សកម្ម​ជន​​ព្រៃ​​ឈើ​​ម្នាក់​​នៅ​រតនគិរី​ស្នើ​សាលា​ឧទ្ធរណ៍​ទម្លាក់ចោលការចោទប្រកាន់ និងផ្តល់យុត្តិធម៌

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

សកម្មជន​ព្រៃឈើ​ខេត្ត​រតនគិរី​មួយ​រូប​ បានស្នើ​ទៅសាលា​ឧទ្ធរណ៍​ខេត្តត្បូងឃ្មុំឲ្យទម្លាក់​ចោល​ការចោទប្រកាន់​ទៅ​លើ​រូប​លោក និងផ្តល់យុត្តិធម៌សម្រាប់លោក​ផង​ដែរ ដោយលោក​ថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។

កាលពីម្សិលមិញនេះ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានបើកសវនាការលើសំណុំរឿងសកម្មជនព្រៃឈើម្នាក់មក​ពី​ខេត្តរតនគិរី លោក ឆន ផល្លា ទៅតាមបណ្តឹងរបស់​អាជ្ញាធរនៅឃុំសេដា ដែលប្តឹងលោក​កាលពីឆ្នាំ២០១៧ ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍»

លោក ឆន ផល្លា ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ក្នុងសវនាការ តុលាការបានសួរនាំជាច្រើនពាក់ព័ន្ធការចោទប្រកាន់ថា លោកញុះញង់ឲ្យប្រជាពលរដ្ឋទៅរុករានដីរដ្ឋ កាប់បំផ្លាញ់ព្រៃ និងដឹកនាំពលរដ្ឋទៅដណ្តើមដីក្រុមហ៊ុនជាដើម ប៉ុន្តែ លោក​បានបដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សកម្មជនព្រៃឈើរូប​នេះ បន្តថា លោកបានស្នើទៅតុលាការឲ្យទម្លាក់ចោលការចោទប្រកាន់ និងផ្តល់យល់យុត្តិធម៌ជូនលោកវិញ ដោយ​លោក​ថា បណ្ដឹង​ប្រឆាំង​រូប គឺ​ជា​ការ​សង​សឹក​ដោយ​សារលោកជាសកម្មជនព្រៃឈើតែងតែចោទអាជ្ញាធរទាំងនោះថា ពាក់ព័ន្ធបទល្មើសព្រៃឈើ។

លោក ឆន ផល្លា ប្រាប់ថា៖ «គាត់[ដើមបណ្តឹងជាអាជ្ញាធរ]បង្កាច់កេរ្តិ៍​ឈ្មោះរបស់ខ្ញុំ។ គាត់ប្តឹងរឿងមិនពិត ដោយសារគាត់ខឹងខ្ញុំរឿងដែលខ្ញុំប្តឹងគាត់ ហើយពួកគាត់ប្តឹងខ្ញុំវិញ។ អ៊ីចឹង ខ្ញុំបានស្នើសុំឲ្យតុលាការទម្លាក់ការចោទប្រកាន់មកលើខ្ញុំ និងលើកលែងការចោទប្រកាន់ដូចតុលាការខេត្តរតនគិរី និងរកយុត្តិធម៌ឲ្យខ្ញុំ»

លោក ឆន ផល្លា បាន​ឲ្យដឹង​ថា អ្នកប្តឹងលោកនោះមាន​មេឃុំសេដា មេភូមិសមុទ្រក្រោម អនុភូមិសមុទ្រក្រោម មេប៉ុស្តិ៍នគរបាល​ឃុំសេដា និងមនុស្សពីរបីនាក់ផ្សេងទៀត។

មេភូមិសមុទ្រក្រោម លោក ខាំ ផសាវ៉ាត អះអាងថា អាជ្ញាធរឃុំសេដាប្តឹងលោក ឆន ផល្លាទៅតុលាការ គឺដោយសារសកម្មជនព្រៃឈើរូបនេះ ដើរប្តឹងអាជ្ញាធរទាំងគ្មានកំហុស ប៉ុន្តែ លោកថា នៅក្នុងសវនាការ គឺពួកគាត់សុំឲ្យតុលាការបញ្ចប់រឿងត្រឹមនេះ។

លោក ខាំ ផសាវ៉ាត ប្រាប់ថា៖ «ខ្ញុំអត់ចង់ឲ្យរឿងហ្នឹងបន្តទៀត ដោយសារការងារប្តឹងផ្តល់គ្នានេះ ខាតតែកូនក្មួយខ្លួនឯង។ ឆន ផល្លានេះជាអ្នកនៅកំពង់ចាមខ្មែរសុទ្ធ មកស្រលាញ់កូនជនជាតិដើមនៅរតនគិរី។ អ៊ីចឹង ពួកខ្ញុំស្នើឲ្យមានការសម្របសម្រួលគ្នាបញ្ចប់រឿងត្រឹមហ្នឹងទៅ»

ពាក់ព័ន្ធសំណុំរឿងនេះ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគិរី លោក សេង ស៊ឺមសុរិយា សម្រេចលើកលែងការចោទប្រកាន់លោក ឆន ផល្លា និងមនុស្សនាក់ផ្សេងទៀត ក្រោយរកមិនឃើញកំហុស។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្តរតនគិរី លោក ឌិន ខន្នី ចាត់​ទុក​បណ្ដឹង​ទៅ​លើ​លោក ឆន ផល្លា នេះ​ ជា​គំរាមកំហែងបំបាក់ទឹកចិត្ត​សកម្មជនព្រៃឈើមិនឲ្យសកម្មក្នុងការចូលរួមការពារព្រៃឈើ។

លោក ឌិន ខន្នី ប្រាប់ថា៖ «ការប្តឹងបន្តហ្នឹង វាមិនបានលើកទឹកចិត្តទៅដល់សកម្មជនព្រៃឈើដែលគាត់ខិតខំប្រឹងប្រែងការពារបរិស្ថាន ការពារព្រៃឈើ ការពារដីរដ្ឋ និងដីសហគមន៍កន្លងមកទេ។ វាជាការគំរាមកំហែង។ អ៊ីចឹង ខ្ញុំឲ្យចៅក្រមខាងសាលាឧទ្ធរណ៍មិនមានភស្ភតាងណាមួយទេ។ គួរតែទម្លាក់ចោលបទចោទដល់ពួកគាត់ទៅដើម្បីឲ្យពួកគាត់បន្តសកម្មភាពការពារបរិស្ថាន ការពារដីធ្លី និងសាធារណៈរបស់រដ្ឋបន្តទៀត»

លោក ឆន ផល្លា ប្រាប់​ថា សាលាឧទ្ទរណ៍នឹងប្រកាសសាលដីកាពាក់ព័ន្ធសំណុំរឿងនេះនៅថ្ងៃទី២១ ខែតុលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ