ស្ដ្រី​អ្នក​តវ៉ា​ដី​ធ្លី​ម្នាក់​ធ្លាក់​ខ្លួន​សុំ​ដី​គេ​ស្នាក់​អាស្រ័យ​ ក្រោយ​បាត់​បង់​ដី​ទៅ​ក្រុមហ៊ុន

អ្នកស្រី ឃន ខន ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ពីបញ្ហាដែលកំពុងប្រឈមនិងបញ្ហាជីវភាពប្រចាំថ្ងៃ។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ជម្លោះដីធ្លី គឺជាបញ្ហាដែលស្ទើរចាក់ឫសគល់យ៉ាងជ្រៅក្នុងសង្គមកម្ពុជាទៅហើយ ដោយពលរដ្ឋមួយចំនួនលះបង់ការទាមទារ ប៉ុន្ដែខ្លះទៀតនៅតែតស៊ូតវ៉ានិងទាមទារសិទ្ធិលើដីធ្លីត្រឡប់មកវិញ ហើយខ្លះទៀតសឹងរកដីធ្វើផ្ទះស្នាក់អាស្រ័យពុំបានផង។

នៅក្រោមដំបូលស្រយាកផ្ទះប្រក់ស្លឹកដាច់រហែកដោយអន្លើៗ និងនៅក្នុងផ្ទះដ៏តូចកំសត់មួយមានទទឹងប្រហែល២ម៉ែត្រ និងបណ្ដោយប្រហែលជាង៣ម៉ែត្រ ស្ដ្រីម្នាក់ដែលជាអ្នកតវ៉ាដីធ្លីប្រាប់ថា គាត់បានបង្ខំចិត្តមកសុំគេស្នាក់អាស្រ័យនៅភូមិក្រាំងត្បែង ឃុំត្រពំាងជោ ស្រុកឱរ៉ាល់នេះ ដោយមិនដឹងរកទីកន្លែងណាផ្សេងសមគួរសម្រាប់ការរស់នៅឡើយ។

ស្ថិតក្នុងវ័យ៦៥ឆ្នាំ អ្នកស្រី ឃន ខន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា គាត់មិនមានផ្ទះសម្បែងនិងដីធ្លីពិតប្រាកដនោះឡើយ ហើយបច្ចុប្បន្ន គាត់ត្រូវរ៉ាប់រងចិញ្ចឹមកូនម្នាក់និងចៅម្នាក់ទៀតផងដែរ ដែលឪពុកម្ដាយរបស់ពួកគេបានចំណាកស្រុកទៅធ្វើការនៅតំបន់ផ្សេង ខណៈវ័យគាត់កាន់តែច្រើនទៅហើយនោះ។

អ្នកស្រី ឃន ខន ប្រាប់ថា ជារៀងរាល់ថ្ងៃ គាត់ត្រូវខិតខំរកនេះរកនោះមកធ្វើ ដើម្បីបានប្រាក់ខ្លះចិញ្ចឹមជីវិតខ្លួនឯង កូន និងចៅតូចៗដែលរស់នៅជាមួយគាត់ ហើយប្ដីរបស់គាត់ក៏បានស្លាប់បាត់បង់ជីវិតយូរមកហើយ។

គាត់រៀបរាប់បន្ដថា ពេលខ្លះគាត់ត្រូវចេញទៅស៊ីឈ្នួលច្រូតនិងក្រងស្បូវឱ្យគេ និងរកបានប្រាក់កម្រៃទុកគ្រាន់តែទិញចំណីអាហារហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។ អ្នកស្រីថា គាត់មិនសូវចេញទៅស៊ីឈ្នួលច្រូតស្បូវគេច្រើនទេ ដោយសារដៃខាងស្ដាំរបស់គាត់ក៏ភ្លាត់ពិការ ហើយមិនអាចធ្វើការបានយូរឡើយ។   

អ្នកស្រី ឃន ខន រៀបរាប់ថា៖ «រាល់តែថ្ងៃអត់មានធ្វើអីទេ ទៅតែច្រូតតែស្បូវហ្នឹង ខែវស្សាយើងទៅជួយច្រូតគេ ស្ទូងឱ្យគេ ស៊ីឈ្នួលគេអញ្ចឹងទៅ មួយខែអីទៅ ជួនកាលបាន៣ម៉ឺនរៀល ជួលកាលទៅច្រូត ជួលកាលក៏អត់ទៅ ព្រោះដៃវាឈឺ ដៃបាក់ផងនោះ»។

នៅពេលសួរដល់ផ្ទះនិងដីកំណើតរបស់គាត់នោះ អ្នកស្រី ឃន ខន បានប្រែទឹកមុខស្រពោន ទឹកភ្នែករលីងរលោង និងនិយាយទាំងដួលដើមកថា ដីផ្ទះរបស់គាត់ជាង៣ហិកតា ស្ថិតនៅភូមិខ្លោច​ ឃុំសំបុកចាប ស្រុកឱរ៉ាល់ ត្រូវបានក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គឺ ដាក់គ្រឿងចក្រឈូសឆាយចោលអស់តាំងពីឆ្នាំ២០១០មកម្ល៉េះ ដែលរហូតមកទល់ពេលនេះ គាត់នៅតែមិនទទួលបានការផ្តល់សំណងសមរម្យណាមួយឡើយ។

អ្នកស្រី ឃន ខន រៀបរាប់បន្តថា៖ «វែងឆ្ងាយណាស់លោកក្មួយអើយ តាំងពីបាត់បង់ដីហ្នឹងមក ប្ដីខ្ញុំក៏ស្លាប់ មានគោអំពែបន្ដិចបន្ដួច ខ្ញុំលក់អស់រលីង សល់តែខ្លួន ម៉្លោះហើយខ្ញុំដាច់ចិត្តមកសុំដីគេនៅ គេនឹកឃើញខ្ញុំអត់ បានគេឱ្យខ្ញុំមកនៅទីនេះ ឱ្យនៅសិន»។

អ្នកស្រី ឃន ខន រៀបរាប់បន្តថា ដីផ្ទះដែលគាត់កំពុងរស់នៅនេះគឺជាដីរបស់អ្នកជិតខាងដែលមានការអាណិតស្រឡាញ់គាត់ ហើយមើលឃើញគាត់ជាស្ដ្រីពុំមានទីពឹង ហើយគាត់នៅតែបន្ដទាមទារជាមួយពលរដ្ឋមានជម្លោះដីធ្លីផ្សេងទៀតផងដែរ។

គាត់អះអាងថា ក្រោយបាត់បង់ដីធ្លីអស់ គឺគ្រួសារអ្នកស្រីពុំមានដីសម្រាប់សង់ផ្ទះនិងបង្កបង្កើនផលឡើយ ដែលធ្វើឱ្យជំពាក់បំណុលធនាគារជាង៦ពាន់ដុល្លាររហូតមកដល់សព្វថ្ងៃ។

អ្នកស្រីនិយាយថា៖ «កាលពីខ្ញុំមិនទាន់បាត់បង់ដី គ្រួសារខ្ញុំរស់ស្រួល ចិញ្ចឹមគោបាន ចិញ្ចឹមមាន់បាន ចិញ្ចឹមទាបានទាំងអស់ ព្រោះយើងបានស្រូវ។ ដល់គេយកដីអស់ ខ្ញុំមានអីទៀត? មានគោតិចតួចលក់សងបំណុលគេអស់។ ព្រោះយើងជំពាក់ធនាគារ បើយើងមិនខ្ចីគេពេលឈឺម្តងៗ យើងបានលុយពីណាមើល។ បើយើងរកលុយឯកជន ការ[ប្រាក់]វាថ្លៃ»

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅឃុំត្រពាំងជោ លោក សឹង សុខុម មានប្រសាសន៍ថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅនៅខេត្តកំពង់ស្ពឺ ពលរដ្ឋមួយចំនួនបានបាត់បង់ដីធ្លីទាំងស្រុង។ លោកថា ក្រោយបាត់បង់ដីធ្លីអស់ ពលរដ្ឋទាំងនោះលែងមានដីជាកម្មសិទ្ធិផ្ទាល់ខ្លួន ខ្លះជំពាក់បំណុលគេ និងខ្លះទៀតចំណាកស្រុកទៅរកការងារធ្វើនៅតាមបណ្តាខេត្តផ្សេងៗ និងខ្លះទៀតចំណាកស្រុកទៅក្រៅប្រទេសតែម្ដង។

លោកបន្ថែមថា៖ «ហើយភាគច្រើនអ្នកដែលបាត់បង់អស់រលីងហ្នឹង អត់នៅតវ៉ាទេ។ ចេញទៅអស់ហើយ ចំណាកស្រុកចេញពីភូមិអស់ហើយ។ គាត់នៅធ្វើអីទៀត បើពួកគាត់អត់អីហូប បើដីគាត់អស់ហើយហ្នឹង។ រាល់ថ្ងៃអ្នកអស់ដីរលីងហ្នឹង នៅសល់ប្រហែល៤ទៅ៥គ្រួសារទេ»

បើតាមលោក សឹង សុខុម ជម្លោះដីធ្លីរវាងពលរដ្ឋនៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាមួយក្រុមហ៊ុនស្ករអំពៅនៅកំពង់ស្ពឺ គឺបច្ចុប្បន្នមានពលរដ្ឋ១ ១៤៧គ្រូសារទៀត នៅតវ៉ា និងមិនព្រមទទួលយកសំណង៥០០ដុល្លារក្នុងមួយគ្រួសារ តាមការកំណត់របស់ក្រុមហ៊ុននិងក្រសួងរៀបចំដែនដីឡើយ។

អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង មានប្រសាសន៍ថា អាជ្ញាធរមិនទាន់បិទបញ្ចប់ការដោះស្រាយវិវាទដីធ្លីនេះនៅឡើយទេ។ លោកថា អាជ្ញាធរនឹងកោះហៅពលរដ្ឋដែលសល់មកដោះស្រាយបន្ត ក្រោយបញ្ហាជំងឺកូវីដបានធូរស្បើយវិញ។

លោកបន្ថែមថា៖ «កុំឱ្យបារម្ភអី យើងនៅបន្តដោះស្រាយ។ ឥលូវនេះយើងដោះស្រាយបញ្ហាចំពោះមុខដែលកើតមានដោយសារជំងឺកូវីដសិន»

អ្នកស្រី ឃន ខន គឺជាអ្នកតវ៉ាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់គ្រួសារផ្សេងទៀតនៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញស៊ូហ្គឺ និងក្រុមហ៊ុនកំពង់ស្ពឺ ស៊ូហ្គឺ របស់លោកឧកញ៉ា លី យ៉ុងផាត់ ចាប់តាំងពីឆ្នាំ២០១០ ក្រោយក្រុមហ៊ុនទាំងនេះបានទទួលសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល៕

——————————————–

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ លោក សួស ចាន់ឌឿន

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។