HRW ​ជំរុញ​​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា

សមត្ថកិច្ចទាញក្រុមស្ត្រីដែលតវ៉ា។ រូបផ្សព្វផ្សាយដោយ ohchr នៅថ្ងៃទី១៤ខែសីហាឆ្នាំ២០២០(រូបពី ohchr)

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ជំរុញ​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ជាមួយ​សម​ភាគី​កម្ពុជា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តូសឺមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) គ្រោង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ ហើយ​គ្រោង​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជជែក​ពិភាក្សា​ការងារ​ជាមួយ​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន។

ពីរ​ថ្ងៃ​មុន​ដំណើរទស្សនកិច្ច​​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ផ្ញើ​លិខិត​ទៅ​ប្រមុខ​ការទូត​ជប៉ុន​លោក ម៉ូតេហ្គិ ដោយ​ជំរុញ​ឱ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​កម្ពុជា។

ក្នុង​លិខិត​នោះ ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ បាន​លើក​ឡើង​ថា​៖ «កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស» ដោយ​ថា រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្ក្រាប​ទៅ​លើ​សកម្មជន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ។

អង្គការ HRW បាន​បន្ត​ប្រាប់​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អនុម័ត​ច្បាប់​នានា ដែល​គាប់​សង្កត់​​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​សេរីភាព​សមាគម។

ក្នុង​លិខិត​ដដែល​នោះ HRW បាន​ជំរុញ​ទៅ​លោក ម៉ូតេហ្គិ ឱ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ ដូចជា ទាមទារ​ឱ្យ​ដោះ​លែងដោយ​ឥត​លក្ខខណ្ឌ​នូវ​​សកម្មជន អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន និង​សមាជិក​គាំ​ទ្រ​បក្ស​ប្រឆាំង​។

អង្គការ​មួយ​នេះ​ក៏​បាន​ជំរុញ​ទៅ​ប្រមូខ​ការទូត​ជប៉ុន​យក​អនុសាសន៍​របស់​ខ្លួន​មួយ​ទៀត​ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ដែល​អនុសាសន៍​នោះ​បាន​ទាមទារ​ឱ្យ​​បញ្ឈប់​នូវ​ការ​យាយី ការ​គំរាម​កំហែង ការ​ចាប់​មនុស្ស​តាម​ទំនើង​ចិត្ត និង​ការ​វាយ​ប្រហារ​លើ​រូប​រាង​កាយ​ទៅ​លើ​មេដឹកនាំ​សហជីព សកម្មជន​ដី​ធ្លី អ្នក​ការពារសិទ្ធិ​មនុស្ស សមាជិក​បក្ស​ប្រឆាំង និង​អ្នក​សារព័ត៌មាន។

ក្រៅ​ពី​ស្នើ​ឱ្យ​លើក​ឡើង​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អង្គការ HRW ក៏​បាន​ជំរុញ​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​ឡើង​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​ប៉ាពួញូហ្គីណេ ប្រទេស​ឡាវ និង​ភូមា ជាប្រទេស​ដែល​លោក ម៉ូតេហ្គិ គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ដំណើរទស្សនកិច្ច​របស់​លោក​មក​កាន់​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ និង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ