កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងឱ្យដឹកនាំចលនាយុវជនរបស់គណបក្សកាន់អំណាច បន្ថែមទៅលើតួនាទីដែលលោកកំពុងកាន់កាប់នាពេលសព្វថ្ងៃនេះ។ នេះបើតាមសេចក្ដីសម្រេចរបស់គណបក្សប្រជាជនកម្ពុជាចេញនៅថ្ងៃនេះ។
ក្នុងសេចក្ដីសម្រេចនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានៈពីអនុប្រធានទៅជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលសេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ដឹកនាំដោយឪពុករបស់លោក គឺលោក ហ៊ុន សែន។
សេចក្ដីសម្រេចនោះ បញ្ជាក់ថា ការតែងតាំងនេះត្រូវបានធ្វើឡើងដោយយោងតាមសំណូមពរការងារ និងសមត្ថភាពរបស់មន្ត្រីគណបក្ស សំណើរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្ដាល និងមតិរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលបក្ស។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គឺជារចនាសម្ព័ន្ធដឹកនាំខ្ពស់បំផុតរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រមូលផ្ដុំទៅដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ៣៤រូប។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់វីអូឌីបន្ថែមថា លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឱ្យកាន់តំណែងដឹកនាំក្រុមយុវជន ជំនួសលោក កែ ប៊ុនខៀង អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្ដាលបក្ស ហើយទទួលបន្ទុកជាប្រធានក្រុមយុវជនកណ្ដាលរបស់គណបក្សអស់រយៈពេលជាង ២០ឆ្នាំមកហើយ។
លោក សុខ ឥសាន បានឱ្យដឹងថា ការតែងតាំងកូនប្រុសច្បងលោក ហ៊ុន សែន ត្រូវបានធ្វើឡើងដោយគណៈអចិន្ត្រៃយ៍របស់បក្ស ដោយផ្អែកទៅលើកត្តាសមត្ថភាពខាងចំណេះដឹង និងការដឹកនាំរបស់លោក និងមិនត្រូវបានប្រកួតប្រជែងពីក្នុងចំណោមយុវជនមានសមត្ថភាពដទៃទៀតនោះឡើយ។
លោក សុខ ឥសាន ប្រាប់ថា៖ «មិនខ្វះទេយុវជននៅក្នុងគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែ ការតែងតាំងអាស្រ័យទៅលើគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ជាអ្នកសម្រេចលើការតែងតាំង ហើយធម្មតាមានសមាសភាពច្រើន ក៏ប៉ុន្តែ ប្រធានមានតែមួយតើ មិនមានប្រធានពីរបីឯណាអត់ទេ។ អ៊ីចឹង ការជ្រើសរើសសម្រិតសម្រាំងហ្នឹង គឺឯកឧត្ដម ហ៊ុន ម៉ាណែត ដែលថ្នាក់ដឹកនាំសម្រេចហ្នឹងហើយ»។
បើតាមអ្នកនាំពាក្យរូបនេះ លោក ហ៊ុន ម៉ាណែត អាយុ ៤២ឆ្នាំ ក៏ជាសមាជិកមួយរូបក្នុងចំណោមសមាជិក ៣៤រូបនៅក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាផងដែរ។
ជាអ្នកបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក West Point លោក ហ៊ុន ម៉ាណែត ត្រូវបានដំឡើងឋានន្តរសក្តិពីឧត្ដមសេនីយ៍ទោនៅឆ្នាំ២០១១ក្នុងអាយុ ៣៤ឆ្នាំ ទៅជាឧត្ដមសេនីយ៍ឯកផ្កាយ៣នៅក្នុងរយៈពេល២ឆ្នាំក្រោយមក។
ក្នុងរយៈពេលមិនដល់ ១ខែផងមុនការបោះឆ្នោតជាតិនៅខែកក្កដាឆ្នាំ២០១៨ លោក ម៉ាណែត ត្រូវបានដំឡើងទៅជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក។
បើតាមសេចក្ដីរាយការណ៍របស់កាសែតភ្នំពេញ ប៉ុស្តិ៍ លោក ម៉ាណែត ក៏កាន់តំណែងជាមេបញ្ជាការរងនៃកងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គភាពប្រឆាំងភេរវកម្មរបស់ក្រសួងការពារជាតិផងដែរ។
ក្រៅពីលោក ម៉ាណែត កូនប្រុសមួយរូបទៀតរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ក៏ជាមន្ត្រីយោធាជាន់ខ្ពស់មានឋានន្តរសក្តិជាឧត្ដមសេនីឯក និងកាន់តំណែងជាប្រធាននាយកដ្ឋានចារកម្មនៃក្រសួងការពារជាតិផងដែរ។
ចំណែកឯលោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់លោក ហ៊ុន សែន ក៏កំពុងដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ជាបណ្ដាញមួយទៀតដែលប្រមូលផ្ដុំទៅដោយក្រុមយុវជនកម្ពុជា ដែលត្រូវបានបង្កើតឡើងចាប់តាំងពីក្រោយថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាពេលដែលចលនាតស៊ូមួយត្រូវបានប្រកាសឡើងដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។
របាយការណ៍ក្នុងពិធីប្រកាសដាក់បញ្ចូលសមាជិកថ្មីនៅក្រសួងរ៉ែ និងថាមពលកាលពីខែសីហាឆ្នាំ២០១៩ បានបង្ហាញថា សហភាពសហព័ន្ធយុវជនកម្ពុជា មានសមាជិកសរុបជាង ១៤ម៉ឺននាក់នៅទូទាំងប្រទេស តាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន និងគ្រប់វិស័យ។
នៅពេលត្រូវបានសាកសួរថា តើក្រុមយុវជនកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នឹងដឹកនាំលើបណ្ដាញយុវជនដទៃទៀតដែលគាំទ្រគណបក្សកាន់អំណាចនេះឬយ៉ាងណានោះ លោក សុខ ឥសាន អះអាងថា ចលនាយុវជនកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា មិនដូចទៅនឹងបណ្ដាញសហភាពសហព័ន្ធយុវជនកម្ពុជា និងចលនាយុវជនដទៃទៀតនោះឡើយ ដោយលោកថា បណ្ដាញយុវជនផ្សេងទៀត ដំណើរការក្នុងនាមជាអង្គការសង្គមស៊ីវិល។
លោក សុខ ឥសាន ប្រាប់ថា លោកមិនមានតួលេខជាក់នៃយុវជនបក្សនោះឡើយ ប៉ុន្តែ លោកថា ក្រុមយុវជនបក្សមានអាយុចន្លោះពី ១៥ ទៅ ៣៥ឆ្នាំ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៣០ភាគរយ (ខ្ទង់ ១.៨លាននាក់)នៃសមាជិកបក្សប្រជាជនកម្ពុជាប្រហែល ៦លាននាក់នៅទូទាំងប្រទេស។
លោក ហ៊ីង សុខសាន្ត ដែលជាប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលនៅចុងឆ្នាំ២០១៧នោះ បានលើកឡើងថា តំណែងប្រមុខចលនាយុវជន គឺជាមូលដ្ឋានគាំទ្រដ៏សំខាន់សម្រាប់គណបក្សនយោបាយ ឬក៏អ្នកនយោបាយនាពេលអនាគត ដោយលោកថា យុវជនគឺជាកម្លាំងនៃការផ្លាស់ប្ដូរដ៏ធំក្នុងសង្គម។
លោក ហ៊ីង សុខសាន្ត ប្រាប់ថា៖ «ការដឹកនាំចលនាយុវជនរបស់គណបក្សណាមួយ គឺជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់ការដឹកនាំគណបក្សនយោបាយនាពេលអនាគត។ ប្រសិនបើលោក ហ៊ុន ម៉ាណែត ចង់ក្លាយទៅជាអ្នកដឹកនាំបន្តវេននៅក្នុងគណបក្សប្រជាជនកម្ពុចា លោកមានមូលដ្ឋានគាំទ្រស្រាប់»។
ជារឿយៗ លោក ហ៊ុន សែន បានរងការរិះគន់ចំពោះការតែងតាំង ឬដំឡើងឋានៈតួនាទីទៅដល់កូនប្រុស ឬសមាជិកក្រុមគ្រួសាររបស់លោកទាំងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងជួររដ្ឋាភិបាលស៊ីវិលផងដែរ។
ប៉ុន្តែ លោក សុខ ឥសាន បានឆ្លើយតបថា ការរិះគន់ទាំងឡាយគ្រាន់តែជាការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយលោកថា សេចក្ដីសម្រេចរបស់គណបក្សលោក ត្រូវបានធ្វើឡើងតាមលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។
លោក សុខ ឥសាន ប្រាប់ថា៖ «សូមជម្រាបជូនថា ការងារផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុងយ៉ាងទូលំទូលាយ។ អ៊ីចឹង ការសម្រេចតែងតាំងមន្ត្រីណាក៏ដោយ គឺសុទ្ធតែមានការពិភាក្សាជាសមូហភាពនៅក្នុងជួរគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ អ៊ីចឹង មិនមែនអត្តនោម័តដោយថ្នាក់ដឹកនាំណាម្នាក់ទេ»៕
សេចក្ដីកែតម្រូវ៖ សារព័ត៌មានវីអូឌីសូមកែតម្រូវថា លោក ហ៊ុន ម៉ាណែត មានឋានន្តរសក្តិជាឧត្ដមសេនីយ៍ឯកនៅក្នុងជួរកងទ័ព។
រាយការណ៍បន្ថែមដោយលោក សូរ្យ ជ័យឧត្ដម