱ្យពួកខ្ញុំសិន អ៊ីចឹងហើយបានជាពួកខ្ញុំដេកយាមជារៀងរាល់ថ្ងៃដល់ខែប្រាំនេះ»។
បើតាមលោក ចឹក ប៊ុនសាន ជីវិតក្រោមដំបូងតង់នេះមិនងាយស្រួលនោះទេ ដោយសារត្រូវប្រឈមនឹងបញ្ហាសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនជាដើម។
កំពុងអង្គុយលើកន្ទេលផ្ទាល់នឹងដី ក្រោមតង់នៅមុខរោងចក្រ Dignity កម្មកររោងចក្រផ្នែកផុងភ្ជាប់ អ្នកស្រី សូត្រ ស៊ីណេត អាយុប្រមាណ ៣២ឆ្នាំ មានប្រសាសន៍ប្រាប់ VOD ថា ពេលយប់ឡើង កម្មករត្រូវតភ្ជាប់ភ្លើងដែលតភ្ជាប់ពីផ្ទះអ្នកនៅជិតរោងចក្រ ខណៈការប្រើប្រាស់បន្ទប់ទឹកក៏ត្រូវដើរទៅផ្ទះអ្នកនៅជិតរោងចក្រដើម្បីសុំប្រើប្រាស់ផងដែរ។
អ្នកស្រី សូត្រ ស៊ីណេត៖ «ភ្លើងសុំតគីឡូពីបងជិតខាង ហើយរៃលុយគ្នាដាក់អ៊ីចឹងទៅ បន្ទប់ទឹកទៅសុំបន្ទប់ជិតខាងហ្នឹងទៅ ជាពិសេសបងគាត់នៅជិតហ្នឹង គាត់អាចបើកបាន ២៤ម៉ោង។ គាត់អត់ប្រកាន់ទេ គេថា គាត់ក៏ជាកម្មកររោងចក្រដូចពួកយើងដែរ អ៊ីចឹងគាត់អាចបើកបានពេលដែលពួកខ្ញុំចេញចូល ពេលដែលសម្រាកពេលយប់ព្រលប់អ៊ីចឹង»។
ម៉ោងប្រមាណ៦ និង៣០នាទី បន្ទាប់ទម្លាក់គ្រែសម្រាប់ដេកយាម និងក្រោយពីហូបមីកញ្ចប់ស្រុះជាមួយសាឡាត់ដែលទិញពីផ្សារមុខរោងចក្រ ដែលមុខម្អូបនេះស្ទើរតែជាអាហារប្រចាំពេលល្ងាចរបស់កម្មករដែលយាមមុខរោងចក្រនេះទៅហើយ។
កម្មករបម្រើការផ្នែកប៉ះនៅរោងចក្រ Dignity នេះ រយៈពេល ១៤ឆ្នាំហើយ អ្នកស្រី សៅ រុន អាយុ ៣៥ឆ្នាំ បានឱ្យ VOD ដឹង មានប្រសាសន៍ថា ក្រុមកម្មករសុទ្ធតែមានបន្ទប់ជួលរៀងខ្លួន តែដោយបារម្ភពីការមិនបើកប្រាក់ឱ្យកម្មករ ក៏ដូចជាការពារកុំឱ្យរោងចក្រដឹកសម្ភារចេញដោយគ្មានការព្រមព្រៀងជាមួយកម្មករ។ ដូច្នេះ ពួកគាត់ត្រូវតែមកយាមមុខរោងចក្រនេះ ដោយចាត់ទុកថាជាការដេកយាមដើម្បីការពារទ្រព្យរបស់ខ្លួនផងដែរ។
អ្នកស្រី សៅ រុន៖ «ធម្មតាទេ មនុស្សយើងបើសិនជានៅក្នុងបន្ទប់យ៉ាងម៉េច យើងនៅបារម្ភភ័យខ្លាច ចុះទម្រាំពួកខ្ញុំមកដេកនៅនេះ តែងតែមានការភ័យព្រួយខ្លាច ដូចជាឥលូវនេះ វាសំបូរអ្នកញៀនថ្នាំច្រើន ទាស់តែយើងមើលមិនឃើញ។ តែធ្វើម៉េច ដើម្បីការពាររបស់នៅក្នុងហ្នឹងដូចជាការពារលុយរបស់យើងដែរ យើងត្រូវតែយាម។ […] ប៉ុន្មានថ្ងៃមុននេះ មានភ្លៀង យើងអត់ទាន់មានគ្រែអ៊ីចឹងទេ ពួកគាត់សម្រាកនៅនឹងសាបហ្នឹង ដល់ភ្លៀងមកអ៊ីចឹង ដូចថាអ្នកខ្លះទប់ឆ័ត្រទៅខ្លះក៏ឈរអ៊ីចឹងទៅ គឺអត់បានសម្រាកទេ ហ្នឹងដើម្បីអី គឺដើម្បីលុយ។ មិនដឹងថា ថ្ងៃណាគេគិតគូរឱ្យ អ៊ីចឹងក៏ចេះតែបែបហ្នឹងទៅ។ មានសត្វមានអីរំខាន តែធ្វើម៉េច យើងមានតែទ្រាំ បើមិនទ្រាំគឺយើងវាអត់ ដូច្នេះគឺមានតែទ្រាំ»។
បើតាមកម្មករ រោងចក្រនេះនៅជំពាក់ថ្លៃឈ្នួលកម្មកររយៈពេល ២ខែ ប្រាក់ដំណាច់ឆ្នាំ និងប្រាក់អតីតភាពការងាររបស់កម្មករ។ ការមិនបើកឱ្យកម្មករនេះ បានធ្វើឱ្យកម្មករជួបការលំបាកផ្នែកជីវភាពជាខ្លាំង ដោយសារខ្វះខាតចំណូល និងត្រូវដោះស្រាយបំណុលដែលខ្លួនជំពាក់គេទៀត។
អ្នកស្រី សូត្រ ស៊ីណេត មានប្រសាសន៍ប្រាប់ VOD ថា បច្ចុប្បន្ន ប្រភពចំណូលរបស់គ្រួសារអ្នកស្រី គឺមានតែមួយគត់ពីប្ដីអ្នកស្រី ដែលត្រូវទៅស៊ីឈ្នួលធ្វើសំណង់ឱ្យគេ ដោយអ្នកស្រីត្រូវចូលរួមយាមមុខរោងចក្រនេះ រង់ចាំដំណោះស្រាយ ខណៈបំណុលត្រូវបានជំពាក់គេកាន់តែច្រើន។
អ្នកស្រីបន្ថែមថា៖ «រាល់ថ្ងៃបំណុលជុំទិស ដើរខ្ចីគេដើម្បីបង់ ខ្ចីពីអ្នកនេះទៅសងអ្នកនោះ ខ្ចីពីអ្នកនោះទៅសងអ្នកនេះ អ៊ីចឹងបំណុលចាប់ផ្ដើមកើនឡើងហើយ។ សុំឱ្យគាត់ [រដ្ឋ] ចាប់ផ្ដើមគិតពីរឿងនេះផង ព្រោះអីខាងកម្មកររោងចក្រ គឺគាត់វេទនាអ៊ីចឹង»។
រោងចក្រ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) បានបើកដំណើរការនៅឆ្នាំ២០០៤ ដែលមានកម្មករសរុប ១០៤៩នាក់ និងមានម្ចាស់ជាជនជាតិចិន។
VOD បានព្យាយាមផ្ញើសារអេឡិចត្រូនិចទៅកាន់ម្ចាស់រោងចក្រ Dignity Knitter Limited លោក Yu Shenxu ដល់ទៅពីរលើក ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះ តែមិនមានការឆ្លើយតបនោះទេ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ លោក គង់ អាទិត្យ មានប្រសាសន៍ប្រាប់ VOD ថា រោងចក្រ Dignity Kinitter Limited បានបិទដោយមិនមានប្រកាសតាមផ្លូវច្បាប់ត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឱ្យកម្មករផ្ទុះការតវ៉ា។ លោកបន្ថែមថា ការនៅតែបណ្ដែតបណ្ដាយឱ្យកម្មករនៅដេកមុខរោងចក្រនេះ វាធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់កម្មករ ក៏ដូចជាមុខមាត់របស់រដ្ឋាភិបាលផងដែរ។
លោក គង់ អាទិត្យ៖ «សម័យកូវីដផង គាត់ប្រឈមនឹងសុខភាព សុវត្ថិភាពគាត់ផង ហើយវាក៏មានរូបភាពមិនល្អដែលមើលទៅថា រឿងហ្នឹងមិនទាន់ដោះស្រាយបាន ហើយធ្វើឱ្យកម្មករនៅយាមអីអ៊ីចឹង ដែលប៉ះពាល់ដល់មុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិយើងដែរ ប្រសិនជារឿងរ៉ាវនៅតែប្រឈមមុខយូរអ៊ីចឹង»។
អនុប្រធានផ្នែកអន្តរាគមន៍ និងដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញានៃក្រសួងការងារ លោក អ៊ូ រតនា ដែលចុះដោះស្រាយករណីវិវាទការងារនៅរោងចក្រ Dignity Knitter Limited បញ្ជាក់ប្រាប់ VOD កាលពីថ្ងៃទី៨ ខែឧសភា ថា ករណីរោងចក្រ Dignity ត្រូវបានក្រុមថៅកែរោងចក្រសម្របសម្រួលថា នឹងដោះស្រាយផ្ដល់សំណងជូនកម្មករនៅថ្ងៃទី៣០ ខែឧសភានេះហើយ ដែលលោកថា ជាសញ្ញាវិជ្ជមាននៃដំណោះស្រាយសម្រាប់ក្រុមកម្មករ។
លោក អ៊ូ រតនា៖ «លទ្ធផល គឺគាត់បានឯកភាពគ្នាទាំងអស់ហើយ ហើយភាគីទាំងពីរសន្យាបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗនៅថ្ងៃ៣០ ឧសភានេះហើយ»។
សំណងដែលរោងចក្រ Dignity នឹងផ្ដល់ឱ្យកម្មករជាង ១ពាន់នាក់នោះ រួមមាន ថ្លៃប្រាក់ខែចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ និងប្រាក់ដំណាច់បណ្ដេញចេញ។
បើតាមមន្រ្តីដោះស្រាយវិវាទនៅសម្ព័ន្ធសហជីពស៊ីខៅឌូ លោក ស៊ាង យ៉ូត បានប្រាប់ VOD កាលពីថ្ងៃ២១ ខែមេសាកន្លងទៅ សំណងដែលរោងចក្រត្រូវសងដល់កម្មករទាំងជាង ១ពាន់នាក់នោះ មិនតិចជាង ១លាន ៥០ម៉ឺនដុល្លារនោះទេ។
ទោះជាយ៉ាងណា សម្រាប់តំណាងកម្មករដែលនៅរង់ចាំមុខរោងចក្រ Dignity អ្នកស្រី សួរ សុជាតិ ថាពួកគាត់នឹងមិនបញ្ឈប់ការដេកយាមមុខរោងចក្រទេ ដរាបណារោងចក្រនៅមិនទាន់ផ្ដល់សំណងដែលបានសន្យាជូនពួកគាត់។
អ្នកស្រី សួរ សុជាតិ៖ «ប្រសិនជាក្រុមហ៊ុន បើកលុយឱ្យនៅថ្ងៃ៣០ពិតមែន ឬក៏ថ្ងៃណាមួយតាមកិច្ចព្រមព្រៀងមែន ពេលហ្នឹងពួកខ្ញុំបានលុយ ពួកខ្ញុំត្រលប់ទៅផ្ទះវិញអស់ហើយ។ និយាយទៅកន្លងមក គាត់អត់គោរពកិច្ចព្រមព្រៀងជាច្រើនដងមកហើយ មិនមែនថាម្ដងទេ គាត់ធ្លាប់មិនគោរពកិច្ចព្រមព្រៀង ឬកិច្ចសន្យាអីមួយអ៊ីចឹង។ ពួកខ្ញុំអត់មានទំនុកចិត្តលើក្រុមហ៊ុន ទោះបីជារឿងហ្នឹងដល់ក្រសួងក៏ដោយ តែមានការកែប្រែច្រើនក្នុងរឿងហ្នឹង។ ពួកយើងមានការពិបាកដែរ ហើយពួកយើងនៅតែដេកយាមរហូតមានដំណោះស្រាយ»៕
ចំណាំ៖ «ការស្រាវជ្រាវនេះ ផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖
