កម្មករ​-កម្មការិនី​២៥​នាក់​នៅ​ខេត្ត​កំពតបន្ដ​ទាម​ទារ​ប្រាក់​ឈ្នួល​ពី​ក្រុម​ហ៊ុន​ ផាន់​ណា​គ្រីគ្រុប

កម្មករ-កម្មការិនីរោងចក្រចំនួន២៥នាក់នៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានប្ដឹងទាមទារប្រាក់ឈ្នួលពីក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ទៅកាន់មន្ទីរការងារនិងអធិការកិច្ចខេត្តកំពត ខណៈជម្លោះបន្ដអូសបន្លាយជាងមួយឆ្នាំមកហើយ។

តំណាងកម្មករដែលធ្វើការនៅក្រុមហ៊ុន ផាន់ណាគ្រីគ្រុប នៅខេត្តកំពត លោក យឹម ណុក ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន ផាន់ណាគ្រីគ្រុប នៅមិនទាន់បានបើកប្រាក់ឈ្នួលឱ្យកម្មករបានគ្រប់ចំនួននៅឡើយទេ។

បើតាមតំណាងកម្មកររូបនេះ ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន ផាន់ណាគ្រីគ្រុប ដែលមានឧកញ៉ាឈ្មោះ សុខ សែនរ៉ាឌី ជាម្ចាស់ក្រុមហ៊ុន បានស្ទះលុយនិងមិនព្រមបើកប្រាក់ឈ្នួលឱ្យកម្មករដែលនៅសេសសល់ឡើយ គិតជាទឹកប្រាក់សរុបចំនួន ៣៥ ៤៩៣ ០០០រៀល ដោយកម្មករខ្លះទាមទារប្រាក់ចំនួន៧លានរៀល ខ្លះទាមទារ​៥លានរៀល និងខ្លះទៀតទាមទារ២លានរៀល។ យ៉ាងណាក៏ដោយ លោកថា ក្រុមហ៊ុនបានដាក់ចេញវិធានការដោះស្រាយបណ្ដោះអាសន្នមួយ ដោយផ្ដល់ជូនកម្មករក្នុងម្នាក់១០០ដុល្លារក្នុងមួយខែ ប៉ុន្ដែកម្មករនៅតែទាមទាររកដំណោះស្រាយចុងក្រោយសមស្របនិងអាចទទួលយកបានពិតប្រាកដ។   

លោក យឹម ណុក មានប្រសាសន៍បន្ដថា រឿងនេះជាជំងឺរ៉ាំរ៉ៃយូរណាស់មកហើយ ខណៈកម្មករទាំងអស់នោះមិនចង់បានអ្វីក្រៅតែពីប្រាក់ឈ្នួលដែលជាញើសឈាមរបស់ពួកគេ។

កម្មការិនីម្នាក់ដែលបម្រើការងារនៅរោងចក្រខាងលើ អ្នកស្រី សឹម ផារឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា គាត់និងកូនស្រីគាត់ពីរនាក់ទៀត បានធ្វើការនៅទីនេះអស់រយ:ពេលជិតមួយឆ្នាំមកហើយ ដើម្បីរកប្រាក់ចិញ្ចឹមក្រពះ និងបង់ទៅធនាគារនិងបំណុលឯកជនផ្សេងទៀត។ ប៉ុន្ដែអ្នកស្រីថា ក្រុមហ៊ុនមិនដែលបើកលុយឱ្យគ្រប់មួយខែម្ដងណាឡើយ គឺបើកឱ្យតែតិចតួចប៉ុណ្ណោះ។

ពលរដ្ឋអ្នកសារព័ត៌មានបានទាក់ទងទៅភាគីតំណាងក្រុមហ៊ុន ផាន់ណាគ្រីគ្រុប លោក ញ៉ែម ត្រេ ប៉ុន្ដែលោកបដិសេធឆ្លើយតបចំពោះសំណួរដែលសួរពាក់ព័ន្ធករណីនេះ។

លោក អ៊ួច សុធា អនុប្រធានមន្ទីរការងារនិងអធិការកិច្ចខេត្តកំពត មានប្រសាសន៍ថា ចំពោះរឿងនេះ ខាងមន្ទីរការងារបានធ្វើការសម្របសម្រួលច្រើនលើកច្រើនសារមកហើយ និងថា មន្ទីរការងារកំពុងជួយរកដំណោះស្រាយសមស្របដល់ភាគីទាំងកម្មករនិងក្រុមហ៊ុន ស្របទៅតាមច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។

មន្ត្រី​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូប្រចាំ​ខេត្ដ​កំពតនិង​ខេត្តកែប លោក អ៊ុប សុវណ្ណចាន់ថន មានប្រសាសន៍ថា ករណីនេះ កម្មករ-កម្មការិនីរោងចក្រ ត្រូវធ្វើការទាមទារតាមផ្លូវច្បាប់ទៅកាន់ក្រសួងពាក់ព័ន្ធ ជាជាងធ្វើសកម្មភាពណាមួយដែលឈានដល់ការបង្កជាបទល្មើសនាំឱ្យមានការចោទប្រកាន់តាមផ្លូវតុលាការ។

បើតាមប្រភពពីតំណាងកម្មករ ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន ផាន់ណាគ្រីគ្រុបបានជួបបញ្ហាសេដ្ឋកិច្ច និងមិនអាចបើកប្រាក់ខែជូនកម្មកររបស់ខ្លួនបាន ខណៈក្រុមហ៊ុនមានកម្មករ-កម្មការិនីប្រមាណជិត៤០០នាក់។ លោកគូសបញ្ជាក់ថា កម្មករមួយចំនួនបានបញ្ឈប់ការតវ៉ាទាមទាររបស់ខ្លួនហើយ ដោយមើលឃើញថា ក្រុមហ៊ុនគ្មានលទ្ធភាពបើកប្រាក់ឈ្នួលដល់ពួកគេ និងនៅសល់ប្រមាណជា២៥នាក់ប៉ុណ្ណោះកំពុងបន្ដការតវ៉ា៕

—————————————–

ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។