កម្មករ​ស្នាក់​នៅ​បន្ទប់​ជួល​ប្រឈម​ដាច់​ស្បៀង​អាហារ​អំឡុង​បិទ​ខ្ទប់​នៅ​ទីក្រុង​ភ្នំពេញ​

ពលរដ្ឋរស់នៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទខ្ទប់តំបន់នេះបណ្ដោះអាសន្ន ក្រោយមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ (ហ្វេសប៊ុកអភិបាលរាជធានីភ្នំពេញ)

កម្មករ-កម្មការិនីរោងចក្រដែលកំពុងរស់នៅក្នុងបន្ទប់ជួល នៅរាជធានីភ្នំពេញ លើកឡើងថា ពួកគេប្រឈមដាច់ស្បៀងអាហារហូបចុក ដោយសារគ្មានលទ្ធភាពចំណាយទាំងអស់ដោយខ្លួនឯង បន្ទាប់ពីអាជ្ញាធរដាក់ចេញវិធានការហាមប្រាមមិនឱ្យពលរដ្ឋចេញក្រៅផ្ទះ និងវិធានការចុងក្រោយគឺបិទខ្ទប់រាជធានីភ្នំពេញនោះ។

កម្មការិនីរោងចក្រម្នាក់បម្រើការងារនៅក្រុមហ៊ុន​​ ហ្វ័រជូណា កញ្ញា ឃាន កុសល ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កម្មករោងចក្រជាច្រើនរយនាក់កំពុងបង្ខំចិត្តស្នាក់នៅក្នុងបន្ទប់ជួលរៀងខ្លួនៗ ដោយមិនហ៊ានចេញទៅក្រៅនោះទេ អំឡុងពេលរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងកំណត់តំបន់មួយចំនួនជា «តំបន់ក្រហម» ឬប្រឈមគ្រោះថ្នាក់ខ្ពស់បំផុត។

កញ្ញាក៏បានលើកឡើងអំពីផលលំបាកជាច្រើនលើកម្មករទាំងនោះនៅអំឡុងបិទខ្ទប់ ដូចជា កង្វះខាតស្បៀងអាហារហូបចុកប្រចាំថ្ងៃ និងការរ៉ាប់រងថ្លៃចំណាយទាំងអស់ដោយខ្លួន​ឯង និងប្រឈមឆ្លងជំងឺកូវីដ-១៩ នៅតំបន់ពួកគេស្នាក់នៅ។

កញ្ញា ឃាន កុសល បន្ដថា៖ «ទាក់ទងនឹងសេដ្ឋកិច្ច យើងត្រូវចំណាយទាំងស្រុង ទន្ទឹមការបិទខ្ទប់ គឺទំនិញឡើងថ្លៃ។ ក្រោយមកទៀតនេះ ថ្ងៃទី១៦ និងទី១៧ នៅក្នុងផ្ទះជួលមានការផ្ទុះឆ្លងកូវីដ-១៩ កម្មកររោងចក្រ និងមានក្រុមគ្រូពេទ្យចុះមកយកកំហាកដល់បន្ទប់ផ្ទះជួលបន្តទៀត។ ខ្ញុំក៏បានតេស្តលើកទី១ ប៉ុន្តែមិនទាន់បានទទួលលទ្ធផល គឺរង់ចាំ៣ ថ្ងៃសិន។ […] ពិតជាពិបាកណាស់ក្នុងពេលបិទខ្ទប់រាជធានីភ្នំពេញ យើងចេញក៏អត់កើត ហើយណាមួយយើងក៏អត់មានសេដ្ឋកិច្ច បើសម្រាប់គេអ្នកមាន គេស្រួលហើយ»

កម្មការិនីរោងចក្ររូបនេះលើកឡើងដែរថា ទោះបីជារដ្ឋាភិបាលស្នើឱ្យម្ចាស់ផ្ទះជួលបញ្ចុះតម្លៃបន្ទប់ជួល និងសម្រួលសេវាទឹកភ្លើងក៏ដោយ ក៏កម្មករត្រូវបង់ថ្លៃទឹកភ្លើងក្នុងតម្លៃដដែល ខណៈកម្មករខ្លះក៏ត្រូវបានព្យួរការងារជាបណ្ដោះអាសន្នផងនោះ។

កញ្ញាបន្ដថា៖ «ថ្លៃទឹកភ្លើងនៅដដែល ទឹកមួយគូប [តម្លៃ] ២៥០០ ទៅ ៣៥០០រៀល ប្រើច្រើនឱ្យច្រើន [ចំណាយកាន់តែច្រើន] គ្មានបញ្ចុះតម្លៃទៅទេ។ កម្មកររោងចក្រ ហ្វ័រជួណា ទទួលផលប៉ះពាល់ អ្នកឆ្លងកូវីដ-១៩ មាន៣០០នាក់ជាង ក្នុងចំណោម១ ០០០នាក់។ ប៉ុន្តែយើងធ្វើការអត់មានលុយគ្រប់គ្រាន់សម្រាប់ធ្វើការចំណាយជាអាហារឬជាស្បៀងសម្រាប់ទុកហូបទេ [ធ្វើការមួយខែសម្រាប់ចាយវាយមួយខែ]។ ចំណែកក្រុមហ៊ុនគេបានពន្យារពេលចូលធ្វើការវិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បើមានការប្រែប្រួលយ៉ាងណា ជូនដំណឹងពេលក្រោយ»។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា ពិតណាស់ នៅអំឡុងពេលបិទខ្ទប់នេះ កម្មកររោងចក្រ ពិតជាអាចប្រឈមការដាច់ស្បៀងអាហារហូបចុក ដោយសារតែពួកគេត្រូវសម្ងំនៅតែក្នុងបន្ទប់ជួល និងមិនមានប្រាក់ខែបម្រុងទុកដូចមុននោះទេ។

លោកមានប្រសាសន៍បន្ដថា បញ្ហាសេដ្ឋកិច្ចនិងអត់អាហារហូបចុក ក៏ប្រឈមខ្លាំងចំពោះកម្មករដែលអត់ការងារធ្វើឬត្រូវរោងចក្រព្យួរការងារបណ្ដោះអាសន្ន ខណៈពួកគេក៏មិនទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលឡើយ។

លោក អាត់ ធន់ បន្ដថា៖ «ពួកគាត់ត្រូវបន្តស្នាក់នៅក្នុងផ្ទះជួល ដូច្នេះគាត់ត្រូវការហូបចុក បង់ថ្លៃផ្ទះជួល ហើយមិនដឹងថាក្រុមហ៊ុនកាត់លុយគាត់ឬអត់ទេនៅក្នុងពេលបិទខ្ទប់នេះ។ ចំពោះអ្នកអត់ការងារធ្វើនោះ គឺអត់បានទទួលលុយរដ្ឋទេ លើកលែងតែអ្នកឈឺ អ្នកធ្វើចត្តាឡីស័ក ទើបបានរដ្ឋគេជួយ។ ទី៣ សុវត្ថិភាពនិងសតិអារម្មណ៍ធ្ងន់ធ្ងរសម្រាប់ពួកគាត់ អត់មានអីហូបផង ជំពាក់លុយគេផង ដល់មានជំងឺកូវីដ-១៩ គឺពួកគាត់ស្ត្រេសពេញតែម្តង»។

លោក អាត់ ធន់ លើកឡើងថា ភាគីរោងចក្រត្រូវជួយឧបត្ថម្ភគាំទ្រដល់ពួកគេ ដោយផ្ដល់ប្រាក់ខែដដែល និងមិនគួរកាត់បន្ថយប្រាក់ខែពីពួកគេនៅអំឡុងពេលនេះនោះទេ។

ម៉្យាងទៀត លោកថា រដ្ឋាភិបាលត្រូវបញ្ចេញកញ្ចប់ថវិកាជួយដល់កម្មករទាំងនោះ ព្រមទាំងឧបត្ថម្ភសម្ភារប្រើប្រាស់ ការហូបចុក និងការសម្របសម្រួលផ្សេងៗទៀតដល់កម្មកររោងចក្រដែលកំពុងជាប់នៅក្នុងបន្ទប់ជួល។  

លោកថា៖ «រដ្ឋគួរតែជជែកជាមួយក្រុមហ៊ុនអំឡុងពេល Lockdown [បិទខ្ទប់] មិនគួរបន្ថយលុយ ឬកាត់លុយឱ្យមិនគ្រប់ ឬមិនគិតឱ្យនោះទេ មានន័យថា ត្រូវផ្តល់លុយឱ្យគាត់ជាធម្មតាទៅ ព្រោះគាត់ត្រូវការរស់ ត្រូវការហូបចុក។ ទី២ រដ្ឋអាចបញ្ចេញថវិការបស់ខ្លួន ដើម្បីជួយដូចកន្លងមក តំបន់មួយចំនួនគួរតែរដ្ឋជួយខ្លះទៅ ដើម្បីឱ្យពួកគាត់មានថវិកាយកទៅប្រើប្រាស់»។

គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៦ ៨៩៩នាក់ និងមានអ្នកស្លាប់ចំនួន៤៩នាក់​។

ទាក់ទងព្រឹត្តិការណ៍សហគមន៍នេះ បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចជា បិទការធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ផ្អាកការជួបជុំឬប្រមូលផ្ដុំគ្នាលើសពី២នាក់ បិទការចរាចរគ្រឿងស្រវឹងទូទាំងប្រទេស ព្រមទាំងវិធានការច្បាប់មួយចំនួនដែលដាក់ទោសចំពោះអ្នកបំពានវិធានការសុខាភិបាលនិងរដ្ឋបាល៕


ពលរដ្ឋសារព័ត៌មាន លោក ហ៊ត គឹមហ៊ាត

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។