ជាទូទៅ ការងារបោកសម្លៀកបំពាក់ភាគច្រើន យើងឃើញតែអ្នកមានកាយសម្បទាគ្រប់គ្រាន់ធ្វើ ដោយសារការងារនេះត្រូវការភាពរហ័សរហួន និងប្រើដៃដែលមានគ្រប់គ្រាន់សម្រាប់ចាប់កាន់ច្រាស ដែលជាទូទៅគឺសម្រាប់មនុស្សធម្មតាប្រើប្រាស់។ តែក្នុងហាងបោកអ៊ុតសម្លៀកបំពាក់មួយក្នុងបុរី៩៩៩ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ គឺមានលក្ខណៈខុសពីនេះ។
ហាងបោកសម្លៀកបំពាក់ដែលមានឈ្មោះថា ជីវិតថ្មី នេះ គឺជ្រើសរើសយកតែអ្នកដែលមានពិការភាពប៉ុណ្ណោះមកធ្វើការ ដោយសារចង់បណ្ដុះបណ្ដាលដល់ជនពិការដែលគ្មានជំនាញ ឱ្យមានលទ្ធភាពទទួលបានការបណ្ដុះបណ្ដាលជំនាញ និងការរស់នៅដោយពឹងលើខ្លួនឯង ។
ម្ចាស់ហាងនេះគឺលោក ធី លាងហួរ គឺជាជនពិការជើងម្ខាងខាងស្ដាំមួយរូបដោយសាររលាកភ្លើងផងដែរនោះ បានឱ្យ VOD ដឹងថា៖ «ដំបូងឡើយ គឺខ្ញុំធ្លាប់ធ្វើការនៅអង្គការជនពិការកម្ពុជាដែរ ហើយខ្ញុំឃើញថា របរនេះគឺជនពិការមួយចំនួនគាត់អាចទទួលយកបាន ហើយអ្នកដែលអត់ចេះអក្សរ អត់ចេះជ្រៅជ្រះអី ក៏គាត់អាចធ្វើបានដែរ ឱ្យតែយើងប្រាប់គាត់ បង្រៀនគាត់អ៊ីចឹងទៅ។ ហើយមួយទៀត គឺចង់ឃើញពួកគាត់រស់នៅដោយឯករាជ្យ ព្រោះអីខ្ញុំឃើញអ្នកខ្លះអត់ពិការផង គាត់ដើរសុំទានគេ ដើរសុំទានតាមស្ដុបតាមអីអ៊ីចឹង។ ខ្ញុំចង់ឱ្យពួកគាត់កុំដើរតាមស្ដុបតាមអីអ៊ីចឹង ខ្ញុំចង់ប្រមូលផ្ដុំពួកគាត់ហ្នឹង បើកជាកន្លែងបោកអ៊ុត ដើម្បីជួយសម្រួលដល់ការស្នាក់នៅ ការហូបចុកអីរបស់គាត់ និងបានផ្ដល់ចំណូលមួយដល់គាត់ដែរ កុំឱ្យគាត់ដើរសុំ»។
លោកបានឱ្យដឹងថា មុនមកដល់ថ្ងៃនេះ ហាងគាត់ធ្លាប់ត្រូវបានគេរើសអើងមិនតិចនោះទេ។
លោកថា៖ «គេថា បោកមិនស្អាតទេ! គេសាក មួយៗគេយកមកសាកសិន សាកមើលបោកស្អាត ឬអត់? ដល់ពេលសាកទៅ ចេះតែជាប់។ ជួនកាលគេមក គេយកតែអាវមួយទេមក។ កាលពីថ្ងៃបើកថ្ងៃដំបូង បងស្រីម្នាក់នោះគាត់មក គាត់បោះតែម្ដង! គាត់ថា គាត់ខ្ជិលចុះពីលើម៉ូតូ។ ហើយគ្នាខ្ញុំ គាត់អ្នកជិះរទេះ [ជនពិការជិះរទេះ] គាត់ទៅយកយ៉ាងម៉េចទាន់ ដល់ធ្លាក់ដីប្រឡាក់ គាត់ថា តិចបោកមិនស្អាតណាអូន! អ្នកបោក [បុគ្គលិកបោកគក់] ខ្ញុំ គាត់អត់មាត់ទេ។ តែចុងក្រោយ គាត់មកយកអាវគាត់ គាត់ទទួលស្គាល់ថា យើងបោកស្អាតមែន អ្នកខ្លះគេថាបោកស្អាតមែន។ តែខ្ញុំប្រាប់ហើយការបោកខោអាវ ខ្ញុំអត់ថាស្អាតទាំងអស់ទេកន្លែងខ្ញុំនេះ វាតែងតែមានកន្លែងខ្លះមិនស្អាតដែរ ព្រោះជួនណាគាត់មើលអត់បានអស់»។
បើតាមលោក លាងហួរ ហាងរបស់គាត់បានបើក ២ឆ្នាំមកហើយ ដែលទទួលខុសត្រូវលើការងារ បាយទឹក និងកន្លែងស្នាក់នៅសម្រាប់បុគ្គលិកទាំងអស់ និងបានជួយដល់ជនពិការចំនួន ៨នាក់ហើយ ក្នុងនោះមាន ២នាក់បានចេញទៅបើកហាងបោកអ៊ុតដោយខ្លួនឯងផងដែរ។ បច្ចុប្បន្ន ហាងបោកអ៊ុតសម្លៀកបំពាក់នេះ គឺសល់តែបុគ្គលិក ២នាក់ប៉ុណ្ណោះ។
ជាអ្នកពិការដៃតាំងពីកំណើត និងបានរៀនដល់ថ្នាក់ទី៩ កញ្ញា តូយ ស្រីរ៉េ អាយុ ២៧ឆ្នាំ បានឱ្យដឹងថា បន្ទាប់ពីបោះបង់ការសិក្សានៅឆ្នាំ២០១០ នៅថ្នាក់ទី៩ ដោយសារការលំបាកក្នុងការធ្វើដំណើរទៅរៀន និងត្រូវជួយដល់ក្រុមគ្រួសារដែលជួបការលំបាក។ ក្នុងឆ្នាំ២០១៧ កញ្ញា បានមកភ្នំពេញ ដើម្បីរៀនជំនាញចិញ្ចឹមជ្រូកពីអង្គការជនពិការមួយ តែដោយសារការលំបាក និងរៀនមិនចូលនោះ ក៏បានស្នើសុំឈប់ស្របពេលដែលបានស្គាល់លោក ធី លាងហួរ ក៏ស្នើសុំគាត់មកធ្វើការនៅហាងរបស់លោកតែម្ដង។
កញ្ញា តូយ ស្រីរ៉េ៖ «ដំបូង ខ្ញុំតែងមានឧបសគ្គលំបាកដែរ ដោយសារដៃយើងមិនដូចគេ តែឥលូវស្ទាត់ជាងមុន។ […] បើយើងផ្ដេកផ្តួលតាមស្ថានភាពពិការខ្លួនយើង គឺយើងអត់ដឹងពីសមត្ថភាពរបស់យើងថា អាចធ្វើអីបានទេ ចង់មានសមត្ថភាពធ្វើដូចគេដូចឯង។ ហើយណាមួយខ្ញុំមិនចង់ពឹងបងប្អូន ពឹងម៉ែទាំងស្រុងទេ»។
បុគ្គលិកនៃហាងបោកអ៊ុតនេះម្នាក់ទៀតឈ្មោះ ស៊ុន ស្រីមុំ អាយុ ២២ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដែលមានបញ្ហាខ្សោយគំហើញពីកំណើត ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់ទី៦ បានលើកឡើងថា កញ្ញាបានមករស់នៅជាមួយអង្គការជនពិការមួយនៅឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩ ដោយចង់បង្កើនជំនាញ និងប្រាក់ចំណូល ក៏បានមកធ្វើការជាមួយហាងបោកអ៊ុតសម្លៀកបំពាក់នេះ។
កញ្ញា ស៊ុន ស្រីមុំ៖ «យើងមានផលវិបាកនៃការងាររបស់យើងមែន តែយើងត្រូវតែជម្នះវា ហើយណាមួយយើងអត់ចង់ធ្វើអីដែលសង្គមគេស្អប់ខ្ពើមទេ»។
ទោះជាយ៉ាងណា ពួកគាត់ទាំងពីរនាក់មិនទាន់គិតពីការបើកហាងបោកអ៊ុតដោយខ្លួនឯងនាថ្ងៃអនាគតនៅឡើយទេ។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាពឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៩ មានជនមានពិការភាពចំនួន ២ ៨៦០នាក់ បានចូលបម្រើការងារនៅគ្រប់ស្ថាប័នរដ្ឋ ខណៈជនពិការដែលធ្វើការក្នុងវិស័យឯកជនមានចំនួន ៣ ៧៩២នាក់។
ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ លោក យៀប ម៉ាលីណូ មានប្រសាសន៍ថា រដ្ឋមានគោលនយោបាយជាច្រើនក្នុងការលើកទឹកចិត្ត និងជំរុញការងារធ្វើរបស់ជនពិការ ក្នុងនោះក៏មានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្វែងរកការងារធ្វើដល់ជនពិការផងដែរ ដែលលោកថា រហូតមកដល់បច្ចុប្បន្ននេះ មានជនពិការមិនតិចជាង ១ម៉ឺននាក់ទេដែលត្រូវបានបណ្ដុះបណ្ដាលបច្ចេកទេសដោយស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ។
លោកបន្ថែមថា ក្រៅពីនេះ ការចូលរួមពីវិស័យឯកជន ដូចជា ហាងបោកអ៊ុត ជីវិតថ្មី នេះ ក៏ជាការឆ្លើយតបជាវិជ្ជមានសម្រាប់ការលើកស្ទួយដល់ភាពមានការងារធ្វើរបស់ជនពិការផងដែរ។
លោកថា៖ «យើងទទួលស្គាល់ថា វិស័យឯកជនពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញឱកាសការងារ និងការជំរុញមុខរបរសម្រាប់បងប្អូនមានពិការភាព។ ទាំងនេះគឺជាសកម្មភាពសេដ្ឋកិច្ចដែលជួយជំរុញនូវកម្លាំងពលកម្មដែលយើងត្រូវប្រើឱ្យអស់ពីលទ្ធភាពរបស់ជាតិ។ យើងឃើញថា តាមហាងមួយចំនួន ដូចជា The Blind គឺជាហាងបែបបារាំង ហើយជនពិការភ្នែកទាំងអស់គឺជាអ្នកដែលបម្រើការងារនៅទីនោះ ទាំងចុងភៅ ទាំងអ្នកដែលរត់តុទាំងអស់ គឺជាអ្នកពិការភ្នែក។ យើងប្រាកដជាគិតហើយថា រត់តុយ៉ាងម៉េចទៅ? ធ្វើយ៉ាងម៉េចទៅ? តែយើងអាចធ្វើបាន ពួកគេមានសមត្ថភាពក្នុងការធ្វើបាន ម្ហូបឆ្ញាញ់អីអ៊ីចឹង។ ទាំងនេះគឺជាការរួមចំណែករបស់វិស័យឯកជនដែលបានផ្ដួចផ្ដើម ហើយជំរុញនូវឱកាសសេដ្ឋកិច្ចសម្រាប់គ្រួសារជនពិការ សម្រាប់ជនពិការ ជាពិសេសឱកាសសេដ្ឋកិច្ចសម្រាប់ជាតិយើងតែម្ដង»។
បើតាមលោក យៀប ម៉ាលីណូ សម្រាប់ជនពិការដែលចង់បង្កើតអាជីវកម្មខ្លួនឯង អាចដាក់ពាក្យស្នើសុំកម្ចី និងជំនួយពីអង្គការ ក្រុមហ៊ុន និងមីក្រូហិរញ្ញវត្ថុចំនួន ៦ដែលជាដៃគូរបស់ក្រសួង ឬអាចទាក់ទងមកនាយកដ្ឋានលោកដោយផ្ទាល់ក៏បាន ដើម្បីទទួលព័ត៌មានពីការបង្កើតអាជីវកម្មសម្រាប់ជនពិការ។
ម្ចាស់ហាងបោកសម្លៀកបំពាក់ ជីវិតថ្មី លោក ធី លាងហួរ សំណូមពរដល់ពលរដ្ឋកុំឱ្យមានការរើសអើងដល់ជនពិការ និងចូលរួមជួយលើកទឹកចិត្តពួកគាត់ ក៏ដូចជាហាងតូចមួយនេះរបស់លោកផង ដើម្បីផ្ដល់ឱកាសការងារ និងប្រាក់កម្រៃខ្លះដល់ពួកគាត់ផងដែរ។
លោក ធី លាងហួរ៖ «មួយខែពីរខែចុងក្រោយនេះ ដោយសារតែវិបត្តិកូវីដនេះ គឺខ្ញុំឡុងចុងហើយ។ សូមសំណូមពរ បើអ្នកចង់បោកអ៊ុតអី មកបោកកន្លែងនេះផង។ ជួយជនពិការទៅ ហើយសេវាដឹកជញ្ជូនដល់ផ្ទះទេ តែខ្ញុំដឹកបានតែថ្ងៃសៅរ៍អាទិត្យទេ បើខ្ញុំទៅយកថ្ងៃសៅរ៍ ខោអាវគាត់ថ្ងៃអាទិត្យដឹងតែ [រួច] ហើយ តែបើយកថ្ងៃអាទិត្យពេលព្រឹក ល្ងាចគឺដឹងតែហើយ ព្រោះអីខ្ញុំធ្វើឱ្យប្រញាប់ ដើម្បីដឹកឱ្យគាត់វិញ ព្រោះអីមានតែខ្ញុំទេដែលដឹក ហើយខ្ញុំត្រូវការធ្វើការពីថ្ងៃចន្ទ ដល់ព្រឹកថ្ងៃសៅរ៍ អីចឹង ខ្ញុំអត់អាចចេញមកដឹកបានទេ»៕
ចំណាំ៖ «ការស្រាវជ្រាវនេះ ផលិតឡើងដោយមានការគាំទ្រពីមូលនិធិ Rosa Luxemburg ក្រោមជំនួយហិរញ្ញវត្ថុរបស់ក្រសួងសហព័ន្ធនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ»។
គាំទ្រដោយ៖